ខេត្តរតនគិរី ៖ គ្រោងឆ្អឹងសាកសពក្មេងប្រុសបាត់ខ្លួនដោយជំនន់ទឹកភ្លៀងកាលពីកន្លងទៅនៅស្រុកអូរជុំ ឥឡូវបានរកឃើញម្នាក់ទៀតហើយនៅវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ នេះបើយោងតាមប្រភពពីមន្ទីរព័ត៌មានខេត្តរតនគិរី ។

ក្រុមការងារ និងប្រជាពលរដ្ឋចំនួន៧៦នាក់ នៅតែបន្តស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួនចំនួន៤នាក់ ដោយជំនន់ទឹកភ្លៀងហូរកួចយកទៅបាត់ កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ មកទល់និងពេលនេះ បានរកឃើញសាកសពម្នាក់ទៀតហើយ ។
លោក គៀង តុលា អភិបាលស្រុកអូរជុំបានឲ្យដឹង នៅថ្ងៃទី១៣ វិច្ឆិកា ថា លោកបានដឹកនាំក្រុមការងារចុះទៅពិនិត្យទីតាំងរកឃើញសាកសពករណីសង្ស័យថា ជាសាកសព ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ គ្រោះមហន្តរាយហូរកួចយកទៅបាត់ កាលពីយប់ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យប្រជាពលរដ្ឋ២គ្រួសារ ចំនួន៥នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី២នាក់បានបាត់ខ្លួន រកឃើញ១នាក់(អាយុ៥៨ឆ្នាំ)ឥឡូវទើបរកឃើញ១នាក់ទៀត ដោយមន្ត្រីជំនាញ និងបងប្អូនអះអាងថា ជាសាកសពក្មេងដែលបាត់ខ្លួន ក្នុងចំណោមមនុស្ស៤នាក់ ដែលបានបាត់ខ្លួនពិតមែន។

លោក គៀង តុលា បានបញ្ជាក់ទៀតថា សាកសពដែលរកឃើញមានឈ្មោះ ភ័ក្រ មុន ភេទប្រុស អាយុ៧ឆ្នាំ ជនជាតិទំពួន មានទីលំនៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។ ក្នុងនោះ បានប្រគល់សាកសពទៅឲ្យឈ្មោះ ធី អាន អាយុ៤៦ឆ្នាំ ត្រូវជាសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ លោកថា ទីតាំងរកឃើញគ្រោងឆ្អឹងសាកសពនៅត្រង់ចំណុចអូរចិលពីទីតាំងកើតហេតុប្រហែល៣គីឡូមែត្រ ស្ថិតនៅក្នុងភូមិកាំ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ។
សាកសពចំនួន៣នាក់ទៀត នៅមិនទាន់រកឃើញនៅឡើយទេ ខណៈពេលនេះអាជ្ញាធរស្រុកនិងប្រជាពលរដ្ឋនៅតែបន្តរុករកជនរងគ្រោះបន្តទៀត ដោយឃើញទឹកនៅតាមអូរមួយចំនួនបានស្រកទៅវិញ យើងនិងស្រួលស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួន៕



ចែករំលែកព័តមាននេះ