រាជធានីភ្នំពេញ ៖ ក្នុងស្ថានភាពដែលសម្តេចតេជោ ហ៊ុន សែន បានឆ្លងជំងឺកូវីដ១៩ សម្តេចនៅតែបន្តបង្ហាញពីស្មារតីខ្លាំងក្លា និងសុខភាពល្អដោយការចូលរួមក្នុងកីឡាវាយកូនគោល ។

សម្តេចបានចែករំលែកពីការប្រកបដោយសុខភាពល្អនេះ តាមរយៈការប្រកាសជាសាធារណៈដោយលើកឡើងថា ទោះបីជាកំពុងឆ្លងជំងឺកូវីដក៏ដោយ សម្តេចនៅតែអាចវាយកូនគោលបាន ដោយមានកម្លាំងស្របពេលដែលគ្រូពេទ្យ និងបងប្អូនជិតខាងបានលើកទឹកចិត្តឱ្យបន្តហាត់ប្រាណ ។

សម្តេចបានមានប្រសាសន៍ថា៖ «អ្នកជំងឺកូវីដវាយកូនគោល! មានអ្នកបន់ឱ្យខ្ញុំឆាប់ជាដែលមានចំនួនច្រើនលើសលប់ និងមានអ្នកបន់ឱ្យខ្ញុំឆាប់ស្លា.ប់ដែលមានចំនួនតិចតួច ដែលសុទ្ធសឹងតែពួកជ្រុលនិយម ។ ព្រឹកនេះ ខ្ញុំប្រើពេលជាង៣ម៉ោង វាយកូនគោលកម្លាំងប្រៀបដូចយុវជនអាយុជាង៣០ឆ្នាំ ពេលវាយ driver ចេញ ។ គ្មានក្អក គ្មានហៀរសំបោរ ។ ទាំងគ្រូពេទ្យ និងបងប្អូនផ្សេងទៀតបានលើកទឹកចិត្តឱ្យខ្ញុំហាត់ប្រាណទើបឆាប់ជាសះស្បើយ ។

សម្តេចបានអះអាងថា ការវាយកូនគោល គឺជាកីឡាដែលសម្តេចចូលចិត្ត ហើយបានយកវាមកធ្វើជាការហាត់ប្រាណ ដើម្បីពង្រឹងសុខភាព ។ ទោះជាយ៉ាងណា សម្តេចនៅតែប្រុងប្រយ័ត្ន ក្នុងការការពារកុំឱ្យជំងឺឆ្លងទៅកាន់អ្នកដទៃ ជាពិសេសកូនៗដែលបម្រើការងារនៅតារាងកូនគោល ។




សម្តេចបានបន្ថែមថា៖ «ដរាបណាការធ្វើតេស្ត នៅតែមានវិជ្ជមានកូវីដ១៩ ខ្ញុំនៅតែមិនចូលរួមប្រជុំ ឬទទួលភ្ញៀវនោះទេ ។ ខ្ញុំសង្ឃឹមថា នឹងបានចូលរួមអាពាហ៍ពិពាហ៍កូនអ្នកឧកញ្ញាលី ហួរ នៅថ្ងៃ៧ មីនា ២០២៥ខាងមុខ។»

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីស្មារតីរឹងមាំ និងការប្រុងប្រយ័ត្នក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួន និងសុខភាពសង្គម ។ ការចូលរួមក្នុងកីឡាវាយកូនគោល គឺជាសក្ខីកម្មដ៏ជាក់ស្តែងនៃសុខភាពល្អរបស់សម្តេច និងការតស៊ូមិនចុះញ៉មនឹងជំងឺ ។ សម្តេចនៅតែបន្តជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕
ចែករំលែកព័តមាននេះ