ខេត្តតាកែវ ៖ លោក ស្រី បេន អភិបាលខេត្តអមដោយមន្ត្រីជាច្រើននាក់ទៀតបានអញ្ជើញទៅពិនិត្យម៉ាស៊ីនបូមទឹកនៅស្ថានីយក្បាលពោធិ៍ក្នុងភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង កាលពីថ្ងៃទី២៥ មិថុនា ដោយមានការចូលរួមពីក្រុមការងារចុះជួយឃុំ ប្រធាន មន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោកជី ជីម មេឃុំសំបួរឱ្យដឹងថា ម៉ាស៊ីនបូមទឹកនៅស្ថានីយក្បាលពោធិ៍មានចំនួន២គ្រឿង ម៉ូទ័របូមទឹក១គ្រឿងដែលជាអំណោយរបស់សម្តេចតេជោហ៊ុន សែន តាមរយៈលោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាដែលជាអតីតប្រធានក្រុមការងារចុះជួយស្រុកទ្រាំងសំរាប់ស្រោចស្រពផ្ទៃដីស្រែវស្សារបស់ប្រជាពលរដ្ឋក្នុងឃុំ។ស្ថានីយបូមទឹកក្បាលពោធិ៍មានសក្តានុពលអាចស្រោចស្រពទឹកដល់ស្រែវស្សារបស់ប្រជាពលរដ្ឋទូទាំងឃុំបានចំនួន១.៧៤៩ហិកតា ហើយនៅពេលកន្លងទៅបើគ្មានភ្លៀងធ្លាក់ប្រជាពលរដ្ឋធ្វើស្រែវស្សាសង្ឃឹមលើទឹកពីស្ថានីយបូមទឹកនេះ។
លោក ស្រី បេន អភិបាលខេត្តតាកែវបានពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចទាំង៣ដែលជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា និងជាថ្នាក់ដឹកនាំកំពូលរបស់ជាតិយើងជូនប្រជាពលរដ្ឋ។ លោកថ្លែងថា លោកតាលោកយាយជ្រាបហើយថា សម្តេចទាំង៣បានតស៊ូគ្រប់ការលំបាកដើម្បីរំដោះបងប្អូនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងបានខិតខំដឹកនាំ និងកសាងអភិវឌ្ឍប្រទេសជាតិពីគំនរផេះផង់រហូតកសាងបានផ្លូវ សាលារៀន ស្រះទឹក ប្រឡាយ វត្តអារាម មន្ទីរពេទ្យ។
លោក ស្រី បេន មានប្រសាសន៍ថា បច្ចុប្បន្នសម្តេចតេជោហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលតែងណែនាំដល់មន្ត្រីនៅថ្នាក់ក្រោមឱ្យជួយប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ការលំបាករបស់ប្រជាពលរដ្ឋ គឺជាការគិតគូររបស់គណបក្សប្រជាជនកម្ពុជាដូចជានៅស្ថានីយបូមទឹកក្បាលពោធិ៍ តាមរយៈក្រុមការងារគណបក្សប្រជាជនកម្ពុជា សម្តេចបានផ្តល់ម៉ាស៊ីនបូមទឹក២គ្រឿង ម៉ូទ័រ១គ្រឿង សំរាប់ស្រោចស្រពទឹកដាក់ស្រែប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា យើងអត់សន្យាទេ ឃើញធ្វើឱ្យតែម្តង ឱ្យតែប្រជាពលរដ្ឋខ្វះខាត និងត្រូវការ ៕
ចែករំលែកព័តមាននេះ