ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរមីនកម្ពុជា សម្តែងការសោកស្តាយចំពោះការផ្សាយព័ត៌មានគ្មានមូលដ្ឋានរបស់ថៃចោទប្រកាន់ប្រើមីនថ្មី

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​មីន​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​)…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​មីន​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន (​អាជ្ញាធរ​មីន​) សម្តែង​ការ​សោកស្តាយ​ចំពោះ​សារព័ត៌មាន​ថៃ​មួយ​ចំនួន ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ចេតនា​ចោទប្រកាន់ និង​បង្អួច​កេរ្តិ៍ឈ្មោះ​កម្ពុជា ថា​បាន​ប្រើប្រាស់ និង​ដាក់​មីន​ថ្មី ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង លុប​បំបាត់​គ្រាប់​មីន និង​ទុក្ខវេទនា​របស់​សហគមន៍ ដែល​បង្ក​ឡើង​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ព្រមទាំង​ទទួល​បានការ​វាយតម្លៃ​ខ្ពស់​ពី​សហគមន៍​អន្តរជាតិ ថា​ជា​ប្រទេស​គំរូ និង​ឈានមុខ​ក្នុង វិស័យ​សកម្មភាព​មីន​សាកល ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​នេះ ក៏​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង នៃ​ក្រុមការងារ​សម្របសម្រួល​រួម (JCTF) ដែល​បាន​បង្កើត​ឡើង​ដោយ​ប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញ​ដល់​ការ បោសសម្អាត​មីន​មនុស្សធម៌ និង​បង្កើន​ទំនុកចិត្ត​រវាង​គ្នា នៅ​តាម​បណ្ដោយ​ព្រំដែន​ផង​ដែរ ។

ក្នុង​នាម​ជា​រដ្ឋ​ភាគី​អនុសញ្ញា​ហាមប្រាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ និង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​បទដ្ឋាន​របស់​អនុសញ្ញា​អូ​តា​វ៉ា ហើយ​កម្ពុជា​បាន​ចាត់​ទុក​សកម្មភាព​មីន ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សន្តិភាព និង​ជា​ស្នូល នៃ​ការ​អភិវឌ្ឍ​ជាតិ​។ កម្ពុជា ក្នុង​នាម​ជា​ប្រទេស​ស្រលាញ់​សន្តិភាព ទទូច​ដល់​ភាគី​ថៃ​ចៀសវាង​ការ​យក​បញ្ហា​ផ្ទុះ​មីន នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្នុង​តំបន់​ព្រំដែន ដែល​បាន​ធ្វើ​ឱ្យ​ទាហាន​ថៃ​ពីរ​នាក់​រង​របួស ជា​មូលហេតុ នៃ​ការ​ផ្អាក​អនុវត្ត​ជា​ឯកតោភាគី នូវ​កិច្ចព្រមព្រៀង​សន្តិភាព​គូ​ឡា​ឡាំ​ពួរ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ ។

ក្នុង​ឱកាស នៃ​កិច្ចប្រជុំ​លើក​ទី​២២ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដែល​នឹង​ខិត​ជិត​មក​ដល់​នា​ពេល​ខាង​មុខ កម្ពុជា​សូម​ស្នើ​ដល់​ភាគី​ថៃ ក៏​ដូច​ជា​គ្រប់​ភាគី​ពាក់ព័ន្ធ រក្សា​នូវ​ស្មារតី​កិច្ចសហការ វប្បធម៌​សន្ទនា គោរព​គ្នា​ទៅ​វិញ​ទៅ​មក និង​ឈរ​លើ​គោលការណ៍​មនុស្សធម៌ និង​ច្បាប់​អន្តរជាតិ ដើម្បី​សម្រេច​បាន​គោលដៅ​រួម​ពិភពលោក​មួយ ដែល​គ្មាន​មីន ។
ចេតនា​ចោទប្រកាន់​ណាមួយ ដែល​គ្មាន​ការ​ពិត ឬ​ការ​ស៊ើបអង្កេត​ច្បាស់លាស់ ឬ​ការ​ប្រើប្រាស់​មីន ដើម្បី​បម្រើ​ដល់​នយោបាយ អាច​នឹង​បំផ្លាញ​ដល់​ទំនុកចិត្ត​រវាង​គ្នា​និង​គ្នា ធ្វើ​ឱ្យ​អាប់ឱន​ដល់​កិត្តិយស​របស់​រដ្ឋ​ភាគី និង​ស្មារតី នៃ​អនុសញ្ញា​អូ​តា​វ៉ា ។

ជា​ថ្មី​ម្ដងទៀត ក្នុង​នាម​ជា​ប្រទេស ដែល​បាន​គាំទ្រ​យ៉ាង​មុតមាំ និង​ជា​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា កម្ពុជា មិន​បាន​ប្រើប្រាស់ ហើយនឹង​មិន​ប្រើប្រាស់​មីន​ថ្មី​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ