ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​កូន​ត្រីពូជ​​3ម៉ឺន​ក្បាល មេត្រី​ពូជ​100គ.ក្រនិង​ដាំកូន​រាំង​100ដើម

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី៧ កក្កដាកន្លង​មក នៅបឹងត្រាវ ស្ថិតក្នុងភូមិ​តា​អោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់​ មានរៀបចំ​​ប្រារព្ធ​ទិវាមច្ឆជាតិ១ កក្កដា ​ក្រោម​អធិបតីភាព​លោកស្បោង សារ៉ាត​ អភិបាល​ខេត្ត និងលោក​ណៅ ធួក ប្រធានរដ្ឋបាលជលផល​ ។ ​អញ្ជើញ​​ចូល​រួម​ក្នុង​​ពិធី​នេះ​ដែរ​មានក្រុម​ប្រឹក្សាខេត្ត-ស្រុក ប្រធាន​

ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី៧ កក្កដាកន្លង​មក នៅបឹងត្រាវ ស្ថិតក្នុងភូមិ​តា​អោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់​ មានរៀបចំ​​ប្រារព្ធ​ទិវាមច្ឆជាតិ១ កក្កដា ​ក្រោម​អធិបតីភាព​លោកស្បោង សារ៉ាត​ អភិបាល​ខេត្ត និងលោក​ណៅ ធួក ប្រធានរដ្ឋបាលជលផល​ ។ ​អញ្ជើញ​​ចូល​រួម​ក្នុង​​ពិធី​នេះ​ដែរ​មានក្រុម​ប្រឹក្សាខេត្ត-ស្រុក ប្រធាន​-អនុប្រធានមន្ទីរ ការិយា​ល័យ​ជុំវិញខេត្ត អភិបាល-អភិបារងស្រុក កម្លាំងប្រដាប់អាវុធ មេឃុំ កម្លាំងកាកបាទក្រហម​​ស្ម័គ្រចិត្ត កាយប្ញទ្ធិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ​ និង​សិស្សានុសិស្ស​យ៉ាង​ច្រើនកុះករ ។  

លោកឌួង សំអាត​ នាយខណ្ឌរដ្ឋបាលជល​ផល​កំពង់សោម បានអានរបាយការណ៍​ស្វាគមន៍ និងរបាយការណ៍សង្ខេប​ពីប្រវត្តិបឹងត្រាវ ការ​អភិវឌ្ឍវារីវប្បកម្ម ការធ្វើ​អាជីវកម្មនេសាទ ការ​ការពារនិងអភិរក្ស​ធន​ធានជលផល ការ​រៀប​ចំ និងពង្រឹងសហគមន៍​នេសាទ និងការបណ្តុះ​បណ្តាលស្រាវជ្រាវ​ផ្សព្វ​ផ្សាយ បំផុស​ចលនា​សហគមន៍នេសាទ​តាមតំបន់​ ជាពិសេសនៅតាម​ដែននេសាទដែលបានកំណត់ ។

លោកណៅ ធួក​ បាន​មានមតិសំណេះ​សំណាល​ថា ទិវា​មច្ឆ​ជាតិ​១ កក្កដា គឺជាសក្ខី​ភាពនៃការយកចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិ​បាលកម្ពុជា ដើម្បីរួម​ចំណែកធានាសន្តិ​សុខ​ស្បៀងក្នុងមូលដ្ឋានផងនិង ដើម្បីថែ​រក្សា​ពូជ​ត្រីឱ្យមាននៅក្នុងដែនទឹក​ធម្មជាតិផង ។​ ជាក់​ស្តែងនៅក្នុងទិវាមច្ឆ​ជាតិដែលកំពុងប្រារព្ធធ្វើនេះ​គឺមានការរៀបចំលែងកូន​ត្រីពូជ​ចំនួន​៣ម៉ឺន​ក្បាល ត្រីមេពូជ​ចំនួន​១០០គីឡូ​ក្រាម និង​ដាំព្រៃលិចទឹក​(កូនរាំង)​ចំនួន​១០០ដើម ។

ក្នុង​ឱកាស​នោះ​ដែរ លោកស្បោង សារ៉ាត អភិបាលខេត្ត បានមានមតិសំណេះ​សំណាល និង​ផ្តាំផ្ញើឱ្យ​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ត្រូវ​ចូល​រួម​ទាំងអស់គ្នាដោយចាត់ទុកថា ការ​គ្រប់គ្រង​ថែ​រក្សាធនធានជលផលប្រកបដោយ​ប្រសិទ្ធភាព និងនិរន្តរភាពត្រូវផ្សារភ្ជាប់ទៅនឹងការធ្វើ​អាជីវ​កម្ម​សម​ស្រប ហើយក៏ត្រូវគិតគូរផងដែរ​ ពី​ការអភិ​រក្សជលផល ការដាំដុះព្រៃលិចទឹក ព្រៃ​កោង​កាង​​ឡើងវិញ និងការពារបរិស្ថាន​ជល​ផល ដែល​ទាំងនេះ គឺជាកិច្ចការដ៏មានសារសំខាន់ និង​​មានតម្លៃបំផុត សម្រាប់ ទ្រទ្រង់ជីវិតមនុស្ស សត្វ និងជីវចម្រុះឮផ្សេងៗទៀតជាច្រើន​សម្រាប់​បម្រើ​ការប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន និង​សម្រាប់​កូនចៅជំនាន់ក្រោយៗទៀត ។ ជាមួយ​គ្នានេះ​ដែរ លោកអភិបាល​ខេត្តក៏បាន​យកការ​ប្រារព្ធ​ទិវា១ កក្កដា ដែលប្រព្រឹត្តធ្វើ​នា​ថ្ងៃ៧ កក្កដា នេះ ​ចូលរួមអបអរសាទរ​ថ្ងៃ ៧ ​កក្កដា​ ដែល​ជាថ្ងៃដាក់បញ្ចូលប្រាសាទ ព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌពិភព​លោក ៕