ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាត់ផ្លូវជាតិលេខ73 ក្រចេះ-ស្រុកឆ្លូង​បើកឱ្យប្រើប្រាស់ ក្រោយ​ពី​ស្ថាបនា​អស់រយៈ​ពេល​8​ឆ្នាំ​

12 ឆ្នាំ មុន

ខេត្តក្រចេះ ៖ កំណាត់ផ្លូវជាតិលេខ៧៣ ក្រចេះ-ស្រុកឆ្លូងតភ្ជាប់ទល់នឹងផ្លូវជាតិលេខ៧ ត្រង់ចំណុចព្រះធាតុ ស្រុកតំបែរ ខេត្តកំពង់ចាម ដែលបានចាប់ផ្តើមស្ថាបនា​រយៈពេល៨ឆ្នាំ និងត្រូវចំណាយថវិការអស់ជាង១៦លានដុល្លារ​រហូតមកដល់ពេលនេះគឺស្ថាបនា​រួច​ ១០០ភាគ​រយ និងត្រូវសម្រេចឲ្យមានការប្រើប្រាស់ជា​បណ្តើរៗ​

ខេត្តក្រចេះ ៖ កំណាត់ផ្លូវជាតិលេខ៧៣ ក្រចេះ-ស្រុកឆ្លូងតភ្ជាប់ទល់នឹងផ្លូវជាតិលេខ៧ ត្រង់ចំណុចព្រះធាតុ ស្រុកតំបែរ ខេត្តកំពង់ចាម ដែលបានចាប់ផ្តើមស្ថាបនា​រយៈពេល៨ឆ្នាំ និងត្រូវចំណាយថវិការអស់ជាង១៦លានដុល្លារ​រហូតមកដល់ពេលនេះគឺស្ថាបនា​រួច​១០០ភាគ​រយ និងត្រូវសម្រេចឲ្យមានការប្រើប្រាស់ជា​បណ្តើរៗ​ហើយ។

នៅ​ព្រឹកថ្ងៃទី២១ កក្កដា មន្រ្តីនៃមន្ទីរ​សាធា​រណ​ការខេត្តដឹកនាំដោយលោក​ស្រេង ស្រស់ ប្រធានមន្ទីរ លោក​ស្រី សាខុន អនុប្រធានមន្ទីរ រួមទាំងមន្ត្រីជំនាញជាច្រើនរូបទៀត បានចុះទៅ ពិនិត្យលើកំណាត់ផ្លូវជាតិក្រាលកៅស៊ូ​ក្រចេះ-ស្រុកឆ្លូង ដែលមានប្រវែង៤៣គីឡូម៉ែត្រ ​ដែល​បាន​ស្ថាបនារួចនិងកំពុងតែបើក​ឱ្យប្រើប្រាស់​ជា​បណ្តើរៗទៅហើយនោះ។

លោក​ស្រេង ស្រស់ ប្រធានមន្ទីរសាធារណ​ការ​ខេត្តបានថ្លែងថា ផ្លូវជាតិលេខ៧៣ អតីតផ្លូវ ៣០៨​ ប្រវែង៩៣គីឡូមែ៉ត្រ ពីទីរួមខេត្តក្រចេះ ដល់​ព្រះធាតុ ដោយ​ឡែក​ក្នុងទឹក​ដីខេត្តក្រចេះ ពី​ស្ពាន​កំពង់​រាំងស្រុកឆ្លូង មកទល់នឹងទីរួមខេត្ត មាន​ប្រវែង៤៣គីឡូមែ៉ត្រ ក្នុងនោះ​មាន​ស្ពាន​ចំនួន​១៣​កន្លែងស្ពានបេឡេ​ត៍​៦កន្លែង និង​ស្ពាន​បេតុង​៧កន្លែង ហើយផ្លូវជាតិ​នេះបានចាប់ផ្តើម សាង​សង់​ក្នុងឆ្នាំ២០០៣ រហូតមក​ដល់ពេល​នេះ​បាន​សម្រេច១០០% ដោយត្រូវ​ចំណាយ​ថវិកា​ជាតិ​អស់ចំនួនជាង១៦​លាន​​ដុល្លាសហ​រដ្ឋ​អាមេរិក។

លោកប្រធានមន្ទីរមានប្រសាសន៍បន្តថា អនុ​វត្តតាមបទដ្ឋានរបស់ក្រសួងសាធា​រណ​ការ កំណាត់ផ្លូវជាតិក្រាលកៅស៊ូនេះ បាន​សាង​សង​់​ជា​ប្រភេទផ្លូវកៅស៊ូ DBST មានទទឹង​ប្រវែង​៦​ម៉ែត្រ​​ទៅ៧ម៉ែត្រ និងប្រភេទ SBST ១​ម៉ែត្រ​សងខាង។
ជាមួយគ្នានេះ លោកប្រធានមន្ទីរបាន​ថ្លែង​អំណរគុណដល់​សម្តេចនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ​ដែល​លោកបាន​ខិត​ខំអភិវឌ្ឍន៍​គ្រប់ទី​កន្លែង ជាក់ស្តែងកំណាត់​ផ្លូវ​ជាតិ៧៣​នេះ កាល​ពីមុន​​ប្រជាពលរដ្ឋធ្វើ​ដំណើរ​ទៅ​មកមានការ​ពិបាក​ តែពេល​នេះ គឺមានផ្លូវ​ជាតិ​ក្រាលកៅស៊ូ និង​ស្ពាន​ស្រស់ស្អាត ហើយ​លោក​​សុំឲ្យប្រជាពលរដ្ឋ​ជា​អ្នកធ្វើដំណើរ ពេល​មាន​ផ្លូវស្អាតហើយកុំបើក​បរ​លឿនពេក​ជា​ហេតុ​បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ជាយ​ថា​ហេតុ​។ 
គួររំលឹក​ថា កំណាត់ផ្លូវជាតិនេះ​កាល​ពី​មុន​ពេល​ស្ថាបនា គឺបង្ករកាពិបាកធ្វើដំណើរ​ទៅ​មក​របស់​អ្នកធ្វើដំណើរ ជាពិសេសប្រជា​ពលរដ្ឋតាម​បណ្តាមូលដ្ឋាន ដោយសារតែ​កំណាត់ផ្លូវ​ជាតិនេះ ជារៀងរាល់ឆ្នាំគឺប្រឈម​មុខ​ទៅនឹងការលិចលង់​ពី​ទឹក​ទន្លេមេគង្គ ហើយការ​ធ្វើដំណើរត្រូវឆ្លងទូក​ជា​ច្រើនតំណាក់កាល។ រីឯអ្នកធ្វើដំណើរ​គ្រប់​មធ្យោ​បាយត្រូវសម្រេចចិត្តធ្វើដំណើរតាម​ផ្លូវ​ជាតិលេខ៧ ដើម្បីឆ្ពោះទៅកាន់ខេត្តនៅតាម​ភូមិ​ភាគឦសាន គឺត្រូវចំណាយពេលយូរ​ និង​សោហ៊ុយ​​ច្រើន​ផង​ ក្នុង​ការ​ធ្វើដំណើរ។

បុរសឈ្មោះ​មួង សំអេន អាយុ៤២ឆ្នាំ ជា​ប្រជា​ពលរដ្ឋរស់នៅ​ភូមិព្រែកតាថឹង ឃុំបុស​លាវ ស្រុកចិត្តបុរី ជាប្រជាពលរដ្ឋម្នាក់ក្នុង​ចំណោម​ប្រជាពលរដ្ឋជាច្រើនទៀត ដែល​មាន​ទីលំនៅជាប់នឹងកំណាត់ផ្លូវជាតិលេខ​៧​៣ បាន​សម្ដែង​នូវ​សេចក្តីត្រេកអរយ៉ាងខ្លាំង ខណៈ​ពេលដែលរាជរដ្ឋាភិបាលមានសម្តេចអគ្គ​មហាសេនាបតីជាប្រមុខបានផ្តល់ផ្លូវជាតិមួយ​ខ្សែរដ៏ថ្មី​សន្លាង​នេះសំរាប់ឲ្យពួកគាត់ធ្វើ​ដំណើរ ហើយប្រជាពលរដ្ឋបានរំពឹងទុកថា ចាប់​ពី​ពេលនេះតទៅមុខ​មិនថា​ក្នុង​រដូវវស្សា ឬ​រដូវ​ប្រាំង​​ទេ រាល់​​ការ​ធ្វើដំណើររបស់ពួកគាត់គឺមិនចាំ​បាច់​​ឆ្លងទូកទៅ​មកនោះទៀតឡើយ៕