រាជធានីភ្នំពេញ ៖ អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា រឿងផ្ទុះគ្រាប់មីននៅព្រំដែនកម្ពុជា-ថៃ បើសៀមចង់ប្តឹងកម្ពុជា ទៅ UN ពិតជាល្អហើយ តែគួរកាន់ដៃគ្នា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ជាមួយគ្នា ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ថា ក្រោយមានទាហានសៀម ជាន់គ្រាប់មីន ដោយមានម្នាក់ដាច់ជើងម្ខាង និងរបួសស្រាលចំនួន២នាក់ (តាមរយៈសារព័ត៌មានថៃ) ចុះផ្សាយលាបពណ៌មួលបង្កាច់លើកម្ពុជា រឿងគ្រាប់មីនចាស់ និងគ្រាប់មីនដាក់ថ្មី! ។
លោកលើកឡើងថា រដ្ឋមន្ត្រីការពារជាតិសៀមស្តីទី ស្នើសុំឱ្យកម្ពុជា ដោះគ្រាប់មីនចាស់ៗចេញ មេទ័ពជួរមុខសៀមថា គ្រាប់មីនសល់ពីសង្គ្រាម ក្រុមអង្គការដោះមីន និងក្រសួងការបរទេសសៀមថា គ្រាប់មីនដាក់ថ្មី និងប្រុងប្រៀប ប្តឹងកម្ពុជា ទៅ UN ជាដើម.. ។
លោកបញ្ជាក់ថា ៖ “ពិតជាច្របូកច្របល់មែន! មានអ្នកតាមសួរមតិយោបល់ខ្ញុំលើបញ្ហានេះ ខ្ញុំថា សូមពិនិត្យមើលទិដ្ឋភាពច្បាប់ នៃអនុសញ្ញាមីនអន្តរជាតិនេះ ត្រង់មាត្រាទី៥ មានចែងច្បាស់ថា បូរណភាពទឹកដីអ្នកណា អ្នកនោះទទួលខុសត្រូវ។ ជាក់ស្តែងឃើញមានរូបភាពតាមប្រពន្ធ័សង្គមជាច្រើននៅស្រុកសៀម បានធ្វើការផ្សព្វផ្សាយរូបភាពសកម្មភាពទាហានសៀម សម្រុកដាក់គ្រាប់មីនថ្មីៗ តាមព្រំដែនខ្មែរ-សៀម តើរដ្ឋបាលសៀម និងអង្គការដោះមីន នៅសៀម មានចាត់វិធានការស៊ើបអង្កេត ឬនៅ និងបានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀម ឱ្យចាត់វិធានការទប់ស្កាត់ ឬនៅ ?” ។
អគ្គនាយកស៊ីម៉ាក់កម្ពុជា បានលើកឡើងថា រឿងនេះ ករណីចង់ប្តឹងកម្ពុជាទៅ UN ពិតជាល្អហើយ ដូចនេះ គួរតែបបួលគ្នាដោយកាន់ដៃកម្ពុជា ទៅប្តឹងនៅ ICJ តែម្តង ព្រោះថា ICJ ជាតុលាការរបស់ UN នេះស្រាប់! ៕








ចែករំលែកព័តមាននេះ