រាជធានីភ្នំពេញ ៖ យុវបុរសម្នាក់ដោយសារតែម្តាយស្តីបន្ទោសឱ្យបន្តិចបន្តួច បានជិះម៉ូតូឌុបមកជាមួយមិត្តភក្តិទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ មីនា ហើយបានលិចបាត់ស្លាប់ដូចបំណង ។ ទោះបីជាយ៉ាងណា សពត្រូវបានសប្បុរសជនដែលធ្វើដំណើរឆ្លងកាត់លើស្ពានជ្រោយចង្វាជួយឧបត្ថម្ភដល់គ្រួសារចំនួន២៥០ដុល្លារ ដើម្បីជួលខ្មែរអ៊ិស្លាមជួយរាវរកឃើញនៅវេលាម៉ោង២រំលងអធ្រាត្រ រួចបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តទួលសង្កែ ។
បុរសដែលគិតខ្លីត្រូវសមត្ថកិច្ចប៉ូលិសអង្គភាពគោលដៅទី៣ ការពារស្ពានជ្រោយចង្វាបានឱ្យដឹងថា ឈ្មោះកែវ សុគន្ថា ហៅបារាំង មានលំនៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងមកជួលផ្ទះស្នាក់នៅលក់ដូរ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ។
តាមប្រភពពីមន្ត្រីប៉ូលិសឱ្យដឹងថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ មីនា បុរសរូបនោះ រួមទាំងមិត្តភក្តិឈ្មោះមេសា បានជិះម៉ូតូឌុបឡើងលើស្ពានជ្រោយចង្វា ។ នៅពេលជិតដល់កណ្តាលស្ពាន ស្រាប់តែបុរសនោះបានលោតចុះពីលើម៉ូតូ ហើយទៅលោតទឹកសម្លាប់ខ្លួនតែម្តង ។ ប្រភពដដែលបន្តថា បន្ទាប់ពីមានមនុស្សលោតទឹក សមត្ថកិច្ចបានចេញទូកអូប័រទៅជួយស្រង់ដែរ តែបានលិចបាត់ទៅ ។
នៅយប់នោះ សមត្ថកិច្ចបានឃាត់ម៉ូតូឌុប និងមិត្តភក្តិឈ្មោះមេសា មកសួរនាំ ដើម្បីស្រាវជ្រាវរកឪពុកម្តាយទាំងយប់ ។ ក្នុងឱកាសនោះ ដោយមានការអាណិតអាសូរពីក្មេងស្រីម្នាក់ រួមទាំងមិត្តភក្តិដែលជិះរថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ លេខ៣០០ និងម៉ាកកាមរី ស៊េរី២០០២ ពណ៌ស្ករ ជួបហេតុការណ៍នៅលើស្ពានក៏បានជួយចាត់ចែង និងផ្តល់ប្រាក់ចំនួន២៥០ដុល្លារ ជួលជនជាតិអ៊ិស្លាមឱ្យជួយរាវរកសព ឃើញនៅវេលាម៉ោង២រំលងអធ្រាត្រចូលថ្ងៃទី៨ មីនា រួចប្រគល់ដល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។ ទាក់ទិនការធ្វើអត្តឃាតដោយលោតទឹកនេះ សមត្ថកិច្ចឱ្យដឹងថា ដោយសារតែបុរសនោះតូចចិត្តខ្លួនឯងដែលម្តាយស្តីបន្ទោស ។
នៅព្រឹកថ្ងៃទី៨ មីនា សពត្រូវបានក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅឈាបនដ្ឋានវត្តទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ស្ត្រីឈ្មោះយឹម សុភី អាយុ៥២ឆ្នាំ ត្រូវជាម្តាយបុរសរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ៧និង៣០នាទីយប់ថ្ងៃទី៧ មីនា កូនប្រុសរបស់គាត់បានធ្វើដំណើរទៅកន្លែងលក់ដូរ នៅផ្ទះជួលសង្កាត់ទួលសង្កែ ព្រមទាំងទិញស្រាមកផឹក ។ យប់នោះរូបគាត់ជាម្តាយក៏បានណែនាំកូនប្រុសកុំឱ្យដើរលេងផឹកស៊ីច្រើនពេក ជួយលក់ដូរផង ហើយក៏បានដេញឱ្យទៅផ្ទះនៅសង្កាត់ច្រាំងចំរេះទី២វិញ មិននឹកស្មានថា កូនប្រុសបានជិះម៉ូតូជាមួយមិត្តភក្តិទៅលោតទឹកសម្លាប់ខ្លួនបែបនេះទេ ។ ចំពោះសព ត្រូវក្រុមគ្រួសារ និងមិត្តភក្តិនាំគ្នាទ្រហោយំអាឡោះអាល័យឈ្មោះកែវ សុគន្ថា ហៅបារាំង ដែលស្លាប់ទាំងវ័យក្មេងបែបនេះ ៕


ចែករំលែកព័តមាននេះ