ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ក្រុម​ហ៊ុន​ព័ត៌​មាន​វិទ្យា​រៀប​ចំ​សិក្ខា​សាលា​ស្តី​ពី​ការ​ស្តារ​ឡើង​វិញ​​នៅ​ពេល​ជួប​គ្រោះ​មហន្ត​រាយ

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ វិស័យ​ព័ត៌​មាន​វិទ្យា​នៅ​កម្ពុជា​បានរីក​ចម្រើន​ទៅ​រក​ការ​អនុវត្ត​តាម​ស្តង់​ដា​អាជីវ​កម្ម​អន្តរ​ជាតិ​។ នេះ​សែ្តង​​ឱ្យ​ឃើញ​តាម​រយៈ​ការ​រៀប​ចំ​សិក្ខា​​សាលា​មួយ​ស្តី​អំពី​ការ​បន្ត​អាជីវ​កម្ម​ និង​ការ​ស្តារ​ឡើង​វិញ​នៅ​ពេល​ក្រុម​ហ៊ុន​ជួប​គ្រោះ​មហន្ត​រាយ​ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា​។ នៅក្នុង​សិក្ខា​សាលា​នេះ លោក​អ្នក​នឹង​បាន​យល់​ពី​ចំណុច​សំខាន់ៗ​ដែល​ទាក់​ទង​ទៅ​នឹង​​ការ​បន្ត​អាជី​វកម្ម​នៅ​ពេល​ក្រុម​ហ៊ុន​ជួប​គ្រោះ​មហន្ត​រាយ​។ សិក្ខា​កាម​អញ្ជើញ​មក​ពីគ្រប់​ក្រុម​ហ៊ុន​អាជីវ​កម្ម​ទាំង​អស់​នៅ​កម្ពុជា​។ កម្ម​វិធី​នេះសហ​ការ​រៀប​ចំ​ដោយ​ក្រុម​ហ៊ុន​ Microsoft, EZECOM, Panduit និង Ciswork ។

នៅ​ក្នុង​សិក្ខា​សាលា​នេះ​អ្នក​ឯក​ទេស​ជា​ច្រើន​បង្ហាញ​ឱ្យ​ឃើញ​ពី​ជំនាញ​ផ្ទាល់​របស់​ពួក​គេ​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​នៅ​ពេល​ដែល​គ្រោះ​មហន្ត​រាយ​កើត​ឡើង​។ ផ្នែក​មួយ​ក្នុង​ចំណោម​ផ្នែក​ផ្សេង​ទៀត​នៅ​ក្នុង​សិក្ខា​សាលា​នេះ​អ្នក​ចូល​រួម​ទាំង​អស់​នឹង​ទទួល​បានចំណេះ​ដឹង​ក្នុង​ការ​កំណត់​ឱ្យ​ឃើញ​ពី​មុខ​ងារ​ និង​ដំណើរ​ការ​សំខាន់ៗ​ដែល​អាច​ឱ្យ​អង្គ​ភាព​លោក​អ្នក​បន្ត​អាជីវ​កម្ម​បាន​បើ​ទោះ​បី​ជា​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ។ គ្រប់​ដំណើរ​ការ​សំខាន់ៗ​ទាំង​អស់​ត្រូវ​ែត​មាន​ផែន​ការ​បម្រុង​ដើម្បី​ការ​ពារ​នៅ​ពេល​មាន​មុខ​ងារ​ណា​មួយ​មិន​ដំណើរ​ការ​។ អ្នក​ជំនាញ​​បាន​សង្កត់​ធ្ងន់​ថា ការ​សាក​ល្បង​អនុវត្ត​ផែន​ការ​បម្រុង​គ្រោះ​មហន្ត​រាយ​ទាំង​នេះ​ជួយ​ឱ្យ​ម្ចាស់​អាជីវ​កម្ម​ទាំង​អស់​យល់​ដឹង​ និង​មាន​ជំហរ​កាន់​តែ​រឹង​មាំ​ក្នុង​ការ​ទប់​ទល់​នឹង​វិបត្តិ​ដែល​​អាច​កើត​មាន​ឡើង​។ ជា​លទ្ធ ផល​ប្រសិន​បើ​មាន​ហេតុ​ការណ៍​កើត​ឡើង​ពិត​មែន​នោះ​ បុគ្គ​លិក​ទាំង​អស់​នឹង​មាន​ប្រតិ​កម្ម​បាន​លឿន និង​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​។

ការ​បង្កើត​ឡើង​​សិក្ខា​សាលា​នេះ​​អាច​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​យើង​នូវ​ឱកាស​ក្នុង​ការ​ចាប់​យក​នូវ​និន្នា​ការ​ និង​ការ​អនុវត្ត​តាម​ស្តង់​ដា​អន្តរ​ជាតិ​។ បណ្តា​អង្គ​ភាព​ដែល​បាន​បង្កើត​គោល​ការណ៍​ស្តី​អំពី​ការ​បន្ត​អាជីវ​កម្ម​ និង​ការ​ស្តារ​ឡើង​វិញ​នៅ​ពេល​ក្រុម​ហ៊ុន​ជួប​គ្រោះ​មហន្ត​រាយ​នឹង​អាច​អភិវឌ្ឍ​នូវ​កម្រិត​ស្ថិរ​ភាព​អាជីវ​កម្ម​របស់​គេ​ឱ្យ​កាន់​តែ​ខ្ពស់ ដូច្នេះ​គេ​នឹង​អាច​ផ្តល់​ទំនុក​ចិត្ត​ និង​ឯក​ទេស​ភាព​របស់​គេ​កាន់​តែ​ខ្លាំង​​ទៅ​ដល់​​សា​ធារណ​ជន​ ៕