រាជធានីភ្នំពេញ៖ យោងតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងថា មហារីកសាច់ថ្លើមភាគច្រើន (៨០-៩០%) គឺកើតឡើងបន្ទាប់ពីថ្លើមមានបញ្ហា រលាករ៉ាំរ៉ៃ (Chronic Hepatitis) ដែលបណ្តាលមកពីមេរោគរលាកថ្លើមប្រភេទ B, C ឬការពិសាគ្រឿងស្រវឹងរយៈពេលយូរ រហូតវិវត្តទៅជា ថ្លើមក្រិន។
ទោះជាយ៉ាងណា ក្រៅពីមូលហេតុចម្បងទាំងនេះ ក៏មានកត្តាផ្សេងទៀតដែលបង្កើនហានិភ័យខ្ពស់ផងដែរ៖
១. គ្រោះថ្នាក់ពីចំណីអាហារមិនឆ្អិនល្អ
ការទទួលទានខ្ចៅ ខ្យង ឬត្រីដែលចម្អិនមិនឆ្អិនល្អ អាចឆ្លងសត្វល្អិតប៉ារ៉ាស៊ីតម្យ៉ាង (Liver Fluke) ដែលរស់នៅតាមដងទន្លេមេគង្គលើ (ម្តុំខេត្តក្រចេះ និងស្ទឹងត្រែង)។
- របៀបឆ្លង៖ សត្វល្អិតនេះមានពង ឬកូនរស់នៅក្នុងខ្ចៅ ខ្យង ឬត្រីទឹកសាប។ នៅពេលមនុស្សបរិភោគមិនឆ្អិនល្អ សត្វល្អិតនេះនឹងចូលទៅបង្កបញ្ហានៅក្នុងថ្លើម និងបង្កើនហានិភ័យមហារីក។
២. ការបរិភោគអាហារមានជាតិពុលផ្សិតខ្ពស់
- អាហារផ្អាប់យូរ និងដុះផ្សិត: ការបរិភោគអាហារផ្អាប់យូរដែលមានដុះផ្សិតពុលម្យ៉ាងឈ្មោះ Beta Aflatoxin ជាប្រចាំ អាចបណ្តាលឲ្យកើតមហារីកថ្លើមមាន អត្រាខ្ពស់ជាង មេរោគរលាកថ្លើម B និង C រួមបញ្ចូលគ្នាទៅទៀត។
ចំណាំ៖ ដុំមហារីកថ្លើមក៏អាចកើតមានលើអ្នកជំងឺដែល មិនទាន់មានបញ្ហាក្រិនថ្លើម ផងដែរ (១០% ទៅ ២០%)។ ករណីនេះកើតមានជាពិសេសលើអ្នកជំងឺដែលមានផ្ទុកមេរោគ រលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ៕
ចែករំលែកព័តមាននេះ