ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំង​​​​នាយ​ខណ្ឌ​​​រដ្ឋ​បាល​​​ជលផល​​​ខេត្ត​កំពង់​ឆ្នាំង​​​និងពោធិ៍​សាត់​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​-ពោធិ៍សាត់​ ៖ កាលពីព្រឹក​​ថ្ងៃ​ទី៤ ខែកក្កដា​ នៅ​​​សាល​ប្រជុំ​​សាលា​​ខេត្ត​កំពង់​​​ឆ្នាំង មាន​​​រៀបចំ​​ពិធី​ប្រកាស​តែងតាំង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​​កំពង់​ឆ្នាំង​ ថ្មី ក្រោម​​អធិបតីភាព​លោក​​ប៉ោ ទ្រី រដ្ឋលេខាធិការ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​​​ និង​នេសាទ​ លោក​ទូច ម៉ារីម​ អភិបាល​​ខេត្ត​កំពង់​ឆ្នាំង​ និង​​លោក​ណៅ ធួក

ខេត្ត​កំពង់​ឆ្នាំង​-ពោធិ៍សាត់​ ៖ កាលពីព្រឹក​​ថ្ងៃ​ទី៤ ខែកក្កដា​ នៅ​​​សាល​ប្រជុំ​​សាលា​​ខេត្ត​កំពង់​​​ឆ្នាំង មាន​​​រៀបចំ​​ពិធី​ប្រកាស​តែងតាំង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​​កំពង់​ឆ្នាំង​ថ្មី ក្រោម​​អធិបតីភាព​លោក​​ប៉ោ ទ្រី រដ្ឋលេខាធិការ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​​​ និង​នេសាទ​ លោក​ទូច ម៉ារីម​ អភិបាល​​ខេត្ត​កំពង់​ឆ្នាំង​ និង​​លោក​ណៅ ធួក ប្រធាន​​រដ្ឋ​បាល​​ជលផល​ និង​មាន​ការ​ចូល​រួម​​ពី​​​មន្ត្រីរាជការ​​ជុំ​វិញ​​ខេត្ត​​ជា​ច្រើន​​រូបទៀត ។

លោក​ណៅ ធួក​ បាន​​មាន​ប្រសាសន៍​​​ថា លោក​កែវ ថាយ អតីត​​នាយ​ខណ្ឌ​​រដ្ឋបាល​​​ជល​ផល​​កំពង់​ឆ្នាំង ត្រូវ​​បាន​ផ្ទេរ​​​ភារកិច្ច​​ឱ្យ​ទៅ​បម្រើ​ការ​​ងារ​នៅរដ្ឋ​​បាលជលផល​ថ្នាក់​កណ្តាល​ និង​តែងតាំង​​ជំនួស​​ដោយ​លោក​សេង ប៊ុនឈឿន ជានាយ​​រង​ខណ្ឌ​​​​ទទួល​បន្ទុក​​រួម​វិញ ។ លោក​​បាន​បញ្ជាក់​​​ថា ​នេះ​ជាការ​​ផ្ទេរ​​​ភារកិច្ច​​ដែល​​តាម​​ក្រឹត្យ​ក្រម​​​នាយ​ខណ្ឌ​ នាយ​អធិការ​​គឺ​មាន​​កំណត់​​ត្រឹម​តែ​​​២​ឬ៣​ឆ្នាំ​​ប៉ុណ្ណោះ ត្រូវ​ផ្ទេរ​​​ដាក់​អ្នក​ថ្មី​ជំនួស​វិញ ។ លោក​ប្រធាន​​​រដ្ឋបាល​​ជលផល​​ក៏​បាន​​​​លើក​​ឡើង​​​​នូវ​ប្រសាសន៍​​របស់​សម្តេច​​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​​ថា បើ​យើង​​លែង​​កូន​ត្រី​រាប់​លាន​​ក្បាល​​ចូល​ក្នុង​ទន្លេ​តែគ្មាន​​ការ​បង្ក្រាប​​​ក៏​​នៅ​​តែវិនាស​​​ដែរ ​ ព្រោះ​​​លបឬអួន​ ស្បៃមុង បើ​​យើង​មិន​​បង្ក្រាប​​​ទេ ​ក្នុង​១យប់​​វា​បាន​​ចាប់​​បំផ្លាញ​កូន​ត្រី​រាប់​សិប​តោន​​ច្រើន​ជាង​​ការ​ដែល​យើង​លែង​ នោះទៀត​ ។ តាម​​គម្រោង​ក្នុង​ឆ្នាំនេះ យើង​នឹង​​​​លែង​កូន​​បង្កង​ឱ្យ​បាន​កន្លះ​​​លាន​​​ក្បាល​ ។

លោក​​ទូច ម៉ារីម អភិបាល​ខេត្ត​ មាន​ប្រសាស​ន៍​​​ថា ជាទិសដៅ​បន្ត​​​គឺ​យើង​ផ្សព្វ​ផ្សាយ​​បទ​បញ្ជា​​​លេខ​​០១​តទៅ​​ទៀត​ឱ្យ​បាន​​​ជ្រាប​ដល់​​ប្រជា​ពលរដ្ឋ​១០០%​ បំផុស​ការ​ចូលរួម​ការពារ​​​ធនធាន​ជលផល​​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ ជំរុញ​​ការ​​ត្រួត​ពិនិត្យ​ជា​ប្រចាំ​កុំ​ឱ្យ​បទ​ល្មើស​នេសាទ​កើត​ឡើង​​វិញ ធ្វើ​ការ​យ៉ាងម៉ឺង​ម៉ាត់​​​​ការ​បង្ក្រាប​​បទ​​ល្មើស​​​ នាំយក​​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ។ ចំណែក​​​នាយ​រង​ខណ្ឌ​​​​ថ្មីនេះ នឹង​ដាក់​បញ្ចូល​​ជា​​មួយ​​គណៈ​​បញ្ជាការ​​​ឯកភាព​​​ខេត្ត​ហើយ​រាល់​​ការ​​ប្រជុំ​ប្រចាំសប្តាហ៍​​ត្រូវ​រាយ ការណ៍ ។ លោក​​ក៏​បាន​សំណូមពរ​​ ត្រូវ​​បង្កើន​​សាមគ្គី​​ភាព​ផ្ទៃ​ក្នុង​​​ឱ្យ​​បាន​ល្អ​ សហការ​ជាមួយ​កម្លាំង​​សមត្ថកិច្ច​និង​អាជ្ញាធរ​​​មូល​ដ្ឋាន​​ឱ្យ​បាន​ល្អ​​ដើម្បី​​បង្ក្រាប​​​​បទ​ល្មើស​​​​នេសាទ​​ ប្រើ​ប្រាស់​កម្លាំង​​តាម​ឋានានុក្រម​​ឱ្យ​អស់​​​លទ្ធភាព ។

លោក​​ប៉ោ ទ្រី រដ្ឋលេខាធិការ​​​ក្រសួង​​កសិកម្ម​​​​​​រុក្ខា ប្រមាញ់​​ និង​នេសាទ​មាន​​ប្រសាសន៍​​ថា  ការ​​ផ្លាស់​​ប្តូរ​សម្រួល​​​ភារកិច្ច​ គឺជារឿង​ធម្មតាទេ ដើម្បី​​ជាការ​ដក​បទ​ពិសោធន៍​​ឱ្យ​កាន់​​​តែល្អ​ប្រសើរ​ ។ ក្រសួង​កសិកម្ម​មាន​​រដ្ឋបាល​​ជល​ផល​ជាសេនាធិការ​ក្នុង​ការការពារ​​ធនធាន​​ជលផល​ឱ្យ​បាន​​​គង់​វង្ស​ និង​មាន​​និរន្តរភាព​ ។​
ដោយឡែក​​​​នៅ​ខេត្តពោធិ៍សាត់​ ពិធី​​​ប្រកាស​​​​ចូល​កាន់​​តំណែង​នាយខណ្ឌ​​រដ្ឋបាល​ជលផល​​​ពោធិ៍​​សាត់​​ថ្មី បាន​ប្រារព្ធ​ធ្វើ​នៅ​​សាល​ប្រជុំ​សាលា​ខេត្ត​នាព្រឹក​ថ្ងៃទី​​៤ កក្កដា​​នោះ​ដែរ​ក្រោម​​អធិបតីភាព​លោក​​ប៉ោ ទ្រី ​រដ្ឋលេខាធិការ​​​​ក្រសួង​​​​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដោយ​មាន​ការ​​​​ចូលរួម​ពីលោក​ណៅ ធួក ​ប្រធាន​​រដ្ឋបាល​​​និង​លោក​ខូយ សុខា អភិបាល​​ខេត្ត ។

តាម​ប្រកាស​លេខ​៣៩០ ចុះ​ថ្ងៃទី​​១ កក្កដា ​២០១១ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​​នេសាទ​​ ​បាន​សម្រេច​​ប្រគល់​​ភារកិច្ចជូន​លោក​ផា ស្រូយ ជានាយ​រងខណ្ឌ​រដ្ឋបាល​​ជលផល​​ពោធិ៍​​សាត់​ថ្មីទទួល​បន្ទុក​​រួម​ជំនួស​​លោក​សេង ស៊ុនហ៊ួត ដែល​ត្រូវ​ផ្ទេរ​​ភារកិច្ច​ឱ្យ​ទៅ​​បម្រើ​​ការ​ងារ​​នៅរដ្ឋ​​បាល​​ជលផល​ថ្នាក់​កណ្តាលវិញ ។

លោក​ណៅ ធួក ​ថ្លែង​ថា ខណ្ឌរដ្ឋបាល​​​ជល​ផល​​​ជាខ្សែបណ្តោយ​របស់​រដ្ឋបាល​​​ជល​ផល​​ ហើយ​​​ស្ថិត​នៅ​​​ក្រោម​​ការ​គ្រប់​គ្រង​​របស់​​​អភិបាល​​ខេត្តដូច​ជា ការ​​ចូល​ជា​សមាជិកអភិ វឌ្ឍ​​​​ន៍​ខេត្ត​ និង​សមាជិក​គណៈ​បញ្ជាការ​​ឯកភាព​​​ខេត្ត​​ជាដើម ដូចមន្ទីរ​​ឬ​អង្គភាព​នានា​ដែរ​​ ប៉ុន្តែ​​​កន្លង​មក​ប្រហែល​​ជា​មាន​អ្នក​យល់​ខុស​ឬ​បក​ស្រាយ​​ខុស ទើប​បណ្តាល​ឱ្យ​​មាន​ការ​ភាន់​​ច្រឡំ​​ថា ខណ្ឌ​​​រដ្ឋបាល​​​ជលផល​​​ឯក​រាជ្យដាច់​​ដោយ​ឡែក​តែឯង​ មិន​ចំណុះឱ្យ​ខេត្ត​ ។ ដោយ​សារ​​​បន្ទាន់​ពេក​​ ទើប​ថ្ងៃនេះ​យើង​ប្រកាស​​​ជានាយ​រង​​ខណ្ឌ​​ទទួល​​បន្ទុក​​រួម​សិន ព្រោះ​ត្រូវ​ការ​​ឆ្លង​​មុខងារ​សាធារណៈទៀត​ ។ អង្គទូត​ឬអង្គ​ការ​ក្រៅរដ្ឋាភិបាល​​នានា​ ២ឬ៣​​​ឆ្នាំ​ តែង​តែ​ធ្វើ​ការ​​​​​ដោះដូរ​​ទៅកន្លែង​​ផ្សេង​​ដើម្បី​ដក​ស្រង់​​បទ​ពិសោធន៍​​គ្នា​ យ៉ាង​ណា​មិញ​ នាយ​ខណ្ឌ​​រដ្ឋ​បាល​​ជលផល​​​​យើង​ក៏ដូចគ្នា​ដែរ ។

លោក​ខូយ សុខា ​បាន​​កោត​​សរសើរ​​​លោក​សេង ​ស៊ុនហ៊ួត​​ អតីត​នាយ​ខណ្ឌរដ្ឋបាល​​​ជលផល​​​ពោធិ៍សាត់​ ដែល​កន្លង​មក​បាន​​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​​ និង​សមត្ថកិច្ច​​ គ្រប់​សកម្ម​ភាព​​ក្នុង​ការ​​អភិវឌ្ឍ ការ​បង្ក្រាប​​​បទ​ល្មើស​​ និង​ជួយ​​ឧបត្ថម្ភ​​ដល់​កង​ទ័ព ប៉ុន្តែ​ទោះ​ជា​យ៉ាង​​ណា​​នៅ​តែ​មាន​​ការ​ខ្វះ​​ចន្លោះ​​ខ្លះៗ​ ព្រោះ​​​មន្ត្រី​​មាន​​តិច ឯបទ​ល្មើស​នេសាទ​​មាន​ភាព​ស្មុគ​ស្មាញ​​មហា​សាល​ ។ អ្នក​​​​ត្រូវ​​​ផ្លាស់​​​ចេញ​ និង​អ្នក​ចូល​ថ្មី​ សុទ្ធតែ​​មាន​​ភារកិច្ច​​​ តាម​​តួនាទី​របស់​​ខ្លួន​​ ​ក្រោម​ការ​ប្រគល់​​ភារកិច្ច​​​ជូន​របស់​​រដ្ឋ​​បាល​ជលផល​​​​ថ្នាក់​កណ្តាល។

លោក​ប៉ោ ទ្រី បាន​​ស្នើ​​ឱ្យ​លោក​សេង ស៊ុន​ហ៊ួត  នឹងនរ​ក្នុងចិត្ត​ ព្រោះ​ថា​ការផ្ទេរ​​​ភារកិច្ច​​ជារឿង​​​ធម្មតា​របស់​មន្ត្រី​រាជការ​​​នៅ​គ្រប់​​ស្ថាប័ន​ ក្រសួង​ មន្ទីរ គ្មាន​អ្វីប្លែកទេ ជាការ​ផ្លាស់​​ប្តូរ​បទពិសោធន៍​​​ និង​រៀនសូត្រ​ពីគ្នា​​ទៅវិញ​ទៅមក​ដើម្បី​​​ពង្រឹង​​ការ​​ដឹកនាំ​​គ្រប់គ្រង​​ឱ្យ​កាន់​​​តែរីក​ចម្រើន​។ គ្មាន​​អ្នក​ណា​ម្នាក់​​ឈរជើង​​​នៅ​មួយ​កន្លែង​រហូតទេ​ ព្រោះ​​​ជាតម្រូវ​ការ​​របស់​រាជ​រដ្ឋា​ភិបាល​ ហើយ​អស់​លោក​ លោក​ស្រី​​នៅទីនេះ​​ក៏​ប្រហែល​​មួយចំនួន​​ធ្លាប់​​ផ្លាស់​ប្តូរ​​ដែរ ជាក់​ស្តែង​​ដូចជា​រូប​លោក​ជា​ដើម​។​ លោក​រដ្ឋលេខាធិការ​​បាន​ផ្តាំផ្ញើ​​ដល់​លោក​ផា ស្រូយ សូម​ខិតខំ​​បន្ត​ដឹក​នាំ​​ការងារ​​លើការ​បង្ក្រាប​​បទ​ល្មើស​​នេសាទ​ឱ្យ​ថយ​ចុះ​ជាលំដាប់​​ចាប់​ពីពេល​នេះតទៅ​ ៕