ទីក្រុងបាងកក៖ ថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាឧបនាយករដ្ឋមន្ត្រីថៃ លោកអនុទីនបានចេញបញ្ជាឱ្យនគរបាលខិតខំការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្រោយហេតុការណ៍ឆេះសណ្ឋាគារនៅតាមដងវិថីខាវសាន (Khao San) នៃទីក្រុងបាងកកកាលពីយប់ថ្ងៃអាទិត្យបណ្ដាលឱ្យស្លាប់មនុស្សបីនាក់សុទ្ធតែជាជនជាតិបរទេស។ មនុស្សយ៉ាងតិច៧នាក់រងរបួស។
នេះជាសោកនាដកម្មដែលគួរឱ្យសោកស្ដាយ។ ជនជាតិបរទេសទាំងនេះធ្វើដំណើរទៅស្នាក់នៅសណ្ឋាគារនោះបំណងដើម្បីត្រៀមចូលរួមអបអរសាទរការដាច់ឆ្នាំចាស់ចូលឆ្នាំថ្មី ឬខោនដោន (countdown)។ លោកអនុទីនបានបញ្ជាឱ្យដើរឆែកមើលទាំងអស់នៅតាមទីតាំងស្នាក់នៅ, តំបន់ទេសចរណ៍ និងតំបន់កម្សាន្តទូទាំងប្រទេសថៃ។
អគ្គិភ័យដែលបានឆាបឆេះសណ្ឋាគារកម្ពស់៦ជាន់នៅតំបន់ខាវសាន នៃស្រុកព្រះនគរនោះកើតឡើងនៅម៉ោង៩:៤០យប់។ លោកអនុទីនបញ្ជាទៅអភិបាលនៃគណៈអភិបាលខេត្ត រួមទាំងអាជ្ញាធរដែនដីត្រូវតែចាត់វិធានការធានាសុវត្ថិភាពសម្រាប់អ្នកទេសចរមិនឱ្យពួកគេជួបនឹងគ្រោះភ័យអ្វីទាំងអស់នៅអំឡុងពេលនៃការឈប់សម្រាកលំហែកាយនៅដំណាច់ឆ្នាំនេះ។
យោងតាមព័ត៌មានចុងក្រោយ ក្រុមអ្នកកោសល្យវិច័យអាចកំណត់អត្តសញ្ញាណជនរងគ្រោះទាំងបីនាក់នោះបានហើយ។ ទី១-នារីជនជាតិប្រេស៊ីលអាយុ២៤ឆ្នាំដែលទើបតែភ្ជាប់ពាក្យហើយថ្មីៗកាលពីសប្ដាហ៍មុន, ទី២-បុរសវ័យ២៧ឆ្នាំជនជាតិអ៊ុយក្រែន និងទី៣-បុរសវ័យ៣៥ឆ្នាំជនជាតិអាមេរិក។ អាជ្ញាធរត្រៀមកញ្ចប់ថវិកាមួយចំនួនដើម្បីផ្ដល់ជាប្រាក់សំណង។
នារីជនជាតិប្រេស៊ីលនោះត្រូវគេប្រទះឃើញស្លាប់នៅក្នុងបន្ទប់សណ្ឋាគារដែលគេសង្ស័យថាអគ្គិភ័យផ្ដើមដំបូងចេញពីបន្ទប់នេះ។ ចំណែកបុរស២នាក់ទៀតនោះមុនដំបូងនៅរស់។ ប៉ុន្តែក្រោយពេលគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ពួកគេក៏ស្លាប់ទៅ។ ដោយឡែកនៅក្នុងចំណោមអ្នករបួស៧នាក់ទៀតនោះ ៥នាក់ជាជនជាតិបរទេស និង២នាក់ជាជនជាតិថៃ។
នៅពេលកើតហេតុនោះមានភ្ញៀវស្នាក់នៅក្នុងសណ្ឋាគារសរុប៧៥នាក់។ នៅក្នុងចំណោមនោះ ៣៤នាក់អាចជម្លៀសខ្លួនពីគ្រោះថ្នាក់ដោយឡើងទៅលើដំបូលសណ្ឋាគារ។ សាក្សីនិយាយថាអ្នកពន្លត់អគ្គិភ័យត្រូវវាយកញ្ចក់បង្អួចបន្ទប់ស្នាក់នៅដើម្បីទាញភ្ញៀវដែលកំពុងឈ្លក់ផ្សែងចេញមកខាងក្រៅ។
ប្រភពខ្លះអះអាងថាបុរសជនជាតិកូរ៉េបីនាក់ស្នាក់នៅក្នុងបន្ទប់ដែលមានភ្លើងឆាបឆេះដំបូង។ ប៉ុន្តែពួកគេមិនបានស្ថិតនៅទីនោះទេនៅពេលកើតហេតុ។ ក្រុមអ្នកស៊ើបអង្កេតកំពុងតាមរកពួកគេដើម្បីសួរចម្លើយ។ រដ្ឋាភិបាលនឹងផ្ដល់ប្រាក់សំណងមួយលានបាតសម្រាប់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗដែលបានស្លាប់ និងកន្លះលានបាតសម្រាប់អ្នកដែលត្រូវរបួស៕
ចែករំលែកព័តមាននេះ