ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​ត្រីពូជ​ជាង​20​តោន និងដាំកូនឈើ​ជាង​5​ពាន់​ដើម​ក្នុងឡូត៍​នេសាទ​​លេខ11

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ​​ម្ចាស់អាជីវកម្ម​ឡូត៍​​នេសាទលេខ១១ លោកឧកញ៉ា ​ឡូវ ហ៊ឹង បាន​រៀបចំ​ពិធីលែង​ត្រីពូជ​​​គ្រប់​ប្រភេទ​​​ជាង​២០តោន ​​និងដាំ​កូនឈើ​​ប្រភេទ​ព្រៃ​លិចទឹក​ជាង​​៥​ពាន់ដើម ​ដើម្បីធ្វើ​ការ​អភិវឌ្ឍ​​ក្នុងឡូត៍​នេសាទ​ ។ ពិធីនេះ​​ប្រារព្ធ​​ធ្វើ​ឡើង​​​នៅក្នុង​ដែនឡូត៍​លេខ​១១ ​ស្ថិត​នៅ​​ក្នុងឃុំ​ព្រែក​ជ្រៃ ​

ខេត្តកណ្តាល ៖ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា ​​ម្ចាស់អាជីវកម្ម​ឡូត៍​​នេសាទលេខ១១ លោកឧកញ៉ា ​ឡូវ ហ៊ឹង បាន​រៀបចំ​ពិធីលែង​ត្រីពូជ​​​គ្រប់​ប្រភេទ​​​ជាង​២០តោន ​​និងដាំ​កូនឈើ​​ប្រភេទ​ព្រៃ​លិចទឹក​ជាង​​៥​ពាន់ដើម ​ដើម្បីធ្វើ​ការ​អភិវឌ្ឍ​​ក្នុងឡូត៍​នេសាទ​ ។ ពិធីនេះ​​ប្រារព្ធ​​ធ្វើ​ឡើង​​​នៅក្នុង​ដែនឡូត៍​លេខ​១១ ​ស្ថិត​នៅ​​ក្នុងឃុំ​ព្រែក​ជ្រៃ ​ស្រុក​កោះធំ ​ក្រោម​អធិប​តី​ភាព​លោក​ឈុន ស៊ីរុន ​អភិបាល​ខេត្ត​ ​និង​​មាន​ការ​អញ្ជើញ​​ចូល​​រួម​ពី​មន្ត្រី​ជល​ផល កង​កម្លាំង​ប្រដាប់អាវុធ​​​ មន្ត្រី​រាជ​ការ និង​ប្រជា​ពល​រដ្ឋ​​យ៉ាង​ច្រើន​កុះករ​​។

លោកឧកញ៉ា​ឡូវ ហ៊ឹង ​​ម្ចាស់​អាជីវកម្ម​ឡូត៍​នេសាទ​​លេខ​១១ មានប្រសាសន៍​ថា ដោយអនុ វត្ត​​តាម​សា​រាចរ​​លេខ០០១ ​របស់​រាជ​រដ្ឋាភិបាល ​​​ក៏​ដូច​ជា​អនុវត្ត​តាម​​បទបញ្ជា​របស់ក្រសួង​​កសិ​កម្ម​រុក្ខា​ប្រមាញ់​ និងនេសាទ ក្នុង​នាម​​លោកជា​ម្ចាស់​​​អាជីវកម្ម​​ឡូត៍​​តែង​តែ​​អនុវត្ត​តាម​​ និង​ខិត​ខំ​​អភិវឌ្ឍន៍​​​ឡូត៍នេសាទ​​​ជា​រៀង​រាល់ឆ្នាំ ដើម្បី​បង្កើន​ទិន្ន​ផល​នេសាទ​ និង​បាន​ខិតខំ​បំផុស​ប្រជាពល​រដ្ឋ​​​កុំ​ឱ្យ​ប្រើប្រាស់​​​ឧបករណ៍​​នេសាទ​ខុសច្បាប់។

ជាក់ស្តែង​​​ក្នុង​ថ្ងៃនេះ ​យើងប្រារព្ធ​​ពិធីនេះ​​​ដោយមាន​ដុត​បំផ្លាញ​​ឧបករណ៍​​​នេសាទ​ខុស​ច្បាប់ដូច​ជា​ស្បៃ​មុង​ និងឧបករណ៍​​​ឆក់​ត្រីជាដើម ។ ​លោក​បាន​បន្ត​ទៀត​​ថា ​​ត្រីពូជ ​​ដែល​ត្រូវ​​លែង​នាពេលនេះ ​មាន​​​ជាង​២០តោន​​​ ក្នុងនោះ​មាន​កូនត្រី​​កន្ធរ ១៤៤.០០០​ក្បាល ​ត្រីរ៉ស់ ៥០០​​គីឡូក្រាម ត្រីប្រា ត្រី​ក្រាយ ​ត្រីកាប ​និង​ត្រី​សណ្តាយ​៤០០​គីឡូ​ក្រាម។ ជាមួយ​គ្នា​នេះ កូនឈើ​​ប្រភេទ​ព្រៃ​លិចទឹក ​មានកូន​រាំង ក្តុល ​សណ្តាន់ ​ត្រស់ និងកូនប្ញស្សី ​សរុប​ចំនួន​៥.៤០០​ដើម ​​ក៏​ត្រូវបាន​ដាំបន្ថែម​​ដើម្បី​​ជា​ជម្រក​​សម្រាប់​ត្រី​ពង​កូនដែរ ។ ​​កន្លងមក​នៅក្នុង​​ដែនឡូត៍លេខ​១១នេះ នៅ​ចំណុច​​ខ្លះ​មាន​​មមោក ​ល្បាប់គរ​ច្រើន ធ្វើ​ឱ្យ​ទឹក​រាក់ ហើយ​យើង​ក៏​បាន​បូមស្តារ ​ឱ្យ​ជ្រៅ​​​ឡើង​វិញ ​កុំ​ឱ្យ​ទឹកគោកបាត់​បង់​ពូជ​ត្រី នៅក្នុង​ដែនឡូត៍ ។  លោក​បាន​សំណូម​ពរ​​ដល់​ប្រជាពលរដ្ឋ​​​ សូម​កុំ​ឱ្យ​ប្រើ​ប្រាស់ឧបករណ៍​​នេសាទ​ខុសច្បាប់ និងជួយ​ថែ​រក្សា​​ពូជត្រី​​ និង​កូនឈើ​​ដែលបាន​លែង និង​ដាំ​ថ្ងៃនេះ​ឱ្យបាន​​គង់វង្ស ។

មាន​ប្រសាសន៍​​សំណេះ​សំណាល​​នា​ឱកាស​នោះដែរ លោក​ឈុន ស៊ីរុន ​អភិបាល​​ខេត្ត​បាន​ថ្លែង​ថា ​ត្រី​ជា​អាហារ​មួយសំខាន់​​របស់​​ប្រជា​ពលរដ្ឋ​​​ខ្មែរយើង​​មិន​អាច​​ខ្វះ​បាន ដូចនេះ​ក្នុង​នាម​លោក​ជា​អភិបាល​ខេត្ត​ លោក​តែង​តែ​​​ដឹកនាំ​​​​កម្លាំង​​សមត្ថកិច្ច​ និងសមត្ថ​កិច្ច​ជំនាញ​ជល​ផល​ធ្វើ​ការ​​​ទប់ស្កាត់​​​រាល់បទល្មើស​​នេសាទ​​​ខុស​ច្បាប់  និង​​បាន​ជំរុញឱ្យ​សមត្ថកិច្ចជំនាញ​​ចុះ​ធ្វើ​ការ​ពន្យល់​​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំ​ឱ្យប្រើ​ប្រាស់​​​ឧប​ករណ៍​​នេសាទខុសច្បាប់ ។ លោក​មាន​​ប្រសាសន៍​ទៀតថា នៅទូទាំង​​​ខេត្ត​កណ្តាល ឡូត៍ នេសាទ​ដែលសំបូរត្រីច្រើន​​ជាងគេ គឺ​ឡូត៍​លេខ ១១នេះ ។

លោក​ឈុន ស៊ីរុន បាន​​រំលឹក​ថា កាលពីឆ្នាំ​១៩៩៣ ​លោក​នៅ​ជាអភិបាល​​រង​ខេត្ត​កណ្តាល​នៅក្នុង​ឡូត៍​លេខ១០ និងឡូត៍​លេខ១ គឺ​​មានតែ​​ដើមក្តុល​មួយដើមគត់​ដែល​ធំ ។ ​​រហូតមក​ដល់​​បច្ចុប្បន្ន​​នេះ យើង​សង្កេត​​ឃើញថា ​​មាន​ដើម​​ឈើ​ប្រភេទ​​ព្រៃលិច​ទឹក​ច្រើនគួរ​ឱ្យ​​កត់​សម្គាល់ ។ ​​លោកបាន​​​ក្រើន​រំលឹក​ដល់​ប្រជា​ពល​​រដ្ឋ​ ក៏ដូច​ជា​​ម្ចាស់​អាជីវកម្ម​ឡូត៍នេសាទ​​​ ត្រូវ​​ខិត​ខំ​​​ថែរក្សា​​ព្រៃលិច​ទឹក និង​ដាំ​​ឱ្យ​បាន​​ច្រើន​ទៀត​សម្រាប់​ត្រីពង​កូនទៅ​ថ្ងៃអនាគត​​​ ដើម្បី​បង្កើន​ទិន្ន​ផល​ត្រី​ដែលជា​អាហារ​របស់​ខ្មែរ​​​មិន​​អាចខ្វះបាន ៕