ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែកកូនឈើនិងដាំកូនឈើជាង1ម៉ឺនដើមអបអរបុណ្យរុក្ខទិវា

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ សង្កាត់រដ្ឋបាលព្រៃ​ឈើ​ខ្សាច់កណ្តាលបានរៀបចំពិធីចែកចាយ និងដាំ កូនឈើជាង១ម៉ឺនដើមដល់វត្តអារាម និង​ប្រជា​ពលរដ្ឋ ព្រមទាំង​អាជ្ញាធរ ដើម្បី​អប​អរ​បុណ្យ​រុក្ខទិវា ៩ កក្កដា ២០១១ ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពីផ្នែករដ្ឋបាលព្រៃឈើកណ្តាល លោកមេឃុំ លោកភូមិ និងប្រជាពលរដ្ឋយ៉ាង​ច្រើន​

ខេត្តកណ្តាល ៖ សង្កាត់រដ្ឋបាលព្រៃ​ឈើ​ខ្សាច់កណ្តាលបានរៀបចំពិធីចែកចាយ និងដាំ កូនឈើជាង១ម៉ឺនដើមដល់វត្តអារាម និង​ប្រជា​ពលរដ្ឋ ព្រមទាំង​អាជ្ញាធរ ដើម្បី​អប​អរ​បុណ្យ​រុក្ខទិវា ៩ កក្កដា ២០១១ ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពីផ្នែករដ្ឋបាលព្រៃឈើកណ្តាល លោកមេឃុំ លោកភូមិ និងប្រជាពលរដ្ឋយ៉ាង​ច្រើន​កុះករ។ ពិធីនេះបានប្រារព្ធធ្វើឡើងកាលពី ព្រឹកថ្ងៃទី៥ កក្កដា ក្នុងបរិវេណវត្តព្រៃលាក់ម្ចាស់ ស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។

លោកសោម ខ័ន្ធរិទ្ធ នាយសង្កាត់រដ្ឋបាល​ព្រៃឈើខ្សាច់កណ្តាល បានថ្លែងថា ថ្ងៃនេះ សង្កាត់​រដ្ឋបាលព្រៃឈើខ្សាច់កណ្តាល មានកិត្តិ​យស​ដ៏ឧត្តុង្គឧត្តម និងសប្បាយរីករាយបំផុត ដោយបានរួមសហការជាមួយអាជ្ញធរ​ស្រុក​ខ្សាច់​កណ្តាល ព្រមទាំងមន្រ្តីរាជការ សិស្សានុសិស្ស​រៀប​ចំពិធីចែកចាយ និងដាំកូនឈើនាឱកាស​នេះក្នុងបរិវេណវត្តព្រៃលាក់ម្ចាស់ ដើម្បីអបអរ​សាទរ​ថ្ងៃបុណ្យរុក្ខទិវា ៩ កក្កដា ២០១១។ លោក​បានបន្តថា ប្រជា​ជនរាប់រយលាននាក់​នៅ​លើពិភពលោកបានពឹងផ្អែកមួយផ្នែកធំទៅលើ​ផលិតផលដែលប្រមូលយកចេញពីព្រៃឈើ។ កន្លងមករហូតដល់បច្ចុប្បន្ន យើងតែងតែ​ទទួល​ស្គាល់ថា ព្រៃឈើមាន​ផល​ប្រយោជន៍ និង​សារ​សំខាន់លើសលប់បំផុត​ចំពោះមនុស្សជាតិ ដូចជា​ផ្តល់ឈើប្រើប្រាស់ក្នុងសំណង់គ្រប់យ៉ាង ជាអុសសម្រាប់​ដុត​ ជា​គ្រឿង​សង្ហារិម​សម្រាប់​ប្រើប្រាស់ក្នុងជីវភាពរស់នៅ​ ជា​ជម្រក​សត្វ​ព្រៃ​គ្រប់ប្រភេទ​ បង្កើនជីជាតិដល់ដី​ ទប់ទល់ការហូរ​ច្រោះដី និងកែសម្រួលធាតុអាកាសជាដើម។

លោកនាយសង្កាត់រដ្ឋបាលព្រៃឈើខ្សាច់​កណ្តាល​បានបន្តទៀតថា ដោយមើលឃើញ​នូវ​ផលប្រយោជន៍នៃព្រៃឈើ សង្កាត់រដ្ឋ​បាល​ព្រៃ​ឈើខ្សាច់កណ្តាលចំណុះ​ឱ្យផ្នែករដ្ឋ​បាលព្រៃ​ឈើ​កណ្តាល បានរៀបចំថ្នាលបណ្តុះ​កូន​ឈើ​មួយ​កន្លែង​ស្ថិតក្នុងភូមិព្រែកយាយ​ហិន២ ឃុំឫស្សី​ជ្រោយ ស្រុកមុខកំពូល ដើម្បីចែកចាយ​ជូន​ប្រជាពលរដ្ឋ​តាមសាលារៀន​ វត្ត​អារាម និង​ស្ថាប័នរដ្ឋក្នុងស្រុកមុខកំពូល និងស្រុកខ្សាច់​កណ្តាលទាំងមូល។ ចំពោះការងារ​បណ្តុះកូន​ឈើ​នៅក្នុងឆ្នាំ២០១១នេះ សង្កាត់រដ្ឋបាលព្រៃឈើ​ខ្សាច់កណ្តាលបានបណ្តុះកូនឈើសរុបចំនួន​២៤.៨០០ដើម ក្នុងនោះមានកូនឈើគគីរ​ចំនួន១.៨០០ដើម កូនបេង៩.៣៥០​ដើម កូន​ច្រេស២.០០០ដើម កូនខ្នុរ៧៥០ដើម កូន​ស្វាយ​៤០០ដើម និងកូនអាកាស្យា១០.៥០០​ដើម។ ទន្ទឹម​នឹងនេះ សង្កាត់រដ្ឋបាលព្រៃឈើខ្សាច់​កណ្តាល បានចែកចាយកូនឈើប្រភេទ​ប្រណីត (បេង) ចំនួន៣.៥០០ដើម​ដល់វត្តអារាម​ចំនួន​១០វត្ត កូនឈើអាកាស្យាចំនួន៥.០០០ដើម​ដល់​សាលាស្រុកខ្សាច់កណ្តាល និងកូនឈើហូប​ផ្លែ​ជូនប្រជាពលរដ្ឋយកទៅដាំជាលក្ខណៈគ្រួសារ​ចំនួន៥.១៥០ដើម សរុបទាំងអស់ចំនួន​១៣.៦៥០​ដើម។ លោកបាន​បន្ត​ថា ថ្ងៃនេះកូន​ឈើ​ដែលត្រូវដាំនិងចែកចាយជូនប្រជាពល​រដ្ឋ និងវត្តអារាមសរុបចំនួន៤.១៥០ដើម ក្នុង​នោះ​ដាំក្នុងបរិវេណវត្តមានកូនបេង កូន​ច្រេស កូន​គគីរ និងកូនអាកាស្យា​សរុបចំនួន១.៥៥០ដើម។ ចែកចាយជូនប្រជាពលរដ្ឋយកទៅធ្វើការដាំដុះ​ជាលក្ខណៈគ្រួសារមានកូនស្វាយ ​កូនខ្នុរ កូន​ច្រេស និងកូនអាកាស្យាសរុបចំនួន២.៦០០​ដើម។

លោកសោម ខ័ន្ធរិទ្ធ បានថ្លែងអំណរគុណ​ ​និង​សម្តែង​នូវមនោ​សញ្ចេតនា​អប​អរ​សាទរ​យ៉ាងកក់ក្តៅ​ចំពោះលោក​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកណ្តាល លោក​មេឃុំ លោក​មេភូមិ ប្រជា​ពលរដ្ឋ ព្រមទាំងលោកគ្រូ​អ្នកគ្រូ សិស្សានុ​សិស្ស​ទាំងអស់ ដែលបាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​ចាយ និងដាំកូន​ឈើ​ក្នុងថ្ងៃនេះ ហើយ​លោក​ក៏​បាន​សំណូមពរដល់​ប្រជា​ពលរដ្ឋទាំង​អស់​រួម​គ្នា​យកកូនឈើទៅធ្វើ​ការ​ដាំដុះ និងថែទាំ​ឱ្យ​បាន​ល្អ៕