ទីក្រុងម៉ូស្គូ៖ ថ្មីៗនេះ រុស្ស៊ីប្រកាសថាកងទ័ពរបស់ខ្លួនវាយដណ្ដើមបានទីតាំង២កន្លែងពីកណ្ដាប់ដៃរបស់កងទ័ពអ៊ុយក្រែននៅតំបន់ខឺស (Kursk) ខណៈដែលសង្គ្រាមរវាងមហាអំណាចយោធារុស្ស៊ី និងប្រទេសជិតខាងរបស់ខ្លួនមួយនេះ (អ៊ុយក្រែន) បន្តកើតឡើងយ៉ាងក្ដៅគគុកនៅពេលមានសញ្ញានៃការចរចាសន្តិភាព។ ភាគីទាំង២បន្តវាយកាន់កាប់ទឹកដីគ្នាទៅវិញទៅមកឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីឱ្យមានទម្ងន់នៅក្នុងការចរចាគ្នា និងងាយស្រួលតថ្លៃគ្នាផ្នែកនយោបាយ។
ខឺសជាទឹកដីរបស់រុស្ស៊ីដែលស្ថិតនៅជាប់នឹងព្រំដែនរុស្ស៊ី-អ៊ុយក្រែន ហើយត្រូវកងទ័ពអ៊ុយក្រែនវាយឆ្មក់ចូលកាលពីខែសីហា ឆ្នាំ២០២៤។ ពីដំបូងដៃ អ៊ុយក្រែនអាចកាន់កាប់តំបន់នេះបានរាប់ពាន់គីឡូម៉ែត្រការ៉េ។ ក្រោយមក រុស្ស៊ីដាក់ផែនការវាយបណ្ដេញអ៊ុយក្រែនឱ្យអស់ពីខឺសមុនលោកត្រាំស្បថចូលកាន់តំណែង។ ពួកគេវាយដណ្ដើមយកមកវិញបានខ្លះ និងហៅទាហានកូរ៉េខាងជើងទៅជួយច្បាំងថែមទៀតផង។
ទោះបីទាហានរុស្ស៊ីវាយបក និងដណ្ដើមបានតំបន់ខឺសមកវិញខ្លះក៏ដោយ ក៏លោកហ្សេឡិនស្គីនៅតែមានមោទកភាពជានិច្ច។ លោកបានថ្លែងកោតសរសើរមិនដាច់ពីមាត់ចំពោះវីរៈភាពអង់អាចក្លាហានរបស់យុទ្ធជនអ៊ុយក្រែនដែលខិតខំតស៊ូក្រាញននាលនៅលើសមរភូមិរហូតដល់អាចសម្រេចបានស្នាដៃប៉ុណ្ណេះអាចចាត់ទុកថាគ្រាន់បើហើយ។ ចាប់តាំងពីសង្គ្រាមលោកលើកទី២ក្រៅពីអ៊ីទ្លែដែលបញ្ជាទ័ពឱ្យវាយប្រហារប្រទេសរុស្ស៊ីគឺមានតែអ៊ុយក្រែនប៉ុណ្ណោះដែលហ៊ានធ្វើដូច្នេះ។
គោលបំណងធំរបស់អ៊ុយក្រែននៅពេលនោះគឺវាយហែកកម្លាំងរបស់រុស្ស៊ី។ អ៊ុយក្រែនចង់បញ្ឆោតរុស្ស៊ីឱ្យដកកម្លាំងខ្លះពីអ៊ុយក្រែនខាងកើតទៅខឺសដើម្បីការពារទឹកដីរបស់ខ្លួនវិញម្ដង។ ប៉ុន្តែរុស្ស៊ីចង់ផ្ដោតសំខាន់ទៅលើការកាន់កាប់ទឹកដីអ៊ុយក្រែនឱ្យបានពេញដៃ និងវាយសម្រុកទៅមុខទៀត។ ដូច្នេះរុស្ស៊ីមិនចាញ់ការបោកបញ្ឆោតរបស់អ៊ុយក្រែនទេ។
រុស្ស៊ីសុខចិត្តហៅទាហានកូរ៉េខាងជើងដើម្បីច្បាំងគ្នាជាមួយអ៊ុយក្រែន និងប្រើកងទ័ពឯកភាពយោធានៅតាមមូលដ្ឋានដើម្បីទប់ទល់។ លោកហ្សេឡិនស្គីក៏បានថ្លែងកោតសរសេរកងទ័ពអ៊ុយក្រែននៅសមរភូមិដូញ៉ែត (Donetsk) ភាគខាងកើតអ៊ុយក្រែនដែលមិនត្រឹមតែវាយទប់ទល់ដោយជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែចាប់ផ្ដើមវាយបកវិញជាបណ្ដើរៗទៅលើកងទ័ពរុស្ស៊ី។
នៅក្នុងស្ថានការណ៍វិវត្តចុងក្រោយនេះ ក្រសួងការពារជាតិរុស្ស៊ីប្រកាសថាកងទ័ពរបស់ខ្លួនវាយយកបានភូមិចំនួន២ឈ្មោះប៉ូក្រេបគី (Pogrebki) និងអ័រឡូវកា (Orlovka) ពីអ៊ុយក្រែននៅខឺស។ ទីតាំងនេះស្ថិតនៅទីក្រុងស៊ុតហ្សា (Sudzha) កៀកនឹងព្រំដែនអ៊ុយក្រែន។ នៅខឺសដដែលនេះ រុស្ស៊ីបន្តវាយបកទៅលើកងឯកភាពរបស់អ៊ុយក្រែន និងមូលដ្ឋានរបស់ពួកគេជិតដប់កន្លែង។
តាមរយៈការថ្លែងសុន្ទរកថានៅពេលរាត្រីកាលពីយប់មិញ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី កត់សម្គាល់ថាចាប់តាំងពីអ៊ុយក្រែនវាយឆ្មក់ចូលតំបន់ខឺសកាលពីឆ្នាំមុនរហូតមកដល់ពេលនេះមានរយៈពេលជិត៧ខែហើយ។ អ៊ុយក្រែនអាចបន្តឈរជើងនៅទីនោះបាននៅក្នុងតំបន់ទ្រនាប់នេះ។ លោកថាពួកគេចាប់ផ្ដើមស៊ូទ្រាំបាននឹងស្ថានការណ៍សឹកនៅទីនោះហើយ។
យោងតាមព័ត៌មានចុងក្រោយនេះ កូរ៉េខាងជើងនឹងបន្តជួយជ្រោមជ្រែងរុស្ស៊ីនៅតំបន់ខឺសទៀតទោះបីទាហានជាង១ម៉ឺននាក់ដែលបញ្ជូនទៅកាលពីវគ្គមុននោះបានពលីជីវិត និងរបួសអស់ជាច្រើនយ៉ាងណាក្ដី។ ថ្ងៃនេះ ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងឱ្យដឹងថារបបក្រុងព្យុងយ៉ាងត្រៀមបញ្ជូនកងទ័ពថ្មីៗទៅតំបន់ខឺសបន្ថែមទៀត។ សេវាសម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) ថ្លែងថាមិនត្រឹមតែកងទ័ពប៉ុណ្ណោះទេ កូរ៉េខាងជើងក៏បញ្ជូនអាវុធទៅរុស្ស៊ីផងដែរ៕
ប្រភព៖ Reuters និង Channel News Asia
ចែករំលែកព័តមាននេះ