ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង់​សំណាញ់តាម​​ប្រឡាយ​រន្ទះបា.ញ់​ស្លា.ប់បង​ថ្លៃឯប្អូន​ថ្លៃសន្លប់

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង​១២​ថ្ងៃ​ត្រង់រហូតដល់ម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ មិថុនា ភ្លៀង​បាន​ធ្លាក់​លាយឡំ​ទៅ​ដោយ​ផ្លេកបន្ទោរនៅលើអាកាស​គួរឱ្យ​ខ្លាច​បាន​បង្កឲ្យ​មាន​បាតុភូតធម្មជាតិរន្ទះបា.ញ់លាន់​​ឮ​កក្រើក​ដី និង​ធ្វើ​​ឱ្យ​បុរសខ្មែរអ៊ិស្លាម​២នាក់បង​ប្អូន​ថ្លៃ​ដែលកំពុងតែបង់សំណាញ់យក​ត្រីនៅ​តាម​ប្រឡាយ

ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង​១២​ថ្ងៃ​ត្រង់រហូតដល់ម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ មិថុនា ភ្លៀង​បាន​ធ្លាក់​លាយឡំ​ទៅ​ដោយ​ផ្លេកបន្ទោរនៅលើអាកាស​គួរឱ្យ​ខ្លាច​បាន​បង្កឲ្យ​មាន​បាតុភូតធម្មជាតិរន្ទះបាញ់លាន់​​ឮ​កក្រើក​ដី និង​ធ្វើ​​ឱ្យ​បុរសខ្មែរអ៊ិស្លាម​២នាក់បង​ប្អូន​ថ្លៃ​ដែលកំពុងតែបង់សំណាញ់យក​ត្រីនៅ​តាម​ប្រឡាយ ខាងត្បូងភូមិ​រកាពប្រាំទី២ ឃុំ​រកាព​ប្រាំ ស្រុកត្បូងឃ្មុំ បណ្តាលឲ្យស្លាប់បង​ថ្លៃ​ និង​ប្អូន​ថ្លៃរងរបួសរលាកជើងសងខាងសន្លប់ហើយ​ត្រូវ​បានអ្នកភូមិជួយសែងយកមកផ្ទះ ។

តាម​ព័ត៌​មាន​ពី​លោកអនុសេនីយ៍ឯក ឡុង សារិន អធិ​ការ​រងនគរបាលស្រុកត្បូងឃ្មុំ ទទួល​ផែន​យុត្តិ​ធម៌​បានប្រាប់ឲ្យដឹងថា អ្នកដែល​រង​គ្រោះដោយ​រន្ទះ​បាញ់ស្លាប់នោះឈ្មោះ​ហ៊ីម អាល់​ហ្វារី អាយុ៣០​ឆ្នាំ និងអ្នករបួសឈ្មោះ​លី ម៉ាអាត អាយុ២២ឆ្នាំ រស់​នៅភូមិឃុំខាងលើ។ ប្រភពបន្តថា មេឃដែល​បានបង្អុរភ្លៀង​មក​លើ​ភូមិរកាពប្រាំទី២ មិនជា​ខ្លាំងនោះទេ។ ខណៈ​នោះ​​បុរស​២នាក់ បងប្អូន​ថ្លៃ​បានស្ពាយសំណាញ់​ដើរ​ទៅបង់ត្រីនៅខាង​ត្បូង​ភូមិ​តាម​ប្រឡាយ​នៅ​ជាប់ផ្លូវលំដែល​​អតីត​អង្កការទ្រីបបានធ្វើជូន​ដល់​ប្រជាពល​រដ្ឋ​ប្រើប្រាស់។

ក្នុងពេល​ដែល​មេឃ​កំពុងតែរលឹមស្រិចៗ ស្រាប់តែមាន​រន្ទះ​បាញ់​លាន់ឮយ៉ាងខ្លាំង ដោយ​មាន​ផ្សែង​បាន​ហុយ​ឡើងខ្មៅត្រង់កន្លែង​បុរស​២​នាក់​នោះ​បង់​សំណាញ់។ ពេលនោះប្រជា​កសិករ​ដែល​កំពុង​តែ​បង្កបង្កើនផលនៅ​ចម្ងាយ​ប្រហែល​ជា១០០​ម៉ែត្របានឃើញស្ថានភាពបែបនេះក៏​បាននាំ​គ្នា​ដើរទៅមើល ស្រាប់តែ​ឃើញបុរសជា​បង​ថ្លៃ​បាន​ស្លាប់ទៅហើយ ដោយមានស្នាមខ្មៅ​រោល​លើទ្រូង និងបុរសជាប្អូនថ្លៃវិញ បាន​រង​របួស​​រលា​កជើងទាំងសងខាង​ដេក​​សន្លប់​​ស្តូក​ស្តឹង​​ឥត​កម្រើក​ត្រូវ​បានអ្នក​ភូមិ​នាំគ្នាជួយ​សែង​យកមក​ផ្ទះ។

លោកអនុសេនីយ៍ឯក ឡុង សារិន អធិការ​រង​នគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោយ​ការជួយសង្គ្រោះពីសំណាក់ក្រុម​សាច់​ញាតិនោះ​បុរសជាប្អូនថ្លៃបានដឹងខ្លួនឡើង រីឯ​បង​ថ្លៃ បានស្លាប់​ហើយ​ត្រូវបានរៀបចំធ្វើ​បុណ្យ​ទៅ​តាមប្រពៃណី​ខ្មែរអ៊ិស្លាម។ គួររំលឹកថា នៅ​ក្នុង​ឃុំរកាព​ប្រាំ ស្រុក​ត្បូងឃ្មុំនេះ កាល​ពីមុន​សំបូរ​ទៅ​ដោយ​ធន​ធាន​ធម្មជាតិព្រៃឈើណាស់ តែ​ក្រោយ​មកត្រូវបាន​ប្រជាពលរដ្ឋនាំគ្នាកាប់​រាន​ជា​បន្តបន្ទាប់ដើម្បីធ្វើ​ចំការដាំដំណាំរាល់ថ្ងៃ​ក្លាយ​ជា​ទីវាល​គ្មាន​​ដើម​ឈើ​​ដូច្នេះ​រាល់ពេលដែល​មាន​ភ្លៀងធា្លក់មកម្តងៗ​បង្ក​ឱ្យ​មាន​ខ្យល់ព្យុះ​បាន​បំប៉ើងផ្ទះ​របស់ប្រជាពលរដ្ឋរលំអស់ជាច្រើន​ខ្នង។ 

សូមបញ្ជាក់ថា គ្រាន់តែចាប់តាំងពីចុងរដូវ​ប្រាំង​រហូតមកដល់ថ្ងៃទី២៧ មិថុនា ២០១១ នេះ​ប្រជាពលរដ្ឋនៅក្នុងឃុំរកាពប្រាំត្រូវរន្ទះ​បាញ់ស្លាប់ ជាបន្តបន្ទាប់សរុបចំនួន៤នាក់​ហើយ៕