ទីក្រុងវ៉ាស៊ីនតោន៖ អង់គ្លេសថ្លែងថាបញ្ហាសន្តិសុខជាតិអ៊ុយក្រែនទាល់តែអាមេរិកចេញមុខជួយជ្រោមជ្រែងទើបអាចទៅរួច។ ការថ្លែងដូច្នេះធ្វើឡើងតាមរយៈនាយករដ្ឋមន្ត្រីអង់គ្លេស លោកខៀស្តាមើ (Keir Starmer) ដែលត្រៀមបំពេញទស្សនកិច្ចនៅវ៉ាស៊ីនតោន និងត្រៀមជួបលោកត្រាំនៅសេតវិមាន។ ការថ្លែងដូច្នេះក៏ធ្វើឡើងស្របពេលដែលលោកត្រាំទើបតែប្រកាសកាលពីយប់មិញថាបញ្ហាសន្តិសុខជាតិអ៊ុយក្រែនលោកមិនអាចធានាបានឡើយ ហើយលោកទុកលទ្ធភាពនេះជូនទៅអឺរ៉ុបជាអ្នកធ្វើកិច្ចការនេះចុះ។ ម៉្យាងទៀត គោលបំណងរបស់អ៊ុយក្រែនដែលចង់ចូលជាសមាជិកអង្គការណាតូនោះក៏មិនអាចទៅរួចដែរ។
ដោយសារជំហរហាក់ដូចជាផ្ទុយគ្នា ថ្ងៃនេះ ថ្នាក់ដឹកនាំអង់គ្លេសជំរុញឱ្យអាមេរិកជួយជ្រោមជ្រែងនៅក្នុងផែនការដែលអឺរ៉ុបចង់បញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន បើមិនដល់ថ្នាក់បញ្ជូនកងទ័ពអាមេរិកទៅអ៊ុយក្រែនដោយផ្ទាល់ទេ ហោចណាស់ជួយជ្រោមជ្រែងពីក្រោយខ្នងនៅក្នុងរឿងនេះក៏បានដែរ។ លោកស្តាមើយល់ថាទាល់តែអាមេរិកចេញមុខជួយទើបបាន ទើបអាចធានាសន្តិភាពយូរអង្វែងនៅអ៊ុយក្រែន។ បើត្រឹមតែបទឈប់បាញ់រយៈពេលខ្លីទេមិនសូវមានប្រយោជន៍ប៉ុន្មានឡើយ។
មុនពេលចាកចេញដំណើរទៅជួបលោកត្រាំ នាយករដ្ឋមន្ត្រីអង់គ្លេសឆ្លៀតបញ្ជាក់ជំហររបស់លោកប្រាប់អ្នកសារព័ត៌មានថាអង់គ្លេសក៏ត្រៀមចូលរួមចំណែកក្នុងបេសកកម្មថែរក្សាសន្តិភាពនៅអ៊ុយក្រែនផងដែរ។ ប៉ុន្តែអង់គ្លេសអាចធ្វើដូច្នេះបានលុះត្រាតែអាមេរិកចេញមុខជួយជ្រោមជ្រែងពីក្រោយខ្នងជាមុនសិន។
គួរកត់សម្គាល់ថាចាប់តាំងពីលោកត្រាំផ្លាស់ប្ដូរនយោបាយរបស់លោកនៅក្នុងបញ្ហាអ៊ុយក្រែន ជាពិសេស ដើរផ្ទុយពីនយោបាយរបស់លោកបៃដិន និងចាប់ផ្ដើមប្រេះឆាជាមួយអឺរ៉ុប អឺរ៉ុបក៏ចាប់ផ្ដើមរួមកម្លាំងគ្នា និងធ្វើនយោបាយការទូតកាន់តែសកម្មដើម្បីគាំទ្រទីក្រុងកៀវ។ ប៉ុន្តែផែនការបញ្ជូនកងរក្សាសន្តិភាពនោះហាក់ដូចជាមានបញ្ហាចម្រូងចម្រាសច្រើនណាស់។
គេមិនទាន់ដឹងថាតើផែនការនេះអាចទៅរួចឬអត់។ សម្រាប់ជាជំហររបស់រុស្ស៊ី រុស្ស៊ីប្រកាសជាហូរហែថាខ្លួនមិនទទួលយកផែនការនេះទេ។ ចំណែកការអះអាងរបស់លោកត្រាំថា «លោកពូទីនមុខជាគាំទ្រឱ្យអឺរ៉ុបបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែន» ក៏ត្រូវវិមានក្រឹមឡាំងបដិសេធផងដែរ។ ឥឡូវនេះ សូម្បីតែនៅក្នុងចំណោមប្រទេសអឺរ៉ុប ប្រទេសខ្លះត្រៀមខ្លួនបញ្ជូនកងទ័ពទៅអ៊ុយក្រែនដូចជាបារាំងជាដើម ចំណែកប្រទេសខ្លះទៀតដូចជាប៉ូឡូញប្រកាសថាខ្លួនមិនបញ្ជូនកងទ័ពទៅទេ។
សម្រាប់លោកស្តាមើ លោកយល់ថាវាជារឿងសំខាន់ខ្លាំងមែនទែនដែលអាមេរិកត្រូវតែជួយជ្រោមជ្រែងនៅក្នុងរឿងនេះ។ និយាយទៅដូចអ្វីដែលលោកហ្សេឡិនស្គីធ្លាប់និយាយកាលពីមុនអីចឹងគឺថាអឺរ៉ុបតែម្នាក់ឯងមិនអាចធានាសន្តិសុខជាតិរបស់អ៊ុយក្រែនបានឡើយ។ លោកហ៊ានដល់ទៅនិយាយពាក្យថាអឺរ៉ុបការពារតែខ្លួនឯងមិនបានផង កុំថាឡើយមកការពារអ៊ុយក្រែន។
លោកស្តាមើមានជំនឿយ៉ាងមុតមាំថាអ៊ុយក្រែនត្រូវការសន្តិភាពយូរអង្វែងជាជាងបទឈប់បាញ់មួយសំណើ រួចហើយវិលទៅរកសង្គ្រាមសាជាថ្មី។ លោកពូទីនក៏ទើបតែបញ្ជាក់ជំហរកាលពីពេលថ្មីៗនេះថាលោកចង់បានកិច្ចព្រមព្រៀងសន្តិភាពដែលអាចដោះស្រាយបញ្ហាគ្រប់យ៉ាងឱ្យជ្រះស្រឡះដើម្បីឱ្យមានសន្តិភាពជាអចិន្ត្រៃយ៍ជាជាងបទឈប់បាញ់រយៈពេលខ្លី៕
ប្រភព៖ Reuters
ចែករំលែកព័តមាននេះ