ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​កសិ​ដ្ឋាន​​ចិញ្ចឹម​​មាន់​ចោទ​ប្រកាន់​​សមត្ថ​កិច្ច​ចម្រុះ​​ចាប់​មាន់​បង្ខាំង​ទុក​​ងាប់​រដូក​រណែល​

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ស្ដ្រី​ម្ចាស់​ កសិដ្ឋាន​ចិញ្ចឹម​​មាន់​យក​សាច់​មួយ​​កន្លែង​​នៅ​ឯ​ជាយ​ដែន​ខ្មែរ​-​សៀម​ថា​ បាន​ស្ទាក់​ចាប់​បង្ខាំងទុក​រថយន្ដ​ដឹក​មាន់​​ស្របច្បាប់​របស់​គាត់​យូរ​ ម៉ោង​ពេក​ បណ្ដាល​ឱ្យ​មាន់​​ទាំងនោះ​ងាប់រ​ដូ​ក​រណែល​មិន​អាច​លក់​​នៅ​​ទីផ្សារ​បាន ​ធ្វើ​ឱ្យ​គាត់​មានការ​ខាត​បង់​រាប់​

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ស្ដ្រី​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​​មាន់​យក​សាច់​មួយ​​កន្លែង​​នៅ​ឯ​ជាយ​ដែន​ខ្មែរ​-​សៀម​ថា​ បាន​ស្ទាក់​ចាប់​បង្ខាំងទុក​រថយន្ដ​ដឹក​មាន់​​ស្របច្បាប់​របស់​គាត់​យូរ​ម៉ោង​ពេក​ បណ្ដាល​ឱ្យ​មាន់​​ទាំងនោះ​ងាប់រ​ដូ​ក​រណែល​មិន​អាច​លក់​​នៅ​​ទីផ្សារ​បាន ​ធ្វើ​ឱ្យ​គាត់​មានការ​ខាត​បង់​រាប់​ពាន់​ដុល្លារ​។ ​ទោះជា​យ៉ាងណា​ ស្ដ្រី​​ម្ចាស់​កសិ​ដ្ឋាន​​រូប​នេះ​​មិន​បាន​ធ្វើការ​ប្ដឹងប្ដល់​ទៅ​តាម​ផ្លូវច្បាប់​ប្រឆាំង​ទៅ​នឹង​ក្រុម​សមត្ថកិច្ច​ចម្រុះ​ទាំងនោះ​ទេ​ គ្រាន់តែ​​ទ​ទូច​ឱ្យ​មន្ដ្រី​ថ្នាក់​លើ​ជួយ​ពិនិត្យ​ករណី​នេះ​ផង ​ដើម្បី​ការពារ​ផល​ប្រយោជន៍​​​ប្រជាពលរដ្ឋ​ស្លូតត្រង់។

អ្នក​ស្រី​ផុ​ន សុភ​័ណ្ឌ អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិ​បាលិ​លេយ្យ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដ​បន្ទាយ​មាន​ជ័យ ​ដែល​អះអាង​​ថា ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​សាច់​នៅ​តំបន់​ព្រំដែន​ខ្មែរ​-​សៀម ​បាន​ថ្លែង​ប្រាប់​តាម​ទូរ​សព្ទ័​កាលពី​ព្រឹក​ថ្ងៃ​ទី​៤ កក្កដា ​ថា ​មាន់​របស់​គាត់​ប្រមាណ​ជាង​៧០០​ក្បាល​ក្នុង​ចំណោម​មាន់​​យក​សាច់​ជាង​មួយ​ពាន់​ក្បាល​​​បាន​ងាប់​មិន​អាច​លក់​ទៅ​ឱ្យ​ម៉ូយ​បាន​ បន្ទាប់​ពី​សមត្ថ​កិច្ច​ចម្រុះ​​ស្ទាក់​ចាប់​កាលពី​វេលា​ម៉ោង​​ជាង​១​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ក​ក្កដា​កន្លង​ទៅ ដោយ​សង្ស័យ​ថា​មាន់​ទាំងនោះ​នាំ​ចូល​ពី​ស្រុក​សៀម និង​បង្ខាំង​ទុក​រហូត​ដល់​២៤​ម៉ោង​។

ស្ដ្រី​​​ដដែល​បញ្ជា​ក់ថា កូនប្រុស​របស់​គាត់​​បាន​ដឹក​មាន់​ទាំងនោះ​ចេញពី​កសិដ្ឋាន​ចិញ្ចឹ​ម​ដែល​មានច្បាប់​ត្រឹមត្រូវ​ដើម្បី​យក​ទៅ​បោះ​ដុំ​ឱ្យ​ម៉ូយ​នៅ​​ខេត្ដសៀមរាប និង​រា​ជធានី​ភ្នំពេញ លុះ​ទៅ​ដល់ភូមិសាស្ដ្រ​ស្រុក​ពួក​នៃ​ខេត្ដ​សៀម​រាប នា​​វេលា​ម៉ោងជាង១រំលង​អ​ធ្រា​ត្រ​ឈាន​​ចូល​ថ្ងៃ​ទី​៣ កក្កដា ក៏​មាន​សមត្ថកិច្ច​ចម្រុះ​មួយ​ក្រុម​នោះ​​ស្ទាក់​ចាប់​រថយន្ដ​ដឹក​មាន់​របស់​គាត់ ហើយ​កូនប្រុស​របស់​គាត់​បាន​បង្ហាញ​លិខិត​ស្នាម​ទៅ​ឱ្យ​សមត្ថកិច្ច ប៉ុន្ដែ​គេ​ប្រាប់​ថា​​លិខិត​នោះ​មាន​ភាព​មិន​ប្រក្រតី រួច​ធ្វើការ​សម្លុត​គំ​រាម​កំ​ហែង​អូស​រថយន្ដ​គាត់​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ដ។

ស្ដ្រី​រូប​នេះបាន​បញ្ជា​ក់​ទៀត​ថា ក្រោយ​ពី​ដឹង​ថា ​គេ​អូស​រថយន្ដ​ទៅ​ស្នងការ​ដ្ឋាន​​កូនប្រុស​របស់​គាត់​បាន​អង្វរក​​រសមត្ថកិច្ច​ទាំងនោះ​សូមកុំ​ឱ្យ​អូស​រថយន្ដ​ទៅ​អី ព្រោះ​មាន់​ចិញ្ចឹម​ហ្នឹង​វា​មាន​​​អាយុ​តែ​៤៥​ថ្ងៃ​ទេ បើ​ទុក​​យូរ​ពេក​វា​ប្រាកដ​ជា​​ងាប់​អស់​មិន​ខាន តែ​គ្មាន​អ្នក​ណា​ម្នាក់​ស្ដាប់​ពី​ហេតុផល​នេះ​​សោះ។ បន្ទាប់​​មកគេ​ក៏​អូស​រថយន្ដ​នោះ​ទៅ​កន្លែង​រក្សា​ទុក​រហូត​ដល់​​​២៤​ម៉ោង​ ទី​បំផុត​មាន់​ចាប់ផ្ដើម​ងាប់​រដូ​ក​រណែល ហើយ​គ្មាន​អ្នក​ទទួលខុសត្រូវ ។

ដោយ​សំឡេង​អួល​ដើម​កស្ទើរ​នឹង​ទ្រ​​ហោ​​យំ​​ អ្នក​ស្រី​ផុ​ន សុភ័ណ្ឌ រៀបរាប់​ប្រាប់​ថា មាន់​ដែល​សមត្ថកិច្ច​ចាប់​នោះ​មាន​ចំនួន​ជាង​មួយ​ពាន់​ក្បាល មាន​តម្លៃ​ប្រមាណ​មួយ​ម៉ឺន​ដុល្លារ តែ​មាន​ច្បាប់​តែ​មួយ​ពាន់​ក្បាល​ប៉ុណ្ណោះ គឺ​គាត់​បាន​ដាក់​លើស​បន្ដិច​ដើម្បី​ទុក​ដោះស្រាយ​បាយ​ទឹក​ឱ្យ​សមត្ថកិច្ច​តាម​ដង​ផ្លូវ ហើយ​សមត្ថកិច្ច​ដែល​​ចាប់​មាន់​គាត់​ហ្នឹង​ក៏​គាត់​ធ្លាប់​បង់លុយ​ឱ្យ​មួយ​ជើង​៥​ម៉ឺន​រៀល​ដែរ តែ​ជើង​ក្រោយ​នេះ​មិន​បាន​បង់ក៏គេ​ចាប់​តែ​ម្ដង​។ ទោះបីជា​បែប​​នេះក្ដី​ក៏ស្ដ្រី​ម្ចាស់​កសិដ្ឋាន​រូប​នេះ​មិន​បាន​ប្រាប់​អំពី​ជំហរ​ច្បាស់លាស់​ណា​មួយ​ក្នុង​ការ​ដាក់​ពាក្យបណ្ដឹង​តាម​ផ្លូវច្បាប់​ប្រឆាំង​​ទៅ​នឹង​សមត្ថកិច្ច​ចម្រុះ​នៅឡើយ​ទេ ​ដោយ​គ្រាន់តែ​ទទូច​សុំ​ឱ្យ​មន្ដ្រី​ថ្នាក់លើ​ជួយ​ពិនិត្យ​ទង្វើ​របស់​សមត្ថកិច្ច​ថ្នាក់​ក្រោម​ទាំងនោះ​ផង ដើម្បី​កុំឱ្យ​ពួក​គាត់​ប្រព្រឹត្ត​កំហុសឆ្គង​បែប​ហ្នឹង​តទៅ​ទៀត​។

នាព្រឹក​ថ្ងៃ​ទី​៤ កក្កដា​ នៅ​ពេល​ដែល​សួរ​ថា​ តើ​សមត្ថកិច្ច​មានកំហុសឆ្គង​ដូច​ការ​ចោទ​ប្រកាន់​របស់​ស្ដ្រី​ម្ចាស់​កសិដ្ឋាន​ខាងលើ​ឬ​យ៉ាង​ណា​​នោះ? លោក​វរ​សេនីយ៍​ទោ សឿ​ន សេន ​ប្រធាន​ការិយា​ល័យ​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​ដ្ឋាន​​នគរ​បាល​ខេត្ដ​ ដែល​បាន​ដឹកនាំ​កម្លាំង​​ស្ទាក់​ចាប់​រថយន្ដ​ដឹក​មាន់​នោះ​បាន​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ដោយ​លោក​​បញ្ជា​ក់ថា ​សមត្ថកិច្ច​បាន​អនុវត្ដទៅ​តាម​នីតិ​វិធី​ត្រឹមត្រូវ​គ្មាន​ការ​ចន្លោះ​ប្រហោង​នោះ​ទេ​។

លោក​បាន​បន្ថែម​ថា ​យើង​មិន​អាច​ស្ដាប់​រឿង​ហេតុ​តែ​ភាគី​ម្ខាង​នោះ​​ទេ​ ត្រូវ​តែ​​ស្ដាប់​ទាំង​សងខាង​ទើប​វា​មានការ​ប្រាកដ​ប្រជា​​ក្នុង​អាជីព​យើង​ជា​អ្នក​នាំ​ព័ត៌​មាន​ទៅ​ឱ្យ​សង្គម ។ មុន​នឹង​ឈាន​ទៅ​ដល់​ការ​ចាប់​រថយន្ដ​ដឹក​មាន់​នោះ​ យើង​​បាន​ការ​​ពឹងពាក់​ពី​សំណាក់​លោក​សាន វិជ្ជា​​សា​រា៉​វុ​ធ ជា​អនុ​ប្រ​ធាន​សាខា​កាំកុង​ត្រូល​​ខេត្ដ​បន្ទាយ​មានជ័យ ព្រោះមាន​ការ​​សង្ស័យ​ថា ​​មាន់​ទាំងនោះត្រូវ​បា​នលួច​នាំ​ចូល​ពី​ប្រទេស​សៀម​ឆ្ពោះទៅ​កាន់​ទី​ផ្សារខេត្ដ​សៀម​រាប ហើយក៏​មាន​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ដ​មួយ​រូប​ទៀត​តាម​រថយន្ដ​ដឹក​មាន់​នោះ​យ៉ាង​ប្រកិត​ទៀត​ផង​។
លោក​​វរ​សេនីយ៍​ទោ សឿន សេន បាន​បញ្ជាក់ថា ​តាម​សេចក្ដី​រាយ​ការណ៍​ដែល​ទទួល​បានគឺ​កសិដ្ឋាន​របស់​ស្ដ្រី​ឈ្មោះ​ផុ​ន សុភ័​ណ្ឌ នេះ​ស្ថិត​នៅ​តែ​ប្រមាណ​ជា​៥០០​​ម៉ែត្រ​ទៅ​៦០០​ម៉ែត្រ​ពី​ព្រំដែន​ខ្មែរ​-​សៀម​ប៉ុណ្ណោះ ដែល​អាច​ជា​ចំណុច​សង្ស័យ​ខ្ពស់​ថា មានការ​លួច​នាំ​មាន់​ចឹ​ញ្ចឹ​ម​ដែល​មាន​សារធាតុ​គីមី​ពី​ប្រទេស​សៀម​ចូល​មក​បន្លំ​ធ្វើ​ជា​មាន់​ចិញ្ចឹ​ម​ក្នុង​កសិដ្ឋាន​នោះ​។ ទន្ទឹម​នោះ ​ដូច​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា​ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​នៅ​ឯ​ប្រទេស​សៀម​មាន​ការ​ផ្ទុះជំងឺមាន់​​​​ងាប់​រាប់​ម៉ឺន​ក្បាល ហើយ​ក្រសួង​ពាណិជ្ជកម្ម​​ក៏បាន​ចេញ​សេចក្ដី​ប្រកាស​មិន​អនុ​ញ្ញាត​ឱ្យ​មានការ​នាំ​ចូល​មាន់​ទា​ពី​ប្រទេស​សៀម​ដែរ​ បើ​ទោះជា​មានច្បាប់​​ក្ដី ដូច្នេះ​ក្នុង​នាម​ជា​កង​កម្លាំង​យើង​ត្រូវ​តែ​អនុវត្ដឱ្យ​បានជា​ដាច់ខាត​។

លោក​បាន​បន្ដ​ថា ​យើង​មិន​ខ្លាច​ទេ​ចំពោះ​ការ​ប្ដឹង​ខណៈ​ដែល​យើង​ប្រតិបត្ដិ​ការតាម​នីតិ​វិធី ដើម្បី​បម្រើ​ប្រយោជន៍​សុខុមាលភាព​ជូន​ប្រជា​ពល​រ​ដ្ឋ និង​ភ្ញៀវ​ទេសចរ ហើយ​រឿង​នោះ​បើ​សិន​ជា​គាត់​ចង់​ប្ដឹង យើង​នឹង​ប្ដឹ​ងកូន​គាត់​ពី​បទ​រារាំង​ប្រតិបត្ដិការ​របស់​សមត្ថកិច្ច​ ព្រោះនៅ​ពេល​នោះ​គេ​បាន​ដក​សោ​រថយន្ដ​មិន​ព្រម​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច រួច​ហើយ​នាំ​គ្នា​អង្គុយ​លេងបៀរាប់​ម៉ោង​​ទាល់តែ​យើង​សុំ​គោលការណ៍​ពី​ព្រះ​រាជ​​អាជា្ញ និង​ប្រើប្រាស់កម្លាំង​អន្ដរាគមន៍​បន្ថែម​ទើប​​គេ​ព្រម​ ដែល​​នេះ​ជា​មូលហេតុ៕