ខេត្តកំពត ៖ ប្រហែលជាមិនខុសនោះទេ ដែលថា អ្នកប្រកបរបរដូចគ្នាច្រើនតែមិនត្រូវគ្នា។ ជាក់ស្តែង ថៅកែរោងម៉ាស៊ីនកិនថ្ម២កន្លែង ដែលរកស៊ីកិនថ្មនៅស្រុកកំពង់ត្រាច បានកើតជម្លោះដណ្តើមទីតាំងដាក់ម៉ាស៊ីនកិនថ្មដូចគ្នា ។ ថៅកែរោងម៉ាស៊ីនកិនថ្មទាំង២នាក់នោះ ម្នាក់ឈ្មោះបារាំង និងម្នាក់ទៀតឈ្មោះមេង ផុក ហៅទី រស់នៅភូមិកំពង់ត្រាចដូចគ្នា ។ ពួកគេម្នាក់ៗមានមុខរបរធ្វើថៅកែកិនថ្ម លក់ទៅឱ្យអតិថិជនធ្វើសំណង់ក្នុងម្នាក់ៗប្រកបរបរនេះរយៈពេល២០ឆ្នាំហើយ ។
តាមការឱ្យដឹងពីមន្ត្រីសាលាស្រុកម្នាក់និយាយថា តាបារាំង ថៅកែរោងម៉ាស៊ីនកិនថ្មដាក់នៅខាងត្បូងភ្នំកំពង់ត្រាច តែដោយមានសំណូមពរពីពលរដ្ឋថា មានការប៉ះពាល់ដល់ការរស់នៅ ព្រោះផ្សែងថ្មហុយខ្លាំងពេក អាជ្ញាធរស្រុកបានឱ្យថៅកែឈ្មោះបារាំង នោះប្តូរទីតាំងមកដាក់ខាងកើតភ្នំវិញម្តង ។ ពេលយកម៉ាស៊ីនទៅដាក់នៅទីនោះ ស្រាប់តែឈ្មោះផុក ហៅទី បានជំទាស់មិនឱ្យថៅកែឈ្មោះបារាំង យកម៉ាស៊ីនកិនថ្មទៅដាក់ក្បែរគ្នាទេ ដោយលោកធ្លាប់បានប្រាប់អាជ្ញាធររួចហើយ ព្រោះដីនោះគឺជាអតីតទីតាំងរបស់ខ្លួនធ្លាប់ដាក់ម៉ាស៊ីន ។ ដោយសារតែការជំទាស់មិនមានប្រសិទ្ធភាពពេលដែលក្រុមកម្មករកំពង់សាងសង់រោង ស្រាប់តែឈ្មោះផុក ហៅទី បានបញ្ជាឱ្យកម្មករបើករថយន្តរបស់ខ្លួន បំបុករោងម៉ាស៊ីនរបស់ថៅកែឈ្មោះបារាំង នោះកម្ទេចចោលនៅវេលាម៉ោង៣រសៀលថ្ងៃទី៦ មីនា។
មុនពេលបើកបុករោងម៉ាស៊ីន កម្មករ២នាក់របស់តាបារាំង ត្រូវបានចុះពីលើដំបូលយ៉ាងទាន់ហន់ផងដែរ ។ ទាក់ទងនឹងជម្លោះនេះ តាបារាំង និយាយថា ការដាក់ទីតាំងម៉ាស៊ីននេះគឺចៅហ្វាយស្រុកជាអ្នកចង្អុលបង្ហាញឱ្យដាក់នៅទីនោះ ហើយដីនោះក៏ជាដីរដ្ឋផងដែរមិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់ទេ ។ តាបារាំង បន្តថា ឥឡូវនេះលោកដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យជួយចាត់ការតាមនីតិវិធី។ ពាក់ព័ន្ធករណីខាងលើ តាបារាំង បានចោទថា ឈ្មោះទី បានប៉ុនប៉ងបើករថយន្តបុកលោក តែមិនសម្រេច ។ ចំណែកឈ្មោះមោង ផុក វិញ និយាយថា មូលហេតុដែលគេបញ្ជាឱ្យបើករថយន្តបុករោងម៉ាស៊ីននោះ ព្រោះខឹងនឹងឈ្មោះបារាំង ដែលគេឱ្យសាងសង់ទីតាំងដាក់ម៉ាស៊ីន ហើយនៅតែមានទំនាស់ ឯការចោទថា បើករថយន្តប៉ុនប៉ងធ្វើឃាតនោះគឺជារឿងមិនពិតទេ ព្រោះនៅមុនពេលកើតហេតុរូបលោក និងឈ្មោះបារាំង ម្នាក់ជិះម៉ូតូ ម្នាក់ជិះរថយន្តបើកបញ្ច្រាសគ្នានៅកន្លែងផ្សេង ។
លោកពេជ្រ សុខា ប្រធានការិយាល័យឧស្សាហកម្មរ៉ែ និងថាមពលស្រុកមានប្រសាសន៍ថា ឈ្មោះផុក ហៅទី មានរោងម៉ាស៊ីនកិនថ្មនៅ មុខមន្ទីរពេទ្យស្រុក ឯឈ្មោះបារាំង ក៏មានរោងម៉ាស៊ីននៅជិតគ្នាប្រមាណ១០០ម៉ែត្រ ដូច្នេះស្រុកក៏បានសម្រេចឱ្យថៅកែម៉ាស៊ីនទាំង២នេះដាក់ឱ្យឆ្ងាយពីគ្នា ព្រោះកន្លងមកមានការប្តឹងមកស្រុកថា រោងម៉ាស៊ីនទាំងនេះបង្កផលប៉ះពាល់ ។ លោកប្រធានការិយាល័យឧស្សាហកម្មបន្តថា ភាគីទាំងពីរកើតមានជម្លោះមិនទាន់ដោះស្រាយគ្នាទេ ព្រោះថ្ងៃ៨ មីនា នេះជាថ្ងៃសម្រាកសិទ្ធិនារីអន្តរជាតិ ៕
ចែករំលែកព័តមាននេះ