ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការស្តារ​កម្ពុជា​​បណ្តុះ​បណ្តាល​​ច្បាប់​​​ប្រឆាំង​​អំពើពុករលួយ​​ដល់​​សង្គម​​ស៊ីវិល​

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ចាប់​ពី​ថ្ងៃ​ទី​​១៥ ដល់​​១៧ កក្កដា នៅមន្ទីរ​កិច្ចការ​​​នារី​ខេត្ត​​​ អង្គ​ការ​​ស្តារ​កម្ពុជា​​​ បាន​​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​​​​មួយ​ស្តីពី​​​ច្បាប់​​ប្រឆាំង​អំពើ​ពុក​ រលួយ​​​ដល់​​មន្ត្រី​​​អង្គ​ការ​សង្គម​ស៊ី​វិល​​​ជា​​​សមាជិក​​បណ្តាញ​​ NACN ចំនួន​​​២៧​រូប ដែល​កំពុង​​ធ្វើ​សកម្ម​ភាព​​​​អភិវឌ្ឍន៍​​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ ។​

ខេត្ត​ស្វាយ​រៀង ៖ ចាប់​ពី​ថ្ងៃ​ទី​​១៥ ដល់​​១៧ កក្កដា  នៅមន្ទីរ​កិច្ចការ​​​នារី​ខេត្ត​​​ អង្គ​ការ​​ស្តារ​កម្ពុជា​​​ បាន​​រៀបចំ​វគ្គ​បណ្តុះ​បណ្តាល​​​​មួយ​ស្តីពី​​​ច្បាប់​​ប្រឆាំង​អំពើ​ពុក​រលួយ​​​ដល់​​មន្ត្រី​​​អង្គ​ការ​សង្គម​ស៊ី​វិល​​​ជា​​​សមាជិក​​បណ្តាញ​​ NACN ចំនួន​​​២៧​រូប ដែល​កំពុង​​ធ្វើ​សកម្ម​ភាព​​​​អភិវឌ្ឍន៍​​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ ។

លោក​​វ៉ាន់ ​ប៊ុនធឿន​ ​នាយក​អង្គការ​​ SADA  និង​ជា​​ប្រធាន​​​​បណ្តាញ​​សម្រប​សម្រួល​​​តស៊ូ​​មតិ​អង្គ​ការ​មិន​​មែន​រដ្ឋាភិបាល​ខេត្ត​​ស្វាយ​រៀង​   ​​បាន​មាន​​​​​ប្រសាសន៍​​បើកវគ្គ​​នោះ​ថា វគ្គ​បណ្តុះ​បណ្តាល​​​​នេះគឺ​​គាំទ្រ​​ដោយ​អង្គការ​​ស្តារ​​​កម្ពុជា​​ ក្នុង​គោល​​បំណង​​​ផ្តល់​​ចំណេះ​​​ដឹង​ផ្នែក​​​ច្បាប់​​ និង​​យន្ត​ការ​​នានា​​ដល់​​អង្គការ​​សមាគម​​ដែល​ជា​​សមា​ជិក​​បណ្តាញ​​បាន​​យល់​ដឹង​ ​ដើម្បី​ធ្វើ​ការ​​រួមគ្នា​ទប់​ស្កាត់​​ប្រឆាំង​អំពើ​ពុករលួយ​​ដែល​កើត​មាន​ឡើង​​នៅក្នុង​សង្គម​​ ។ ជាមួយ​​នេះ ​ធ្វើ​ការ​​រួម​គ្នា​​រវាង​​អង្គការ​​សង្គម​ស៊ីវិល​​ជាមួយ​​ស្ថាប័ន​​​​រដ្ឋ​នៅថ្នាក់​​​ក្រោម​ជាតិ​ អនុវត្ត​គោល​នយោ​បាយ​​​អភិវឌ្ឍន៍​​ជាតិ​ឱ្យ​​មាន​​អភិបាល​​កិច្ច​ល្អ ប្រកប​ដោយ​​តម្លា​ភាព​​​ គណនេយ្យ​​​ភាព និងសមភាព​យេនឌ័រ​ក្នុង​សង្គម។​
លោក​​ហេង ហាក់ មន្ត្រី​កម្ម​វិធី​​បណ្តុះ​បណ្តាល​អង្គការស្តារ​កម្ពុជា​ មាន​ប្រសាសន៍​ថា ​​អង្គការ​ស្តារ​​កម្ពុជា​គាំទ្រ​​បណ្តាញ​​អង្គ​ការ​​​សង្គម​​ស៊ីវិល​តាម​បណ្តា​​ខេត្ត​​ដែល​​ធ្វើ​​ការ​ផ្ទាល់​ជា​មួយ​សហគមន៍​​​​​​ ឱ្យ​មាន​​ចំណេះ​ដឹង​​អំពី​​ច្បាប់​ប្រឆាំង​​​អំពើ​ពុក​រលួយ​​ និង​ច្បាប់​​​អាពាហ៍ពិពាហ៍​​​​និង​គ្រួសារ​​​ ក្រម​​ព្រហ្ម​​ទណ្ឌ​​​ ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ​​ និង​​យន្ត​ការ​នានា​​ ដើម្បី​ទៅ​ផ្សព្វ​ផ្សាយ​​​បន្ត​នៅ​សហគមន៍​ ពង្រឹង​អភិបាល​​កិច្ច​ល្អ​​នៅ​ថ្នាក់​​មូល​ដ្ឋាន ដើម្បី​​ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​​នូវ​សេវា​​ សាធារណៈ​​ប្រកប​ដោយ​តម្លា​ភាព​​​ គណនេយ្យ​​​ភាព​ និងយុត្តិ​ធម៌​សង្គម​ ។

លោក​​សាស្ត្រាចារ្យ​​​ អុឹម ឧត្តម ​អគ្គ​​លេខា​ធិការ​​ក្រុម​​ប្រឹក្សា​​អ្នក​ច្បាប់​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​ ​មាន​​​​ប្រសាសន៍​ថា ស្ថាប័ន​​ប្រឆាំង​អំពើ​ពុក​រលួយ មាន​​ក្រុម​​ប្រឹក្សា​​​ជាតិ​​​​ប្រឆាំង​​អំពើ​​​ពុក​រលួយ​​ និង​​​​អង្គភាព​​ប្រឆាំង​​អំពើ​​ពុករលួយ​ ហើយ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​​​ជាការងារ​​អាទិភាព​​​របស់​​រាជរដ្ឋា​ភិបាល​​នៅ​ក្នុង​​​​អាណត្តិ​ទី៤នេះក៏​ដូចជា​អាណត្តិ​​បន្ត​បន្ទាប់​​ទៀត ដោយ​​ប្រកាន់​​​យក​វិធានការ​​​​ប្រទាក់​​ក្រឡា​​​​គ្នា​ចំនួន​​​​៣គឺ​ការអប់រំ បង្ការ​ទប់​ស្កាត់ ការអនុវត្ត​​ច្បាប់​បង្ក្រាប​​បទ​ល្មើស​​ពុក​រលួយ​​ ការចូលរួម​​​គាំទ្រ​​​ពីមហាជន​ និង​កិច្ច​សហប្រតិបត្តិការ​​​អន្តរ​ជាតិ​​ ។  លោក​អុឹង ​ឧត្តម​ បន្ត​ទៀត​ថា ច្បាប់​ស្តីពី​​​​ការ​ប្រឆាំង​​​​អំពើ​ពុក​រលួយ​​​ត្រូវ​បាន​​​រដ្ឋសភា​​អនុម័ត​​​នៅ​ថ្ងៃ​​ទី១១ មីនា ​២០១០ ​និង​ប្រកាស​​​​ឱ្យ​​​ប្រើ​​ដោយ​​ព្រះរាជ​ក្រម​​ចុះ​ថ្ងៃទី​១៧ ​ខែ​​មេសា ​២០១០ ។ ក្រោយពេល​​​​ច្បាប់​​​នេះ​​​ត្រូវ​​បាន​ប្រកាស​​​ឱ្យ​ប្រើ​​ រាជ​រដ្ឋា​ភិបាល​កម្ពុជា​មាន​ភារកិច្ច​រៀបចំ​​ដំណើរ​ការ​​ស្ថាប័ន​​នេះ​ឱ្យ​​ស្រប​តាម​ច្បាប់​​​ស្តីពី​ការ​ប្រឆាំង​​​អំពើ​​​ពុក​រលួយ។

ភារកិច្ច​របស់​​អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​​​​​​គឺ​អនុវត្ត​ច្បាប់​​ បទបញ្ជា​​ និង​​បទ​ប្បញ្ញត្តិ​​ពាក់​ព័ន្ធ​នឹង​បទល្មើស​​ពុក​រលួយ​​​ជា​ធរមាន​​ និង​ដឹកនាំ​ការ​ងារ​​ទប់​ស្កាត់​​និង​បង្ក្រាប​​​អំពើ​ពុក​រលួយ​​ ។​ តាម​ដាន​​ស៊ើប​អង្កេត​​​ត្រួត​ពិនិត្យ​​ និង​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​សិក្សា​ ព្រម​ទាំង​លើក​វិធានការ​​​នានា​​​ពាក់ព័ន្ធ​​​នឹង​បទ​ល្មើស​​​ពុក​រលួយ​​នៅ​តាម​​ក្រសួង​​ស្ថាប័ន​ អង្គ​ភាព​​សាធារណៈ​និង​ឯកជន​ទាំងអស់​​​ស្រប​តាម​​នីតិ​វិធី​​ជាធរ​មាន ។ ទទួល​​និង​ពិនិត្យ​រាល់​ពាក្យ​បណ្តឹង​​​ដែល​ពាក់​ព័ន្ធ​​អំពើ​​​ពុក​រលួយ​​​ ព្រម​ទាំង​​​ចាត​់​ការ​​តាម​​​នីតិវិធី​ស្វែង​​រក​និង​ពិនិត្យ​រៀបចំ​​ឯកសារ​ និង​​ព័ត៌​មាន​​​ពាក់​ព័ន្ធ​​អំពើ​ពុក​រលួយ​​ ​​។​រក្សា​​សម្ងាត់​​ជាដាច់​ខាត​ ចំពោះ​​​ប្រភព​ព័ត៌​មាន​ ចាត់​វិធានការ​​ចាំ​បាច់​​​ដើម្បី​​រក្សា​​​សន្តិសុខ​ដល់​បុគ្គលិក​​​​ព័ត៌​មាន​។ ​​ដឹកនាំ​​​ការងារ​​ឃោសនា​​អប់រំ​ មហាជន​ អំពី​​ផល​​​វិបាក​​​នៃអំពើ​ពុក​រលួយ​ ​និង​លើក​ទឹក​ចិត្ត​​​ឱ្យ​​មហា​ជន​ចូលរួម​​ទប់​ស្កាត់​​ និង​​កម្ចាត់​អំពើ​ពុក​រលួយ ធ្វើ​​សហ​ប្រតិ​បត្តិ​​ការ​ជា​មួយ​​អង្គការ​​​ជាតិ​ អង្គការ​តំបន់ អង្គការ​​​អន្តរជាតិ​នានា​​ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​​​អំពើ​ពុករលួយ​​ឆ្លង ដែន ។

លោក​​​សាស្ត្រាចារ្យ​អ៊ឹង ឧត្តម​ បន្ត​ទៀត​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​​រលួយ​​​អាច​មាន​ការិយា​ល័យ​​​របស់​ខ្លួន​​នៅគ្រប់​​ខេត្ត​ រាជធានី​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ដើម្បី​ធ្វើ​ជា​​​បណ្តាញ​ការងារ​របស់​​ខ្លួន ។ អំពើ​ពុក​រលួយ​គឺជា​​​​ឥរិយាបថ​មិន​ស្រប​​ច្បាប់​​ អសីលធម៌​ មិន​ស្មោះ​​ត្រង់​ ដែល​​ប្រព្រឹត្ត​​​ឡើង​ ជា​ពិសេស​​​បុគ្គលទាំងឡាយ​​ដែល​មាន​អំណាច ។ ឧទាហរណ៍​​ អំពើ​សូក​ប៉ាន់​បុគ្គល​ណា​ម្នាក់​​​នូវអ្វី​មួយ​​​ដើម្បី​ឱ្យគេ​បំពេញ​កិច្ច​​អ្វីមួយ​​តបវិញ ។ មាត្រា​​​៦០៥ បទសូកប៉ាន់​ ជាប់​ទោស​ពី៥​ឆ្នាំ​ទៅ​១០​ឆ្នាំ​ អំពើ​ទទួល​ផល​បន្ត​ពី​បទ​ល្មើស​​ពុក​រលួយ​​​ត្រូវ​ផ្តន្ទា​​​ទោស​​ដាក់​ពន្ធ​នាគារ​​​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ ​និង​ពិន័យ​​ជា​ប្រាក់​​ពី៤​លាន​​រៀល​ទៅ​១០​​លាន​រៀល។​ បទ​ល្មើសពុក​​រលួយ​​​ដែល​មាន​​​បញ្ញត្តិ​​​នៅ​​ក្នុង​ក្រមព្រហ្ម​ទណ្ឌ​ មាត្រា​​៥៩៤ បទស៊ី​សំណូក​​​ត្រូវ​ជាប់​ទោសដាក់​ពន្ធ​នាគារ​ពី​៧ឆ្នាំទៅ​​១៥ឆ្នាំ​ និង​ពិន័យ​​​ជា​ប្រាក់​ពី៤លាន​​រៀល​ដល់​​១០​​លាន​​រៀល​ ។
 មាត្រា​​៣៨​ នៃ​ច្បាប់​​​ប្រឆាំង​​អំពើ​​ពុក​រលួយ​​ បទមិន​ប្រកាស​​ទ្រព្យ​​សម្បត្តិ​​និង​បំណុល​​ ជន​ណា​​​ដែល​មិន​បាន​​ប្រកាស​ទ្រព្យ​សម្បត្តិ​​​ និង​បំណុល​​​ ឬបាន​​ប្រកាស​​មិន​ត្រឹម​ត្រូវ​​នូវទ្រព្យ​​​របស់​ខ្លួន​ទៅ​តាមបទប្បញ្ញត្តិ​​ដែល​មាន​ចែង​ក្នុង​មាត្រា​១៧ «សមា​សភាព​បុគ្គល​​​ដែល​​​ត្រូវ​​ប្រកាស​​​ទ្រព្យ​​សម្បត្តិ​​ និង​បំណុល»​ ​​ច្បា​ប់​នេះ ត្រូវ​ផ្តន្ទាទោស​​​ដាក់ពន្ធនាគារ​ពីមួយ​ខែទៅ១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​​​​​ពី​មួយសែន​រៀល​​ទៅ២​លាន​រៀល​​។​ ដោយ​ឡែក​​ចំពោះ​​ថ្នាក់​​ដឹកនាំ​អង្គការ​​សង្គម​​ស៊ី​វិល​ អង្គ​ភាព​​​ប្រឆាំង​អំពើ​ពុករលួយ​​មាន​ភារកិច្ច​​រំលឹក​​ជា​លាយលក្ខណ៍​អក្សរ​ដល់​ថ្នាក់​​ដឹកនាំ​​នៃ​អង្គការ​សង្គម​​ស៊ីវិល​ ​​មុន​នឹងអនុវត្ត​មាត្រា​​​នេះ​។ លោក​​សាស្ត្រាចារ្យ​​បាន​​លើក​យក​គ្រប់​មាត្រា​នៃ​ច្បាប់​​​​ប្រឆាំង​​​អំពើ​ពុករលួយ​​មក​បក​ស្រាយ​​ពន្យល់​​​យ៉ាង​ពិស្តារ​ ធ្វើ​ឱ្យ​​សិក្ខា​កាម​បាន​​យល់​​​កាន់​តែ​ច្បាស់​​អាច​យក​ទៅ​បម្រើ​ការងារ​ក្នុង​អង្គការ​​ បាន​ ៕