ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសទីម័រខាងកើត​គាំទ្របេក្ខ​​ភាព​​កម្ពុជា ជាសមាជិក​​មិន​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​​​សន្តិសុខ អ.ស.ប

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ប្រធានាធិបតី​​ទីម័រ​ខាង​កើត លោក​​យ៉ូហ្សេ រ៉ាម៉ូស ហ័រតា បាន​គាំទ្រ​​បេក្ខ​​ភាពកម្ពុជា ជាស​មាជិក​​មិនអចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា​​សន្តិសុខ​អង្គការ​​​សហប្រជាជាតិ​​សម្រាប់អាណត្តិ​​​​២០១៣ និង​​២០១៤ ។ ប្រសាសន៍​គាំទ្រ​របស់លោកប្រធា​នាធិបតី​ទីម័រខាងកើត​​នាពេលនេះ បានធ្វើ​ឡើង​ក្នុងជំនួប​​​ពិភាក្សា​ជាមួយ​​សម្តេច​អគ្គ​មហា​ពញាចក្រី​ហេង សំរិន ​ប្រធានរដ្ឋសភា នៅវិមាន​​រដ្ឋសភា​ជាតិ ក្នុងរាជធានីភ្នំពេញ ​កាលពីព្រឹកថ្ងៃពុធ ទី​៣០ មីនា ​២០១១ នេះ ។​ នេះ​បើ​យោង​តាម​លោក​​គាំ កុសល ​ជំនួយ​ការ​ផ្ទាល់សម្តេច​​ហេង សំរិន ​ដែល​ថ្លែង​​តាមទូរស័ព្ទ​ប្រាប់​​កោះសន្តិ​ភាព​នៅប៉ុន្មាន​នាទីមុននេះ ។

លោកគាំ ​កុសល បន្ត​ថា នៅ​ក្នុង​​​ជំនួប​នេះ​ដែរ លោកប្រធានាធិបតី​ទីម័រ​ខាងកើត ​​លោក​យ៉ូហ្សេ រ៉ាម៉ូស ​ហ័រតា ​ក៏បានថ្លែង​អំណរ​គុណ​​ដល់​​កម្ពុជា ដែលបានគាំទ្រ​​បេក្ខភាពទីម័រ​ខាង​កើត​ជា​សមាជិក​អាស៊ាន​ទី​១១ ​ហើយ​ថា សមា​ជិក​សភា​ប្រទេស​ទីម័រ​ខាងកើតមាន​ចំនួន​​​១៣០​​នាក់ ក្នុងនោះ​​មានស្ត្រី​ចំនួន​​៣០​ភាគរយ។​ លោក​ប្រធានាធិបតី​​ទីម័រខាង​កើត​​ក៏បាន​​​ជម្រាប​​​សម្តេច​​ហេង សំរិន ដែរ​ថា នៅក្នុងប្រទេស​ទីម័រ​​​មាន​គណបក្ស​នយោបាយ​​​ចូលរួម​​ប្រកួត​ប្រជែង​​ក្នុង​ការបោះឆ្នោត​​​ចំនួន​​​៩​គណបក្ស ​ហើយ​ថា សេដ្ឋ​កិច្ច​ទីម័រ ​មិនជំពាក់​​បំណុល​​​​បរទេស​ណា​ទាំង​​អស់ ។​ ​លោក​យ៉ូ​ហ្សេ រ៉ាមូស ហ័រតា ​បន្ថែម​ថា ​ពេល​នេះ​​ទីម័រ​​ខាងកើត​​​កំពុងទាមទារ​​​ឱ្យ​មាន​​អ្នក​វិនិយោគ​​​ពីខាងក្រៅ ​ជាពិសេស​​ការ​វិនិ​យោគ​​​លើ​ផ្នែក​​លំនៅ​ឋាន​​ និងថាមពល​អគ្គិសនី៕​