ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនិងអេមីរ៉ាត អារ៉ាប់រួមបានបញ្ជូនកាលពីថ្ងៃទី១៤ មីនា នូវកងយោធារបស់ខ្លួនចូលទៅក្នុងប្រទេសបារ៉ែនតាមសំណើរបស់ប្រទេសជិតខាង និងជាសម្ព័ន្ធមិត្តដែលកំពុងកើតមានការបះបោររបស់ពួកស៊ីអ៊ីតដែលមានភាគច្រើន ដោយការបញ្ជូនទ័ពនេះត្រូវបានពួកស៊ីអីុតចាត់ទុកថា ជាការប្រកាសសង្គ្រាមមួយ ។ កងទាហានអារ៉ាប៊ី សាអ៊ូឌីតចំនួន១០០០នាក់ និងកងទាហានអេមីរ៉ាតអារ៉ាប់រួម ដែលមានតិចជាងនេះបានលើកចូលធ្វើអន្តរាគមន៍ក្នុងក្របខណ្ឌនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ CCG ដែលប្រទេសបារ៉ែនជាសមាជិកស្នើសុំជំនួយ ដើម្បីបញ្ចប់ការបះបោរដែលគំរាមកំហែងដល់រជ្ជកាលស្តេចខាលីហ្វា ។
លោកស៊ិក អាប់ដាឡាហ៍ បេនហ្សាយេដ អាល់ ណាហាយ៉ាន រដ្ឋមន្ត្រីការបរទេសអេមីរ៉ាត អារ៉ាប់រួម ដែលកាលពីថ្ងៃទី១៤ មីនា ស្ថិតនៅក្រុងប៉ារីសខាងក្រៅកិច្ចប្រជុំរបស់ G-8 ថ្លែងថា ប្រទេសដទៃៗទៀតនៅឈូងសមុទ្រនឹងចូលរួមផងដែរ ក្នុងការស្តារភាពស្ងប់ស្ងាត់ និងរបៀបរៀបរយឡើងវិញនៅបារ៉ែន ។
រថពាសដែកដឹកទ័ពប្រមាណជា១៥០គ្រឿង ព្រមទាំងរថយន្តយោធាដទៃៗទៀតជាច្រើនរួមនិងរថយន្តពេទ្យ និងរថយន្តមានកាណុងបាញ់ទឹកបានលើកចូលក្នុងដែនដីបារ៉ែនដែលដឹកនាំចាប់តាំងពីសតវត្សទី១៨មក ដោយរជ្ជកាលស្តេចស៊ុននីត ។
ពួកបាតុករស៊ីអ៊ីតបារ៉ែនជាច្រើនរយនាក់នៅតែស្ថិតក្នុងទីលាន PERLE កណ្តាលរាជធានីម៉ាណាម៉ាចាប់តាំងពីខែមុនមក ។
ក្រៅពីប្រទេសបារ៉ែន អារ៉ាប៊ី សាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម CCG ជាសម្ព័ន្ធភាពនយោបាយ យោធានិងសេដ្ឋកិច្ចរួមមានប្រទេសកូវ៉ែត កាតា និងអូម៉ង់ ៕
ចែករំលែកព័តមាននេះ