រាជធានីភ្នំពេញ ៖ ថ្លែងបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមាន៥០.៤៦ប៊ីលានដុល្លារអាមេរិក កើនជិត១៦ភាគរយធៀបនឹងឆ្នាំ២០២៣ក្នុងរយៈពេលដូចគ្នា ។
សម្តេចមហាបវរធិបតី បានលើកឡើងក្នុងពិធី «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» ដែលជាពិព័រណ៍ពាណិជ្ជកម្មកម្រិតអន្តរជាតិត្រូវបានធ្វើឡើងក្រោមមូលបទ ៖ «យុគសម័យថ្មីនៃ ពាណិជ្ជកម្ម» នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្ម ត្រូវធ្វើការឲ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីនាំចេញនូវផលិតផលសក្ដានុពលរបស់យើងទៅកាន់ទីផ្សារថ្មីៗឲ្យកាន់តែច្រើនថែមទៀត» ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមាន ៥០.៤៦ប៊ីលានដុល្លារអាមេរិកកើនឡើងប្រមាណ១៥.៩៥ភាគរយធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៣ ។
ក្នុងនាមរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិតជាមោទនភាព និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនដែលជានិច្ចកាល មានកិច្ចសហប្រតិបត្ដិការល្អ ក្នុងការទាក់ទាញវិនិយោគិន និងការជំរុញកំណើនពាណិជ្ជកម្មតាមរយៈការនាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក ។
ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជាមានទីផ្សារសមស្របទាំងក្នុងស្រុក និងអន្តរជាតិដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យបន្តស្វែងរកទីផ្សារថ្មីៗដែលផ្តល់ភាពអនុ គ្រោះពន្ធ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីតំបន់ និងពហុភាគីផងដែរ ។ សម្តេចមហាបវរធិបតីបានថ្លែងថា ការរក្សាទីផ្សារចាស់ជាកិច្ចការដែលត្រូវយកចិត្ត ទុកដាក់រក្សាឱ្យបាន ។ ការរក្សាឱ្យបានទីផ្សារចាស់ ម៉ូយចាស់ គឺងាយនឹងពង្រីកទីផ្សារថ្មី ម៉ូយថ្មី ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀតលើឧស្សាហកម្មប្រតិគមន៍ ដែលនឹងជួយទ្រទ្រង់ឧស្សាហកម្មសក្តានុពលនាពេលបច្ចុប្បន្ន ឱ្យមានភាពធន់ ជាពិសេសនៅពេលកម្ពុជាត្រៀមខ្លួនក្នុងការចាកចេញពីក្រុមប្រ ទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដោយរលូន និងប្រកបដោយចលនការ ៕
ចែករំលែកព័តមាននេះ