ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្តស្នេហ៍ផ្លូវកង់អង្គរ ! ចំនួនភ្ញៀវទេសចរជិះកង់ទស្សនាប្រាសាទអង្គរមានការកើនឡើងគួរឱ្យកត់សម្គាល់

4 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា សង្កេត​ឃើញ​ថា ចាប់​តាំង​តែ​ពីក្រោយ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​បាន​ស្ងប់ស្ងាត់​មក​ចំនួន​ភ្ញៀវ​ទេសចរ ដែល​និយម​ជិះ​កង់​ទស្សនា​ប្រាសាទ​នានា​នៅ​វង់​តូច និង​វង់​ធំ មាន​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា សង្កេត​ឃើញ​ថា ចាប់​តាំង​តែ​ពីក្រោយ​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩​បាន​ស្ងប់ស្ងាត់​មក​ចំនួន​ភ្ញៀវ​ទេសចរ ដែល​និយម​ជិះ​កង់​ទស្សនា​ប្រាសាទ​នានា​នៅ​វង់​តូច និង​វង់​ធំ មាន​កាន់តែ​ច្រើន​ឡើង​ៗ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

លោក សេង សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌​ឱ្យ​ដឹង​ថា បើ​គិត​ជា​មធ្យម​មាន​អ្នក​ជិះ​កង់​ទស្សនា​តំបន់​អង្គ​រលើ​ផ្លូវ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​ប្រមាណ​ជាង​១០០​កង់ក្នុង​១​ថ្ងៃ​ៗ ។

លោក សេង សុធា​រ៉ា បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេសចរ​ជា​ច្រើន​ពេញចិត្ត​ចំពោះ​ការ​រៀបចំ​ឱ្យ​មាន​ផ្លូវ​ជិះ​កង់​ក្នុង​នៅ​ក្នុង​ព្រៃ តាម​វាលស្រែ នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ដោយ​កំណើន​ភ្ញៀវ​ទេសចរ​ជិះ​កង់ បាន​កើនឡើង​ពី​មួយ​ខែ​ទៅ​មួយ​ខែ លើកលែងតែ​រដូវភ្លៀង​ធ្លាក់​ខ្លាំង​តែ​ប៉ុណ្ណោះ​។

សូម​បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្ថាបនា​ផ្លូវ​ជិះ​កង់​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ប្រវែង​២៣​គីឡូម៉ែត្រ​តាំង​តែ​ពី​ឆ្នាំ​២០១៩ ។ ផ្លូវ​ជិះ​កង់​នេះ មាន​ឆ្លងកាត់​ព្រៃ​ព្រឹក្សា ស្ទឹង វាលស្រែ និង​ក្បែរ​ៗ​ប្រាសាទ ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​មាន​ភាព​ទាក់ទាញ​អារម្មណ៍​ទេសចរ​បែរមក​ជិះ​កង់​ជំនួស​យានយន្ត​ផ្សេង​ៗ​នៅ​រមណីយដ្ឋាន​អង្គរ​។ បើ​ទោះបីជា​ផ្លូវ​កង់​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ក៏​ដោយ​ក៏​អាជ្ញាធរ​ជាតិ​អប្សរា នៅ​តែ​មាន​គម្រោង​រៀបចំ​កែ​លម្អ បន្ថែម​ទៀត​ទៅ​តាម​សំណូមពរ​របស់​ភ្ញៀវ​ទេសចរ​ដែល​និយម​ជិះ​កង់​។ បច្ចុប្បន្ន​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ចំណត​កង់​ចំនួន​៨​កន្លែង នៅ​លើ​ទីតាំង​សំខាន់​ៗ​តាម​គោលដៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​វង់​តូច និង​វង់​ធំ ផ្តល់​ងាយស្រួល​ចត មាន​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​។

ការ​រៀបចំ​ផ្លូវ​សម្រាប់​ជិះ​កង់​ទស្សនា​តំបន់​អង្គរ​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​ដ៏​មាន​សារៈសំខាន់ សម្រាប់​ពង្រីក​វិស័យ​ទេសចរណ៍​ថ្មី​ៗ​។ ផ្លូវ​ជិះ​កង់​បាន​បង្កើត​ឱ្យទៅ​ជា​ដំណើរ​ទស្សនា​អង្គរ​ថ្មី​មួយទៀត ពីព្រោះ​ថា​ក្រៅពី​ទេសចរ​ទស្សនា​ប្រាសាទ គឺ​អាច​ជិះ​កង់​កម្សាន្ត​នៅ​តាម​ព្រៃអង្គរ ទេសភាព​វាលស្រែ​ផ្លាស់​ប្តូរ​តាម​រដូវ​កាល មាន​បរិយាកាស​ល្អ​បរិសុទ្ធ​ពី​ធម្មជាតិ ដូច​ជា​ការ​ហាត់​កីឡា​ដើម្បី​សុខភាព​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ