ទីក្រុងវ៉ាស៊ីនតោន៖ លោកត្រាំបាននិយាយច្បាស់ហើយកាលពីយប់មិញថាលោកនឹងមិនចេញមុខការពារសន្តិសុខជាតិអ៊ុយក្រែនទេ។ លោកចង់ទុកលទ្ធភាពជូនទៅអឺរ៉ុបជាអ្នករ៉ាប់រងធ្វើកិច្ចការនេះ។ ចំណុចមួយទៀត បំណងប្រាថ្នារបស់អ៊ុយក្រែនដែលចង់ចូលជាសមាជិកអង្គការណាតូនោះក៏មិនអាចទៅរួចដែរ។ ការថ្លែងដូច្នេះបន្ទាប់ពីអាមេរិក និងអ៊ុយក្រែនទើបតែឯកភាពគ្នាទៅលើកិច្ចព្រមព្រៀងធ្វើអាជីវកម្មរ៉ែកម្រដែលមានតម្លៃរាប់រយពាន់លានដុល្លារ។
លោកត្រាំថាថ្លែងលោកហ្សេឡិនស្គីនឹងធ្វើដំណើរទៅវ៉ាស៊ីនតោនដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅថ្ងៃសុក្រសប្ដាហ៍នេះ។កិច្ចព្រមព្រៀងនេះអាចសម្រេចទៅបានបន្ទាប់ពីមានការចរចាគ្នាយ៉ាងតឹងសរសៃក។ ក្នុងនោះ អាមេរិកដាក់សម្ពាធឱ្យអ៊ុយក្រែនប្រគល់ធនធានរ៉ែដ៏កម្រ និងដ៏មានតម្លៃ។
លោកត្រាំថាតាមរយៈកិច្ចព្រមព្រៀងនេះ អ៊ុយក្រែនក៏ទទួលបានផលប្រយោជន៍ច្រើនផងដែរ។ លោកថាអាមេរិកនឹងមានវត្តមាននៅអ៊ុយក្រែន។ យើងនឹងស្ថិតនៅអ៊ុយក្រែន ហេតុដូច្នេះប្រៀបបាននឹងការផ្ដល់ការធានាសន្តិសុខអ៊ុយក្រែនដោយស្វ័យប្រវត្តិ។ គ្មាននរណាហ៊ានប៉ះពាល់ប្រជាជនយើងទេនៅពេលយើងនៅទីនោះ។
ទោះជាយ៉ាងណាក្ដី លោកត្រាំសូមបដិសេធករណីដែលអាមេរិកអាចនឹងផ្ដល់ការធានាសន្តិសុខជាតិជាផ្លូវការសម្រាប់អ៊ុយក្រែនតបតាមការចង់បានរបស់ទីក្រុងកៀវ។ លោកត្រាំថ្លែងថាលោកមិនអាចផ្ដល់ការធានាសន្តិសុខជាតិច្រើនលើសពីអ្វីដែលអាមេរិកអាចធ្វើបាននោះទេ។ យើងសូមទុកនាទីនេះជូនទៅអឺរ៉ុបជាអ្នករ៉ាប់រងធ្វើកិច្ចការនេះ។ អឺរ៉ុបជាប្រទេសជិតខាងរបស់អ៊ុយក្រែន។ ប៉ុន្តែយើងក៏ត្រូវធ្វើឱ្យប្រាកដថាអ្វីៗអាចប្រព្រឹត្តទៅរលូនផងដែរ។
ចំពោះសំណួរថាតើគួរធ្វើសម្បទានអ្វីខ្លះនៅក្នុងការចរចាគ្នា? លោកត្រាំឆ្លើយតបថាអ៊ុយក្រែនមិនអាចចូលជាសមាជិកអង្គការណាតូបានទេ។ លោកបញ្ជាក់ជាថ្មីថាមូលហេតុដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែនដោយសារអ៊ុយក្រែនចង់ចូលណាតូហ្នឹងហើយ។ លោកត្រាំថានៅក្នុងបញ្ហាណាតូ អ្នកគួរតែបំភ្លេចវាចោលទៅ។ អ្វីៗគ្រប់យ៉ាងកើតចេញពីរឿងនេះ (ចូលណាតូ)។
ការផ្ទុកផ្ដាក់ឱ្យអឺរ៉ុបចេញមុខការពារសន្តិសុខជាតិរបស់អ៊ុយក្រែននោះមិនទាន់ដឹងថាតើអឺរ៉ុបនឹងឯកភាពកម្រិតណាទេ។ ប៉ុន្តែកន្លងមកទាំងអ៊ុយក្រែន និងអឺរ៉ុបចង់ឱ្យអាមេរិកចូលរួមនៅក្នុងការការពារសន្តិសុខជាតិ។ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោកម៉ាក្រុងបាននិយាយរំលឹកលោកត្រាំថាអឺរ៉ុបមានផែនការបញ្ជូនកងរក្សាសន្តិភាពទៅអ៊ុយក្រែនក្នុងនាមជាអ្នកសង្កេតការណ៍ដើម្បីឃ្លាំមើលបទឈប់បាញ់។ ប៉ុន្តែលោកម៉ាក្រុងថាការគាំទ្ររបស់អាមេរិកពីក្រោយខ្នងជារឿងសំខាន់បំផុត។
នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នាយករដ្ឋមន្ត្រីអង់គ្លេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុបទេ ប៉ុន្តែក៏ជាប្រទេសស្ថិតនៅទ្វីបអឺរ៉ុបខាងលិចដូចគ្នា ក៏នឹងមានសារនយោបាយស្រដៀងនឹងលោកម៉ាក្រុងផងដែរ។ ប្រភពខ្លះបង្ហើបឱ្យដឹងថាអឺរ៉ុបមានផែនការបញ្ជូនកងទ័ពបីម៉ឺននាក់ទៅអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ឬកិច្ចព្រមព្រៀងសន្តិភាព៕
ប្រភព៖ ABC
ចែករំលែកព័តមាននេះ