ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សស្រី៨នាក់ត្រូវឃាត់មកអប់រំ​ ក្រោយ​បែ.ក​ធ្លាយវីដេអូណាត់វា.យគ្នា ក្នុងវត្តក្រ​បៅ

8 ម៉ោង មុន
  • កណ្តាល

ខេត្ត​កណ្តាល ៖ អាវុធហត្ថខេត្តកណ្តាល ស្រាវជ្រាវរយៈពេល០៨ថ្ងៃ ក្រោយវីដេអូបង្ហោះជាសាធារណៈ មានសិស្សស្រី០៨នាក់ វាយគ្នា នៅក្បែរស្រះទឹកវត្តក្របៅ​ ឃាត់យកមកអប់រំ ។…

ខេត្ត​កណ្តាល ៖ អាវុធហត្ថខេត្តកណ្តាល ស្រាវជ្រាវរយៈពេល០៨ថ្ងៃ ក្រោយវីដេអូបង្ហោះជាសាធារណៈ មានសិស្សស្រី០៨នាក់ វាយគ្នា នៅក្បែរស្រះទឹកវត្តក្របៅ​ ឃាត់យកមកអប់រំ ។

ការស្រាវជ្រាវឃាត់សិស្សខាងលើយកមកអប់រំនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤នឹង២០នាទីរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ដែលស្ថិតនៅភូមិតាខ្មៅ២ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

បន្ទាប់ពីមានការបែកធ្លាយវីដេអូ កេ្មងស្រីសិស្សសាលាចំនួន០៨នាក់ ប្រើអំពើហិង្សា(វាយគ្នាដោយដៃទៅវិញទៅមក) ភ្លាមៗ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាជំនាញខេត្ត លោកមេបញ្ជាការ ក្រុង ស្រុក ឲ្យស្រាវជ្រាវ ស្វែងរក ការពិតករណីខាងលើ ជាបន្ទាន់ ។

ក្នុងរង្វង់​ប្រតិបត្តិការស្រាវជ្រាវនេះ អស់រយៈពេល៨ថ្ងៃ កម្លាំងជំនាញបានរកឃើញថា គឺជាសិស្សសាលា នៅក្រុងតាខ្មៅ ។ ភ្លាមៗកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល និង កងរាជអាវុធហត្ថក្រុងតាខ្មៅ ស្នើសុំកិច្ចសហការពីលោកនាយកសាលា រហូតឈានដល់ អញ្ជើញសិស្សពាក់ពន្ធ័ក្នុងបង្កករណីហិង្សា ខាងលើ មកសាកសួរនៅក្នុង(ទីចាត់ការ) សាលា និងអញ្ជើញអាណាព្យាបាលទាំងឪពុកទាំងម្ដាយមកណែនាំ និងកិច្ចសន្យាធានាទើបអនុញ្ញាតឲ្យទៅវិញ ។

ជាមួយគ្នានោះ ដោយនៅចំពោះមុខគណៈគ្រប់គ្រងសាលា មានអាណាព្យាបាលរួមកម្លាំងកងរាជអាវុធហត្ថ សិស្សស្រីទាំង០៨នាក់នោះបានឆ្លើយសារភាពថា ពិតជារូបភាពរបស់ខ្លួន យ៉ាងពិតប្រាកដ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃ ០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១ព្រឹក មានសិស្សសាលាវិទ្យាល័យ ហ៊ុនសែនតាខ្មៅ ចំនួន ០៤នាក់ជិះម៉ូតូ ០២គ្រឿង មកមុខសាលាវិទ្យាល័យសេរីភាព ក៏ជួប សិស្សសាលាសេរីភាព ០៣នាក់ជិះម៉ូតូ ០១គ្រឿង ហើយគូភាគីសងខាងបានមើលមុខគ្នា ទៅវិញទៅមក ក៏ជិះម៉ូតូធ្វើដំណើរទៅគោលដៅរៀងៗខ្លួន ។ លុះនៅវេលាម៉ោង០១រសៀល ថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២៤ ភាគីសិស្សសាលាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានជិះម៉ូតូមកសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព បបួលណាត់គ្នាទៅវាយគ្នា នៅវត្តក្របៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

ខណៈនោះពួកគេក៏ធ្វើដំណើរ ដល់ស្រះទឹកក្នុងវត្តក្រប៉ោ ក៏បានចាប់គូរវាយគ្នា ដោយភាគីខាងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មាន០១នាក់ ចំណែកភាគីខាងវិទ្យាល័យ ហ៊ុន សែន សេរីភាព មានគ្នា០២នាក់ ប៉ុន្តែវាយគ្នាដំបូង ម្នាក់ទល់នឹងម្នាក់ ក្រោយមកទើបអោយអ្នកទីពីរចូលមកវាយបន្តទៀត ហើយក៏មានអ្នក​លួចថតរូប ។ ប៉ុន្តែក្នុងហេតុការណ៍នោះមិនបណ្តាលឲ្យមានរបួសស្នាមទាំងសងខាងនោះទេ បន្ទាប់មកគូរបក្ខដិបក្ខ ទាំងពីរ នាំគ្នាជិះម៉ូតូទៅផ្ទះរៀងៗខ្លួនបាត់តែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ