ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ និង​ជា​ហត្ថលេខី​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អម​ដោយ​វត្តមាន​ចូលរួម​លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េ​ង អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប និង​ជា​ប្រធាន​សមាគម​សិល្ប​:​ករ​ខ្មែរ នៅ​អគារ​វី​ង​ថៅ​វើ ដើម្បី​បង្កើត​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ដែល​ផ្ដោត​លើ​ការ​ពង្រឹង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា លើកកម្ពស់​ឱកាស​ការងារ លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ និង​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល និង​ជំរុញ​កិច្ចសហការ​យ៉ាង​មាន​ប្រសិទ្ធភាព​រវាង​ភាគី​ទាំង​ពីរ ​។

ថ្លែង​ក្នុង​ពិធី​នេះ អ្នកឧកញ៉ា គិត ម៉េ​ង បាន​លើក​ឡើង​ពី​កត្តា​សុខ​សន្តិភាព បាន​ផ្ដល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប មាន​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍ​រីក​ចម្រើន​ទាំង​ការ​កសាង​ធនធានមនុស្ស ដែល​ជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន ដើម្បី​ធានា​បាន​ថា កម្លាំង​ពលកម្ម​អាច​ឆ្លើយ​តប​ទៅ​នឹង​បម្រែបម្រួល​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា ដែល​រហូត​មក​បច្ចុប្បន្ន​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប មាន​បុត្រ​សម្ព័ន្ធ​លើ​វិស័យ​ជា​ច្រើន​ចំនួន​២២ ក្រុមហ៊ុន​។ អ្នកឧកញ៉ា ក៏​បាន​បង្ហាញ​ពី​ក្តី​រីករាយ​ដោយ​បាន​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល ជា​ពិសេស​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវ​: ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន រួម​ទាំង​សកម្មភាព​ជួយ​ការងារ​សង្គម និង​ការងារ​មនុស្សធម៌​ជា​ច្រើន ដើម្បី​ជួយ​ដល់​កម្មករនិយោជិត និង​ប្រជាជន​កម្ពុជា ​។

នា​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ហេង សួរ បាន​ថ្លែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កា​រវិ​វត្ត​រីក​ចម្រើន​ឥត​ឈប់​ឈរ​របស់​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប ក្រោម​ការ​ដឹកនាំ​របស់​អ្នកឧកញ៉ា ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ជនជាតិ​ខ្មែរ​ដ៏​ធំ​ជាងគេ​មួយ​ចាប់ផ្តើម​ដំបូង​នៅ​កម្ពុជា រហូត​បង្កើត​បាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជា​ច្រើន និង​បាន​ផ្តល់​ឱកាស​ការងារ​ជា​ច្រើន​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​បាន​ចូលរួម​ទាក់ទាញ​វិនិយោគទុន​ថ្មី​ៗ​ជា​ច្រើន​មក​កម្ពុជា​ជា​បន្តបន្ទាប់ ហើយ​ក៏​មានការ​នាំ​មក​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​សម្រាប់​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ ​។

ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​សង្កត់ធ្ងន់​លើ​សារ​:​សំខាន់ ការ​រក្សា​បាន​នូវ​សន្តិភាព គឺជា​ការ​រក្សា​បាន​នូវ​ក្តី​ស​ង្ឈឹ​ម និង​ការ​អភិវឌ្ឍ​។ កន្លង​មក​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប បាន​សហការ​ជាមួយ​ក្រសួង​ការងារ​ជា​បន្តបន្ទាប់ ក្នុង​ការ​ជួយ​សម្រួល​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​របស់​ក្រសួង ការ​ផ្សព្វផ្សាយ និង​ផ្តល់​ឱកាស​ការងារ​ជាដើម​។ ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នា​ពេល​នេះ គឺជា​ការ​លើកកម្ពស់​ភាព​ជា​ដៃគូ​រវាង​ស្ថាប័ន​ទាំង​ពីរ​ឱ្យ​កាន់តែ​មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ចូលរួម​ចំណែក​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​ពង្រឹង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ឆ្លើយ​តប​ទៅ​នឹង​ទស្សនវិស័យ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​កំណត់​យក​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​អាទិភាព​ចំបង ​។

ទាំង​ឯកឧត្តម​រដ្ឋមន្ត្រី និង​អ្នកឧកញ៉ា សុទ្ធតែ​មាន​ទស្សន​រួម​គ្នា​ថា បើ​ចង់ឱ្យ​គ្រួសារ​មួយ ក្រុមហ៊ុន ឬ​ស្ថាប័ន​មួយ​រីក​ចម្រើន​ទៅ​បាន ត្រូវការ​ចាំបាច់​នូវ​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ​វិជ្ជាជីវ​: វិវត្តន៍​តាម​ទាន់​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា មិន​អាច​ពឹងផ្អែក​លើ​ចំណេះដឹង និង​ជំនាញ​ដែល​ខ្លួន​មាន​ពី​មុន​ទេ ត្រូវ​អភិវឌ្ឍ​ខ្លួន​ជា​ប្រចាំ​ដើម្បី​បង្កើន​ជំនាញ (upskilling) និង​ផ្លាស់​ប្តូរ​ជំនាញ​(Reskilling)​ ។

ជា​ចុង​ក្រោយ ឯកឧត្តមរ​ដ​មន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប ដែល​បាន​ចាប់​យក​ក្រសួង​ជា​ដៃគូ​សហការ ដោយ​បញ្ជាក់​ថា ការ​ចុះ​អនុស្សរណៈ​នា​ពេល​នេះ មិនមែន​ដើម្បី​ប្រយោជន៍​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប តែឯង ឬ​ក៏​មិនមែន​ដើម្បី​ប្រយោជន៍​របស់​ក្រសួង​ទេ ប៉ុន្តែ​ដើម្បី​បង្កើន​ភាព​ជា​ដៃគូ​យ៉ាង​ជិត​ស្និទ្ធ​ថែម​ទៀត ក្នុង​ការ​រួម​គ្នា​ផ្តល់​ជា​ប្រយោជន៍​សម្រាប់​បងប្អូន​កម្មករនិយោជិត យុវជន សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ស្មារតី​ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ជួយ​រក​ការងារ​ឱ្យ​ខ្មែរ​ ៕ អត្ថបទសហការ