ទីក្រុងម៉ូស្គូ៖ ថ្ងៃនេះ រុស្ស៊ីមានសារនយោបាយមួយឆ្លើយតបទៅនឹងការគំរាមដាក់ទណ្ឌកម្មជាថ្មីទៀតមកលើខ្លួន។ ប្រតិកម្មនេះកើតឡើងបន្ទាប់ពីលោកត្រាំគំរាមដាក់ទណ្ឌកម្មរុស្ស៊ីពីបទមិនព្រមចូលតុចរចាដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន។ នេះជាលើកទី២ដែលលោកត្រាំព្រមានដាក់ទណ្ឌកម្ម។ កាលពីក្រោយពេលជួបលោកពូទីននៅអាឡាស់ស្កា លោកព្រមានថានឹងដាក់ទណ្ឌកម្មក្រោយពេលជួបគ្នាបាន២អាទិត្យ។ ប៉ុន្តែជាក់ស្ដែងគេមិនទាន់ឃើញលោកចាត់វិធានការក្ដៅនៅឡើយទេ។
អ្វីៗមើលស្រាលមិនបានឡើយ។ អ្នកខ្លះគិតថាដោយសារអាមេរិកមិនទាន់លេងដៃធ្ងន់ទើបបានជារុស្ស៊ីនៅមានដង្ហើមដក។ យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារ បើសិនអាមេរិក និងអឺរ៉ុបព្រួតគ្នាដាក់ទណ្ឌកម្មឱ្យបានខ្លាំងដល់កម្រិតកំពូលអាចធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីរលំបះជើង។ ក្រោយការព្រមានដាក់ទណ្ឌកម្មនោះ រុស្ស៊ីចាប់ផ្ដើមបញ្ចេញប្រតិកម្មជាបណ្ដើរៗ។ រុស្ស៊ីថាបើទុកជាបស្ចិមប្រទេសដាក់ទណ្ឌកម្មបន្ថែមទៀតក៏គ្មានប្រសិទ្ធភាពដែរ។ ទណ្ឌកម្មនោះគ្មានបានប្រយោជន៍អ្វីទាល់តែសោះ។
កាលពីយប់មិញ លោកត្រាំថ្លែងប្រាប់អ្នកសារព័ត៌មានថាលើកនេះលោកលេងមែនទែនហើយ។ លោកប្រហែលជាត្រូវចាត់វិធានការក្ដៅទៅលើរុស្ស៊ីឱ្យបានខ្លាំងដៃបន្តិចហើយទើបបាន។ លោកត្រាំធ្លាប់ព្រមានដំឡើងពន្ធគយឱ្យបានខ្ពស់ទៅលើក្រុមប្រទេសដែលទិញទំនិញពីរុស្ស៊ី។ លោកក៏ព្រមានដាក់ទណ្ឌកម្មដទៃទៀតបើរុស្ស៊ីមិនព្រមចរចាសន្តិភាពជាមួយអ៊ុយក្រែនឆាប់ៗនេះទេ។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីវាយប្រហារអ៊ុយក្រែនដ៏ខ្លាំងបំផុតដោយប្រើដ្រូន៨០៥គ្រឿង និងមីស៊ីល១៣គ្រាប់វាយបណ្ដាលឱ្យស្លាប់ជនស៊ីវិល៤នាក់។ អ្វីដែលគ្រោះថ្នាក់បំផុតនោះគឺរុស្ស៊ីវាយប្រហារអគារទីស្ដីការគណៈរដ្ឋមន្ត្រី។ នេះជាលើកទី១ដែលរុស្ស៊ីធ្វើដូច្នេះព្រោះកាលពីអតីតកាល រុស្ស៊ីវាយប្រហារតែហេដ្ឋារចនាសម្ព័ន្ធ ទីតាំងផលិតថាមពល ឬអគារស្នាក់នៅរបស់ប្រជាជនតែប៉ុណ្ណោះ។
ដូចទម្លាប់រាល់ដងអីចឹងគឺថាអ្នកនាំពាក្យវិមានក្រឹមឡាំងមិនប្រើភាសាវាយប្រហារចំៗទៅលោកត្រាំទេ។ លោកប៉េស្កូសដាក់ការស្ដីបន្ទោសទៅលើរដ្ឋាភិបាលទីក្រុងកៀវ និងក្រុមសម្ព័ន្ធមិត្តអឺរ៉ុប។ លោកថាអឺរ៉ុបធ្វើចេះជាងទីក្រុងវ៉ាស៊ីនតោនទៅទៀត ។ ពួកគេគិតតែពីជំរុញឱ្យដាក់ទណ្ឌកម្ម។ លោកប៉េស្កូសថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ីថាជារួម ពាក្យសម្ដីរបស់មនុស្សដែលចង់និយាយចេះតែអាចនិយាយបានហើយ។ លោកចង់មានន័យថារុស្ស៊ីមិនប្រាកដជាងាប់ក្រឡា ឬដួលរលំសេដ្ឋកិច្ចដូចមាត់គេថានោះទេ។
លោកប៉េស្កូសថ្លែងបន្តទៀតថាពួកគេខំប្រឹងដាក់ទណ្ឌកម្មមួយអស់ដៃទៅលើរុស្ស៊ី។ រហូតមកដល់ពេលនេះជិត៤ឆ្នាំហើយ ទណ្ឌកម្មទាំងនោះគ្មានប្រសិទ្ធភាពលើរុស្ស៊ីទេសូម្បីតែបន្តិច។ នេះជាការបង្ហាញថាពួកគេគ្មានក្រឡាទៅរួចទេក្នុងការដាក់សម្ពាធរុស្ស៊ី។ គួរកត់សម្គាល់ថាថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី បានអំពាវនាវឱ្យអាមេរិកដាក់ទណ្ឌកម្មកាន់តែខ្លាំងទៅលើរុស្ស៊ី។ មេដឹកនាំអ៊ុយក្រែនរូបនេះអះអាងថាទាល់តែដាក់សម្ពាធឱ្យបានខ្លាំងទើបលោកពូទីនយល់ព្រមចរចាសន្តិភាព។ នេះបើយោងតាមប្រភពពីញូស្វីក (Newsweek) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ