ខេត្តតាកែវ ៖ ដើម្បីកំណត់បានច្បាស់លាស់កាត់ផ្តាច់ភាពស្រពេចស្រពឹលក្នុងការផ្តល់សេវាសា ធារណៈ និងការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តកំពង់ស្ពឺ បានជួបប្រជុំពិភាក្សាគ្នា ដើម្បីកំណត់ដែនរដ្ឋបាលទទួលខុសត្រូវនៃខេត្តទាំងពីរ ។

ការជួបប្រជុំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ នៅសាលាខេត្តតាកែវ ក្រោមវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ និងឯកឧត្តម ជាមច័ន្ទសោភ័ណ អភិ បាលខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចទាំងបី នៃខេត្តទាំងពីរ ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ មានប្រសាសន៍ថា ភាពមិនច្បាស់នៃការគ្រប់គ្រងដែនរដ្ឋបាល បានធ្វើឱ្យការផ្តល់សេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋមានការលំបាក ការទប់ស្កាត់បទល្មើសនានាខ្វះការទទួលខុសត្រូវ និងឆ្លើយដាក់គ្នាក្រោយពេលមានបទល្មើសកើតឡើង ។ ឯកឧត្តមរំពឹងថា ក្រោយពីកិច្ចប្រជុំពិភាក្សាកំណត់ដែនរដ្ឋបាលខេត្តរួចរាល់ និងមានសង្គតិភាព មន្ត្រីផ្តល់សេវាសាធារណៈ សមត្ថកិច្ចមានភាពងាយស្រួលក្នុងការផ្តល់ ទទួល និងបង្ការ បង្ក្រាបទប់ស្កាត់បាននូវរាល់បទល្មើសដែលកើតមានឡើង ។

ជាមួយនេះ ពលរដ្ឋក៏មានភាពច្បាស់លាស់ក្នុងការទៅសុំ និងទទួលយកការផ្តល់សេវាក្នុងមូល ដ្ឋានរស់នៅរបស់ពួកគាត់ផងដែរ ។ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានសាទរចំពោះការកំណត់ឲ្យមានភាពច្បាស់លាស់នេះ ដែលនឹងគ្មានការឆ្លើយដាក់គ្នាទៀត គ្មានការលូកដែនសមត្ថកិច្ចទៀតទេ ។

ជាមួយនេះ ពលរដ្ឋក៏គ្មានភាពស្រពេចស្រពឹលក្នុងការស្វែងរកការផ្តល់សេវាសាធារណៈដែលពួកគាត់រស់នៅទៀតដែរ។ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ការណ៍នេះពិតជាបានសម្រួល និងផ្តល់ភាពងាយស្រួលទៅដល់មន្ត្រីពាក់ព័ន្ធ និងសមត្ថកិច្ចក្នុងការផ្តល់សេវា និងការពារនូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយដល់ពលរដ្ឋជាប់ព្រំប្រទល់នៃខេត្តទាំងពីរ ។

ជាមួយនេះ អភិបាលខេត្តទាំងពីរ បានក្រើនរំឭកដល់អាជ្ញាធរដែនដីនៅគ្រប់មូលដ្ឋានទាំងអស់ ដែលស្ថិតនៅចំណុចជាប់ព្រំប្រទល់ និងសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់លើកិច្ចការងាររបស់ខ្លួន ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ហើយបញ្ឈប់ការឆ្លើយដាក់គ្នាដើម្បីយករួចខ្លួនក្រោយពេលមានបទល្មើសកើតឡើង ៕
ចែករំលែកព័តមាននេះ