ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករលក់​ដូរ​​លើ​ដង​ផ្លូវ​​​លេខ235ខាងកើតផ្សារ​ដើមគ​​​ជំទាស់ការដាក់​លូ

12 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​អាជីវករលក់​ដូរ​លើ​ដង​ផ្លូវ​​លេខ២៣៥​ ​ខាងកើត​ផ្សារដើមគ​ ស្ថិត​ក្នុង​សង្កាត់​​​ផ្សារ​​ដើមគ​​ បាន​ទទូច​​មិន​​ឱ្យ​អាជ្ញាធរ​​ដាក់​លូ​​​រំដោះ​​​ទឹកដោយ​​សំអាង​​ហេតុផល​​ថា ​​ការ​ដាក់​លូ​​​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់​ការ​​លក់​ដូរ​របស់ពួក​គាត់​​​ នៅ​លើ​ទ្រូង​ផ្លូវ​ ។ នេះជា​សំណូម​ពរ​របស់​អាជីវករ​នៅក្នុង​​ឱកាស​ជួប​ប្រជុំ​ជាមួយ​​អាជ្ញាធរ​ ខណ្ឌ​

រាជធានីភ្នំពេញ ៖ ​អាជីវករលក់​ដូរ​លើ​ដង​ផ្លូវ​​លេខ២៣៥​ ​ខាងកើត​ផ្សារដើមគ​ ស្ថិត​ក្នុង​សង្កាត់​​​ផ្សារ​​ដើមគ​​ បាន​ទទូច​​មិន​​ឱ្យ​អាជ្ញាធរ​​ដាក់​លូ​​​រំដោះ​​​ទឹកដោយ​​សំអាង​​ហេតុផល​​ថា​​ការ​ដាក់​លូ​​​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​​​ដល់​ការ​​លក់​ដូរ​របស់ពួក​គាត់​​​នៅ​លើ​ទ្រូង​ផ្លូវ​ ។ នេះជា​សំណូម​ពរ​របស់​អាជីវករ​នៅក្នុង​​ឱកាស​ជួប​ប្រជុំ​ជាមួយ​​អាជ្ញាធរ​ខណ្ឌ​ទួល​គោក​ ​នៅ​សាលា​ខណ្ឌ​កាលពីរសៀល​ថ្ងៃទី​​​២១ កក្កដា ក្រោម​អធិបតីភាព​លោក​​ធឹម សំអាន អភិបាល​​រងខណ្ឌ​​ ក្នុង​​គោល​បំណង​​​សម្រប​សម្រួល​រកវិធី​ដោះ​ស្រាយ​​​ជូន​​​អាជីវករ​ ដែល​បាន​​ធ្វើ​ការ​តវ៉ា ។

គួរបញ្ជាក់​​ថា កាលពី​​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ២០១១​ មាន​អាជីវករ​ប្រមាណ​​៥០នាក់ ​​ដែល​អះអាង​ថា​ជា​តំណាង​​ឱ្យ​អាជីវករ​​​ប្រមាណ​​៣០០​​នាក់ លក់​ដូរលើ​ដង​ផ្លូវ​​លេខ​២៣៥ ខាងកើត​ផ្សារ​ដើមគ​ ​បាននាំគ្នា​ទៅ​​ក្រោម​ដើមពោធិ៍​មុខ​វត្ត​បទុម​​វតី​ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​​​ពីសម្តេច​​អគ្គ​មហា​សេនាបតីតេជោ​​ហ៊ុន សែន ​ដើម្បី​ឱ្យ​បាន​​លក់​ដូរលើ​ទីតាំងដើម​ដដែល ។ ការ​ទាម​ទារ​នេះ ​គឺបន្ទាប់​ពី​​សាលា​សង្កាត់​​​ផ្សារ​​ដើមគ ​​ចេញ​សេចក្តី​ជូនដំណឹង​​​ដល់​បងប្អូន​​ប្រជាពលរដ្ឋ​មាន​​​លំនៅ​ឋាន​​​តាម​ផ្លូវ​លេខ២៣៩​ ផ្លូវ​លេខ២៣៥ ​ផ្លូវ​លេខ​២៧២​ ក្នុង​សង្កាត់​​​ផ្សារ​ដើម​គ ពី​​គម្រោង​​​ដាក់​​ប្រព័ន្ធ​​លូ​ថ្មី​ ព្រម​ទាំង​​សូម​ឱ្យ​​​ប្រជាពលរដ្ឋ​​​រុះ​រើ​សំណង់​​ទាំងឡាយ​​ចេញ​​​ឱ្យ​បាន​មុន​ថ្ងៃ​ទី​១៥ ខែ កក្កដា ​ឆ្នាំ២០១១ ​និង​បាន​ដឹកនាំ​​កម្លាំង​​ចុះ​ទៅ​រុះរើ​​កាលពី​ព្រឹក​ថ្ងៃទី​១៨កក្កដា តែត្រូវ​​អាជីវករ​រារាំង​ ។

សូម​​រំលឹក​ថា ការ​ទាមទារ​សុំ​លក់​​នៅ​លើ​ដង​​ផ្លូវ​​​នេះ​ត្រូវ​​បាន​សាលា​​រាជធានីភ្នំពេញ​​​​​អនុញ្ញាត​​ឱ្យ​លក់​ដូរជា​បណ្តោះ​អាសន្ន​​​រួចហើយ​​​រង់​ចាំ​អាជ្ញា​​ធរ​​​ដោះ​ស្រាយ​​រក​កន្លែង​លក់​ដូរ​​ថ្មី​នៅ​សង្កាត់​ព្រៃស​​ ខណ្ឌដង្កោ តែអ្វី​ដែលកំពុង​ប្រឈម​មុខ​​គឺ​អាជីវករ​បាន​សំណូម​ពរ​មិន​ឱ្យ​​ដាក់​លូ​ ដែល​គម្រោង​អភិវឌ្ឍ​ន៍​សង្កាត់​​ឆ្នាំ២០១១​ត្រូវ​បាន​សិក្សា​​រួច​រាល់​​​ហើយ​នោះ ។
លោក​គង់ សុផាន់ ចៅ​សង្កាត់​​​ផ្សារ​​ដើម​គ​បាន​​ឱ្យ​ដឹងថា នៅឆ្នាំ២០១១​ តាម​គម្រោង​អភិ​វឌ្ឍន៍​សង្កាត់​គឺ​​ដាក់​ប្រព័ន្ធ​​លូ​ចំនួន​៣ខ្សែ​​ ដែល​មាន​​​មុខកាត់​​០,៥០​ម៉ែត្រ ​​ដើម្បី​រំដោះ​​ទឹកដែល​មាន​​ប្រវែង​៦៤០​ម៉ែត្រ​​ ។ ដោយ​ឡែក​​ នៅ​​តាម​ផ្លូវ​លេខ២៣៥​ មាន​ប្រវែង​២០០​ម៉ែត្រ​ ហើយ​មាន​​ការ​​ប៉ះពាល់​​តូប​អាជីវករ​លក់​ដូរ​​លើ​ដង​ផ្លូវ​ ​ប្រវែង​​៥០​ម៉ែត្រ​ដែល​ក្នុង​នោះ​មាន​​តូប​ប្រមាណ​​​៨​ប៉ុណ្ណោះ ។ លោក​ចៅសង្កាត់​​​បាន​បន្ត​ទៀត​ថា មុន​នឹង​ធ្វើ​ការ​​អភិវឌ្ឍ​​គឺ​មានការ​​សិក្សា​​គម្រោង​យ៉ាង​ច្បាស់​​​​លាស់ និងបាន​​ដាក់​ដេញ​​ថ្លៃ​​នៅ​សាលា​​ខណ្ឌ​ ​​​​ព្រម​ទាំង​ជូន​ដំណឹង​​ដល់​បងប្អូន​​​ត្រឹម​ត្រូវ​​តែត្រូវ​បាន​អាជីវករ​លក់​ដូរលើ​ដង​ផ្លូវ​​​លេខ​​២៣៥​​ជំទាស់ ។

នៅក្នុង​​ការជួប​ប្រជុំ​នោះ​ អាជីវករ​ទាំងអស់​​ក៏​បាន​​​សំណូម​ពរ​ដល់​អាជ្ញាធរមិន​ឱ្យ​​ដាក់​​ប្រព័ន្ធ​លូ​​នោះ ដោយ​​​សំអាង​​​ហេតុផល​​​ថាធ្វើ​ឱ្យ​​មាន​ការ​ប៉ះពាល់​ដល់​ការ​លក់​ដូររបស់​ពួកគាត់​។ ​លោក​ធឹម សំអាន អភិបាល​រងខណ្ឌ​ទួល​គោក​​​ ឱ្យ​ដឹង​ថា ការជួប​ប្រជុំ​ជាមួយ​អាជីវករ​​​នៅ​​​ពេល​នេះ​​​គឺ​ដើម្បី​​ពិភាក្សា​​រកវិធី​ដោះ​ស្រាយ​​​ដំណើរ​ការ​អភិវឌ្ឍន៍ដាក់​ប្រព័ន្ធ​​​លូ​ ព្រោះ​ទីក្រុង​យើង​តម្រូវ​​ឱ្យ​មាន​ការ​អភិវឌ្ឍ​កាន់​​តែ​ប្រសើរ​​ឡើង ។ ​លោក​​អភិបាលរង​​​ខណ្ឌ​ក៏​បាន​សំណូម​ពរ​ដល់​​អាជីវករ​ឱ្យ​ជួយ​សម្រួល​​ដល់​ការ​ដាក់​លូ​​​នេះ​ រួច​​​ហើយ​អាច​លក់​ដូរ​បាន​ជា​បណ្តោះអាសន្ន​​រង់​ចាំ​សាលា​រាជធានីភ្នំពេញ​ដោះ​​ស្រាយ​​រកកន្លែង​​​ថ្មី​ឱ្យ​លក់​ដូរ​​​បាន។​ ទោះបីជាយ៉ាងណា ​អាជីវ​ករ​​នៅ​តែ​​ប្រកាន់​​ជំហរ​​មិនយល់​ព្រម​​​ឱ្យ​រុះរើ​​​តូប​​ ហើយ​ទាមទារ​សុំ​​​មិន​ឱ្យ​​ដាក់​ប្រព័ន្ធ​លូ ។

លោក​ធឹម សំអាន ​ក៏​បាន​​សំណូម​ពរ​​ដល់​អាជីវករត្រូវ​​រង់​ចាំ​លោក​រាយ​ការណ៍​ទៅ​សាលា​រាជធានីភ្នំពេញ​​សិន ​ដើម្បី​សុំ​គោល​ការណ៍​ដោះ​ស្រាយ​បន្ត។ យ៉ាង​ណា​ក៏ដោយ​ ការអភិវឌ្ឍ​ដាក់​​ប្រព័ន្ធ​លូ​​មិន​អាច​អត់​បានទេ​​ព្រោះ​ប្រជា​ពល​រដ្ឋ​រស់​នៅ​តំបន់​ផ្សារដើមគ​ត្រូវ​​​ការ​លូ​រំដោះ​ទឹក ៕