ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​អាស៊ាន​ជំរុញ​ឱ្យ​មហា​អំណាច​គោរព​ច្បាប់​ និង​លើក​កម្ពស់​សន្តិ​ភាព​ពិភព​លោក

23 ម៉ោង មុន

ទី​ក្រុង​គូឡាឡាំពួរ​៖ នៅ​ឯ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ថ្ងៃ​នេះ ម៉ាឡេស៊ី​បាន​ជំរុញ​ឱ្យ​ប្រទេស​មហា​អំណាច​ពិភព​លោក​បន្ត​គោរព​ច្បាប់​ និង​ខិត​ខំ​លើក​កម្ពស់​សន្តិ​ភាព​នៅ​ក្នុង​តំបន់​។ កិច្ច​ប្រជុំ​នេះ​ជា​វេទិកា​ជួប​ជុំ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង​១១​ បូក​រួម​ទាំង​ក្រុម​ប្រទេស​ជា​ដៃ​គូ​សន្ទនា​ចំនួន​៨​ប្រទេស​ទៀត​។ ក្នុង​នោះ​មាន​អាមេរិក ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង​…

ទី​ក្រុង​គូឡាឡាំពួរ​៖ នៅ​ឯ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​ថ្ងៃ​នេះ ម៉ាឡេស៊ី​បាន​ជំរុញ​ឱ្យ​ប្រទេស​មហា​អំណាច​ពិភព​លោក​បន្ត​គោរព​ច្បាប់​ និង​ខិត​ខំ​លើក​កម្ពស់​សន្តិ​ភាព​នៅ​ក្នុង​តំបន់​។ កិច្ច​ប្រជុំ​នេះ​ជា​វេទិកា​ជួប​ជុំ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង​១១​ បូក​រួម​ទាំង​ក្រុម​ប្រទេស​ជា​ដៃ​គូ​សន្ទនា​ចំនួន​៨​ប្រទេស​ទៀត​។ ក្នុង​នោះ​មាន​អាមេរិក ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង​ ឥណ្ឌា អូស្ត្រាលី នូវែល​ហ្សេ​ឡង់ និង​រុស្ស៊ី​។

ប្រមុខ​ការ​ពារ​ជាតិ​អាមេរិក និង​ចិន​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ផង​ដែរ​។ នៅ​ពេល​ថ្លែង​បើក​កិច្ច​ប្រជុំ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ម៉ាឡេស៊ី លោក​មហាមេត​ ខាលីត​ ន័រ​ឌីន (Mohamed Khaled Nordin) បាន​អំពាវ​នាវ​ឱ្យ​​ពិភព​លោក​ខិត​ខំ​ធ្វើ​ឱ្យ​មាន​សន្តិ​ភាព និងមាន​ស្មារតី​​​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​មនុស្ស​ធម៌​​នៅ​ពេល​ដែល​ពិភព​លោ​ក​កំពុង​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង​ៗ​។

លោក​ថ្លែង​បន្ត​ទៀត​ថា​ម៉ាឡេស៊ី​សូម​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស​ទាំង​អស់​ ជា​ពិសេស​​ក្រុម​ប្រទេស​មហា​អំណាច​ធំៗ​​ប្រើ​ប្រាស់​ឥទ្ធិ​ពល​របស់​ខ្លួន​ស្រប​ទៅ​តាម​ការ​អនុញ្ញាត​ពី​ច្បាប់​អន្តរ​ជាតិ​។ លោក​ក៏​និយាយ​រំលឹក​អំពី​ផែន​ការ​សន្តិ​ភាព​របស់​អាមេរិក​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​នៅ​តំបន់​ហ្កាហ្សា​ផង​ដែរ​។ លោក​មហាមេត​បាន​វាយ​តម្លៃ​ខ្ពស់​​ចំពោះ​ការ​គំា​ទ្រ​ពី​ក្រុម​ប្រទេស​ជា​ដៃ​គូ​ ជា​ពិសេស​អាមេរិក អាស៊ាន និង​ចិន​​ដែល​ជំរុញ​ឱ្យ​​មាន​ដំណោះ​ស្រាយ​​ជម្លោះ​នៅ​ក្នុង​តំបន់​ដោយ​សន្តិ​វិធី​​​។

គេ​រំពឹង​ថា​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ និង​ក្រុម​ប្រទេស​ជា​ដៃ​គូ​នៅ​ម៉ាឡេស៊ី​លើក​នេះ​ក៏​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​សន្តិ​សុខ​លំហ​សមុទ្រ​, ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​, ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវ​កម្ម​ និង​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​វិស័យ​ការ​ពារ​ជាតិ​នៅ​ឥណ្ឌូ-​ប៉ាស៊ី​ហ្វិច​​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ