ទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានដាក់ពង្រាយកងទ័ព១,៧សែននាក់នៅតំបន់ដូញ៉ែតដើម្បីរុញច្រានកងទ័ពអ៊ុយក្រែនចេញពីទីនោះ។ នេះបើយោងតាមការអះអាងរបស់លោកហ្សេឡិនស្គី។ រុស្ស៊ីក៏កំពុងសម្រុកវាយប្រហារទៅលើទីក្រុងផូករ៉ូសដើម្បីដណ្ដើមកាន់កាប់ទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយនេះ។ លោកហ្សេឡិនស្គីទទួលស្គាល់ថាស្ថានការណ៍សឹកនៅផូករ៉ូសពិបាកខ្លាំង។
ប៉ុន្តែលោកសូមបដិសេធការអះអាងរបស់រុស្ស៊ីដែលថាខ្លួនកំពុងហ៊ុមព័ទ្ធតំបន់នោះយ៉ាងជុំជិតអស់ហើយបន្ទាប់ពីឆ្លងកាត់ការប្រយុទ្ធគ្នាដ៏ស្វិតស្វាញរយៈពេលជាងមួយឆ្នាំ។ ហ្សេឡិនស្គីទទួលស្គាល់ថាកាលពីមុននេះ កងទ័ពរុស្ស៊ីបានជ្រៀតចូលផ្នែកខ្លះនៃទីក្រុងផូករ៉ូសពិតមែន។ ប៉ុន្តែក្រោយមក អ៊ុយក្រែនវាយរុញច្រានពួកគេឱ្យថយក្រោយវិញ។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានថាឥឡូវនេះ មានទាហានរុស្ស៊ីឈរជើងនៅទីក្រុងផូករ៉ូស។ ប៉ុន្តែពួកគេកំពុងរងការវាយប្រហារពីអ៊ុយក្រែនដោយសន្សឹមៗ។
នៅក្នុងការឡោមព័ទ្ធកាលពីលើកមុន អ៊ុយក្រែនប្រើយុទ្ធសាស្ត្រវាយរុញច្រានកងទ័ពរុស្ស៊ីជាដំណាក់កាលៗដើម្បីកុំឱ្យបាត់បង់កម្លាំងទ័ពច្រើនពេក។ កងទ័ពអ៊ុយក្រែនសព្វថ្ងៃនេះមានតិចជាងរុស្ស៊ី ដូច្នេះត្រូវប្រើប្រាស់ដោយសន្សំសំចៃ។ ថ្មីៗនេះលោកពូទីនអះអាងថាកងទ័ពរុស្ស៊ីកំពុងវាយសម្រុកទៅមុខគួរឱ្យកត់សម្គាល់។ ប៉ុន្តែរុស្ស៊ីមិនងាយវាយយកទីតាំងពីអ៊ុយក្រែនបានស្រួលៗនោះទេ ហើយពួកគេ (រុស្ស៊ី) ត្រូវពលីជីវិតយុទ្ធជនអស់ច្រើនណាស់។
លោកពូទីនកំពុងបញ្ចុះបញ្ចូលអាមេរិកឱ្យជឿថាអ៊ុយក្រែនមិនអាចទប់ឈ្នះកម្លាំងយោធាដ៏សម្បើមរបស់រុស្ស៊ីទេ។ លោកក៏ឧស្សាហ៍សម្ញែងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីផងដែរ។ ដូច្នេះ ទោះបីលោកត្រាំព្យាយាមបញ្ចុះបញ្ចូលលោកពូទីនឱ្យចូលតុនចរចាដើម្បីបញ្ចប់សង្គ្រាមយ៉ាងណាក៏ដោយ ក៏លោកពូទីននៅតែប្រកាន់ជំហរដាច់ខាតមិនព្រមបន្ធូរបន្ថយនៅក្នុងលក្ខខណ្ឌដែលលោកទាមទារតាំងពីដើមរៀងមក។ នេះបើតាមការផ្សាយរបស់អេភី (AP) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ