ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី និង​អ៊ុយ​ក្រែន​វា.យ​គ្នា​ឥត​បន្ធូរ​ដៃ​ទោះ​បី​មាន​សំណើ​នៃ​បទ​ឈប់​បា.ញ់

1 នាទី មុន

ទី​ក្រុង​កៀវ៖ រុស្ស៊ី​ និង​អ៊ុយ​ក្រែន​កាល​ពី​យប់​មិញ​វាយ​ប្រហារ​គ្នា​យ៉ាង​ពេញ​ទំហឹង​។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​ស្គី អះ​អាង​ថា​រុស្ស៊ី​​បញ្ជូន​​មីស៊ីល​ជាង​៣០​គ្រាប់​ និង​ដ្រូន​៣០០​គ្រឿង​​វាយ​ប្រហារ​ទី​ក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​។ លោក​ថ្លែង​ថា​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​នៅ​តំបន់​ស៊ូមី (Sumy) ​រង​ការ​ខូច​ខាត​។…

ទី​ក្រុង​កៀវ៖ រុស្ស៊ី​ និង​អ៊ុយ​ក្រែន​កាល​ពី​យប់​មិញ​វាយ​ប្រហារ​គ្នា​យ៉ាង​ពេញ​ទំហឹង​។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេ​ឡិន​ស្គី អះ​អាង​ថា​រុស្ស៊ី​​បញ្ជូន​​មីស៊ីល​ជាង​៣០​គ្រាប់​ និង​ដ្រូន​៣០០​គ្រឿង​​វាយ​ប្រហារ​ទី​ក្រុង​តូច​ធំ​របស់​អ៊ុយ​ក្រែន​។ លោក​ថ្លែង​ថា​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់​ៗ​នៅ​តំបន់​ស៊ូមី (Sumy) ​រង​ការ​ខូច​ខាត​។ ​ប្រជា​ជន​រាប់​ពាន់​គ្រួសារ​គ្មាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​ទេ​។

កាល​ពី​យប់​មិញ​ផង​ដែរ​ អ៊ុយក្រែន​​​​វាយ​ប្រហារ​រុស្ស៊ី​យ៉ាង​ចាស់​ដៃ​។ ជា​ពិសេស​ រដ្ឋ​ធានី​ម៉ូ​ស្គូ​ជា​គោល​ដៅ​ធំ​ជាង​គេ​។ គិត​ទាំង​យប់​មិញ​នេះ​ទៀត​ រុស្ស៊ី​អះ​អាង​ថា​អ៊ុយ​ក្រែន​វាយ​ប្រហារ​ម៉ូស្គូ​រយៈ​ពេល​បី​យប់​ជាប់​គ្នា​។​ អភិបាល​ក្រុង​ម៉ូស្គូ លោក​សឺហ្គេ ស៊ូប៊ី​យ៉ានីន (Sergey Sobyanin) ​ថ្លែង​ថា​​​អ៊ុយ​ក្រែន​វាយ​ប្រហារ​រយៈ​ពេល​២​ម៉ោង​។ គិត​ត្រឹម​​​​ម៉ោង​១:៤៦​រំលង​អធ្រាត្រ​​ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​រុស្ស៊ី​បាញ់​ទម្លាក់​ដ្រូន​របស់​អ៊ុយ​ក្រែន​១៣​គ្រឿង​ដែល​ប្រុង​ហោះ​សំដៅ​ទៅ​វាយ​ប្រហារ​ទី​ក្រុង​ម៉ូស្គូ​។

សំណាង​ល្អ​គ្មាន​ការ​ខូច​ខាត​សម្ភារៈ ឬ​ស្លាប់​ និង​របួស​មនុស្ស​​នៅ​ក្នុង​​ហេតុ​ការណ៍​នេះ​ទេ​។ ​​បណ្ដាញ​តេឡេក្រាម​របស់​រុស្ស៊ី​បាន​ដក​ស្រង់​សម្ដី​របស់​សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​នោះ​ផ្ទាល់​ភ្នែក​ដែល​​និយាយ​​ថា​ដ្រូន​ទាំង​នោះ​ត្រូវ​បាន​បាញ់​ធ្លាក់​នៅ​ក្បែរ​ទី​ក្រុង​ហ្សេឡិន​ណូ​ក្រាត (Zelenograd) ជា​ទី​ក្រុង​រណប​ស្ថិត​នៅ​ចម្ងាយ​៣៧​គីឡូ​ម៉ែត្រ​ភាគ​ពាយព្យ​ទី​ក្រុង​ម៉ូស្គូ​។​

កាល​ពី​រាត្រី​មុន​ៗ​នោះ​ រុស្ស៊ី​អះ​អាង​ថា​ដ្រូន​របស់​អ៊ុយ​ក្រែន​វាយ​ប្រហារ​​ទី​ក្រុង​ម៉ូស្គូ, សេន​ភីត​ថឺ​បួក (St. Petersburg), បែល​ហ្គោរ៉ូត (Belgorod), វ៉ូរ៉ូនេស (Voronezh) និង​​ទី​តាំង​ជា​ច្រើន​ទៀត​​។ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៨ ខែ​កក្កដា អ៊ុយ​ក្រែន​វាយ​ប្រហារ​​១​ប្រាវ​ទៀត​។ គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​នៅ​ក្បែរ​ទី​ក្រុង​ស្វ៊ីនី​ហ្គោរ៉ូត​ (Zvenigorod), អ៊ីស្ត្រា (Istra) និងហ្សេឡេ​ណូក្រាត (Zelenograd​)​។​

ឥឡូវ​នេះ លោក​ត្រាំ​ទុក​ពេល​ឱ្យ​រុស្ស៊ី​៥០​ថ្ងៃ​ពិចារណា​ទៅ​លើ​បទ​ឈប់​បាញ់​។ បន្ទាប់​មក លោក​នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម និង​ដំឡើង​ពន្ធ​​​​ទៅ​លើ​ទំនិញ​របស់​រុស្ស៊ី។ មុន​ពេល​ប្រកាស​នោះ ព័ត៌​មាន​ខ្លះ​ផ្សាយ​ថា​លោក​ត្រាំ​បាន​សាក​សួរ​ទៅ​អ៊ុយ​ក្រែន​ថា​តើ​ហ៊ាន​​​វាយ​ប្រហារ​​ទី​ក្រុង​ម៉ូស្គូ​​ទេ​? លោក​សួរ​ដូច្នេះ​នៅ​ក្នុង​ការ​​សន្ទនា​​តាម​ទូរស័ព្ទ​​ជា​មួយ​លោក​​ហ្សេឡិនស្គី​​​កាល​ពី​ខែ​មិថុនា​។

លោ​កហ្សេឡិនស្គី​ឆ្លើយ​តប​វិញ​ថា​​លោកហ៊ាន​វាយ​ប្រហារ។ សំខាន់​ឱ្យ​តែ​អាមេរិក​បញ្ជូន​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​​ទៅ​ឱ្យ​អ៊ុយ​ក្រែន។ ​ចាំ​អ៊ុយ​ក្រែន​បាញ់​ឱ្យ​មើល​។ បន្ទាប់​ពី​លេច​ឮ​ដំណឹង​នេះ រុស្ស៊ី​បាន​ចេញ​សេចក្ដី​ព្រមាន​ជា​ថ្មី​ថា​ខ្លួន​អាច​​នឹង​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​។ រុស្ស៊ី​និយាយ​រំលឹក​ថា​នយោបាយ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​​នៅ​រក្សា​ទុក​ជា​ធរ​មាន​​។

​នៅ​ក្នុង​នយោបាយ​នោះ​មាន​ចំណុច​មួយ​ចែង​ថា​ «​បើ​រដ្ឋ​មិន​មែន​នុយ​ក្លេអ៊ែរ​វាយ​ប្រហារ​រុស្ស៊ី ឬ​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​ដោយ​មាន​រដ្ឋ​នុយ​ក្លេអ៊ែរ​ចូល​រួម​ដោយ​ផ្ទាល់​ ឬ​ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​ រុស្ស៊ី​ចាត់​ទុកថា​អ្នក​ជួយ​ពី​ក្រោយ​ខ្នង​នោះ​ក៏​ចូល​រួម​វាយ​ប្រ​ហារ​រុស្ស៊ី​ផង​ដែរ​»។ ​​​​បើ់​ពួក​គេ​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ រុស្ស៊ី​សូម​រក្សា​​សិទ្ធិ​វាយ​ប្រហារ​ទៅ​លើ​រដ្ឋ​​ដែល​នៅ​ពី​ក្រោយ​ខ្នង​​តែ​ម្ដង​។ ដោយ​សារ​រុស្ស៊ី​ប្រើ​សម្ដី​ខ្លាំង​បែប​នេះ​ហើយ​ទើប​បាន​ជា​អតីត​អធិការ​បតី​អាល្លឺម៉ង់​ លោក​អូឡាហ្វ​សូល (Olaf Scholz)​ មិន​ហ៊ាន​បញ្ជូន​មីស៊ីល​ម៉ាក​ថូរ៉ូស (Taurus) ទៅ​ឱ្យ​អ៊ុយ​ក្រែន​។

​កុំ​ថា​ឡើយ​អាល្លឺម៉ង់​ សូម្បី​តែ​ត្រាំ​ខ្លួន​ឯង​ក៏​ខ្លាច​រអា​នឹង​នុយ​ក្លេអ៊ែរ​របស់​រុស្ស៊ី​ដែរ​។ បន្ទាប់​ពី​សារ​ព័ត៌​មាន​ហ្វាយ​ណាន់​សល ថាមស៍ (Financial Times) ចុះ​ផ្សាយ​អំពី​បញ្ហា​នេះ លោក​ត្រាំ​ដក​ពាក្យ​ដែល​លោក​​ធ្លា​ប់​សន្ទនា​គ្នា​ស្ងាត់​ៗ​នោះ​មក​វិញ​។ ត្រាំ​ថា​លោក​ហ្សេឡិនស្គី​គួរ​កុំ​វាយ​ប្រហារ​ទី​ក្រុង​ម៉ូស្គូ​​ជា​ការ​ល្អ​ជាង​។ លោក​បញ្ជាក់​ថា​អាមេរិក​គ្មាន​គម្រោង​បញ្ជូន​​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ទេ​។​ ខាង​លើ​នេះ​ជា​ការ​ដក​ស្រង់​ប្រភព​ពី​កៀវ​ អ៊ីន​ឌី​ផឹន​ដឹន (kyivindependent), រ៉យ​ទ័រ (Reuters) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ