ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំព្រៃលិច​ទឹក​និង​ដាក់​លូ​ជាជម្រក​ត្រី​ក្នុង​កន្លែង​ត្រីមេពូជ

12 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ​យ៉ាង​ហោច​ណាស់កូន​ឈើ​​​ព្រៃ​លិច​ទឹក​​ចំនួន​២.៥០០​ដើម ​បង្គោលព្រំ​ប្រទល់​​ធ្វើអំពី​បេតុង​ចំនួន១០​ដើម ​​និងលូ​ស៊ីម៉ង់ត៍ចំនួន​៥​កង់ ​បានត្រូវ​ដាំ​ និងទម្លាក់​ក្នុង​កន្លែង​​អភិរក្ស ​​ត្រីមេពូជ​​ បឹងអំពិល​ទឹក របស់​សហ​គមន៍​​​នេ​សាទ​​បាក់​អំរែក​ដូន​ឥន្ទ ឃុំ​ព្រែក​ហ្លួង ​ស្រុកឯក​ភ្នំ ​​ខេត្ត​បាត់ដំបង

ខេត្តបាត់ដំបង ៖ ​យ៉ាង​ហោច​ណាស់កូន​ឈើ​​​ព្រៃ​លិច​ទឹក​​ចំនួន​២.៥០០​ដើម ​បង្គោលព្រំ​ប្រទល់​​ធ្វើអំពី​បេតុង​ចំនួន១០​ដើម ​​និងលូ​ស៊ីម៉ង់ត៍ចំនួន​៥​កង់ ​បានត្រូវ​ដាំ​ និងទម្លាក់​ក្នុង​កន្លែង​​អភិរក្ស ​​ត្រីមេពូជ​​ បឹងអំពិល​ទឹក របស់​សហ​គមន៍​​​នេ​សាទ​​បាក់​អំរែក​ដូន​ឥន្ទ ឃុំ​ព្រែក​ហ្លួង ​ស្រុកឯក​ភ្នំ ​​ខេត្ត​បាត់ដំបង ​​​កាលពីថ្ងៃទី​២៣ ​មិថុនា ឆ្នាំ ២០១១ ​ដោយមាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​​ខណ្ឌ​រដ្ឋ​បាល​​ជលផល​បាត់​ដំបង ​ផ្នែក​​ សង្កាត់ មេភូមិ ​តំណាង​​អាជីវករ​​ឡូត៍​នេ​សាទ សហគមន៍​​នេសាទ​​ និងសិស្សានុសិស្ស​សរុប​អ្នក​ចូលរួម​​១២០​​នាក់ ។

លោក​ហេង ពិសិដ្ឋ ​​នាយ​ខណ្ឌ​រដ្ឋ​បាល​ជល​ផល​បាត់ដំបង​ មានប្រសាសន៍​​​ជម្រាប​ជូន​ដល់​អ្នក​ចូល​រួម​ថា ព្រៃ​លិច​ទឹក​មានសារសំខាន់​បំផុត ​​ដល់​អាយុជីវិត​​​នៃវិស័យ​​ជល​ផល ។ ​ព្រៃលិច​ទឹក ​​ក៏​ជាផ្នែក​មួយ​នៃ​ភាព​ល្បីល្បាញ​​ និងចាំបាច់​​របស់​បឹង​ទន្លេសាប ​ដែលបានផ្តល់​​ជា​ជង្រុក​​​ត្រី​​​ទឹកសាប ​ប្រចាំ​ភូមិភាគ​អាស៊ីអាគ្នេយ៍ ។ ប៉ុន្តែពី​មួយ​ឆ្នាំ​​ទៅ​មួយឆ្នាំ ព្រៃ​លិច​ទឹក​ទទួល​​រង​ការ​​ទន្ទ្រាន ​​ការកាប់​រាន ឈូស​ឆាយ ​ដុតបំផ្លាញ ​​និងហ៊ុមព័ទ្ធ​យក​ដី​ ដើម្បីបម្រើ​​​ការ​ដាំដុះ​​ដំណាំ​កសិ​កម្ម និងសកម្ម​ភាពផ្សេងៗ​ ហើយ​ត្រីក៏ទទួល​រង​​នូវសម្ពាធ​យ៉ាងខ្លាំងដោយសារ​កំណើន​នេ​សាទ។ ​ផ្តើម​ចេញ​ពី​ពហុ​ប្រយោជន៍​​ព្រៃលិច​ទឹក ​រាជ​រដ្ឋាភិបាល​​កម្ពុជា​បានយកចិត្ត​ទុកដាក់​​​​យ៉ាង​​​ខ្លាំង​​ ដើម្បី​​​​ទប់ស្កាត់ ​និងប្រើ​ប្រាស់​​​​តំបន់​ទំនាប​ជុំ​វិញ​បឹង​ទន្លេសាប​​ប្រកប​ដោយ​​និរន្តរ​ភាព ​​ដោយ​ដាក់​ចេញនូវវិធាន​ការ​ម៉ឺងម៉ាត់​​​ ជាពិសេស​​​បទ​បញ្ជា​​លេខ០​១​បប ​ចុះ​ថ្ងៃទី២ កក្កដា ​​ឆ្នាំ​២០១០ ​​ស្តីពីការ​ចាត់វិធានការ​ និងការ​ការ​ពារតំបន់​ជុំ​វិញ ​​​បឹង​ទន្លេសាប​ និងបទ​បញ្ជា​​​លេខ០១បប ​ចុះ​ថ្ងៃ​ទី២២ ​ឧសភា ​ឆ្នាំ២០១១ ​ស្តីពីការ​​ចាត់វិធាន​​ការ​លុបបំបាត់​​​ភាព​អនាធិបតេយ្យនៃ​ការ​​ដាក់​​សម្រាស់​​ ធ្នស់ ​ព្រួល ​និងសំណង់​​កាត់ទទឹងទន្លេ ​ស្ទឹង ព្រែក ​​អូរ និង​បឹងបួ ​នៅតាម​​បណ្តា​ខេត្ត ​​ពាក់ព័ន្ធ​​នឹង​បឹង​ទន្លេសាប​ ក្នុងភូមិ​សាស្ត្រ​​ខេត្ត​បាត់​ដំបង ។

កន្លែង​​អភិរក្ស​​​ត្រី​មេពូជ​​​មាន​សារសំខាន់​​ណាស់ ​​ព្រោះ​​ជាជម្រក​ត្រីមេពូជ​​នៅនឹង​កន្លែង។ ​​ដោយឡែក​នៅ​ខេត្ត​បាត់ដំបង​ ​តាមបណ្តា​​សហ​គមន៍​​នេសាទ​​ទាំង​អស់​សុទ្ធសឹង​តែ​មានកន្លែង​​អភិ​រក្ស​​ត្រីមេពូជ​ ​ដែលតាម​រយៈ​​​ការ​ប្រឹងប្រែង​​របស់​សហគមន៍​​​នេសាទ​​ ត្រីមេពូជ​​ជាច្រើននៅ​សល់​​សម្រាប់​​បន្ត​ពូជ ពង​កូន​​ក្នុងរដូវ​បិទ​នេ​សាទ​នេះ។ ​​កន្លែង​អភិរក្ស​​​​​ត្រីមេពូជតាមសហគមន៍​​​ជា​ច្រើន ​បានធ្វើ​ការ​​កែលំអ​​​ដូច​ជា​ការស្តារបឹង​ដែលរីង​​រាក់ ​ការ​ដាក់លូ ​ការ​ដាក់​គល់​ឈើ​ជា​ជម្រក​ត្រី ​និងធានា​សុវត្ថិភាព​ត្រី ។ ​ពេលនេះ ​​ខណ្ឌ​រដ្ឋ​បាល​ ​​ជល​ផលបាត់ដំបង ​សហការ​ជា​មួយ​អាជ្ញា​ធរ​ ​ដែនដី​​ សហគមន៍​​នេសាទ រៀបចំដាំកូន​ឈើព្រៃ​លិច​ទឹក​ចំនួន​២.៥០០ដើម ​រួមមាន​​ប្រភេទ​​​រាំង បបួយ ​អញ្ចាញ ត្រស់ ​​រំដេញ ​​​នៅជុំវិញ​​កន្លែង ​អភិរក្ស​​​ និងទម្លាក់​​លូស៊ីម៉ង់ត៍​​​ចំនួន​៥​កង់ ដែល​​ជា​ការ​ជួយឧបត្ថម្ភ​​​របស់​អាជីវករ​​ឡូត៍​នេសាទ​​លេខ​០៨ ។ កូន​ឈើ​ដែល​ដាំនេះ ​នឹង​ក្លាយ​ជាជម្រក​​របស់​មច្ឆ​ជាតិ ​និងក្លាយ​ជាព្រៃ​​សម្រាប់​​ទេស​​ចរណ៍​​ធម្មជាតិ​ដូចគម្រោង​​​របស់​សហគមន៍​​​នេ​សាទ ហើយ​​សកម្ម​ភាព​ដាំ​កូនឈើ​​​​ព្រៃលិចទឹក​នេះ នឹ​ងក្លាយ​​ជាសារ​​ផ្សព្វផ្សាយ​​ដល់​សា​ធារណ​​ជន​ ឱ្យ​ឃើញ​ពីតម្លៃ​​​​​នៃព្រៃ​លិច​ទឹក និងជម្រុញ​​ចលនា​​ចូលរួមថែរក្សា​​​​ ការពារ​ព្រៃលិច​ទឹក ​​ឱ្យ​បាន​កាន់​តែ​​​ទូលំទូលាយ ។ ជាមួយ​គ្នានោះ លោក​នាយ​ខណ្ឌ​​​​បានថ្លែង​អំណរគុណ​ដល់​ប្រជា​​​កសិករ​​​​មានដីស្រែ​​ជុំវិញដែល​កាត់ដីស្រែ​​​មកវិញ​ ខ្លះ​សម្រាប់​​​កន្លែង​អភិរក្ស ​និងបាន​ធ្វើ​​ការណែនាំ​ដល់ប្រជាកសិករ​​ និងសិស្ស​ានុសិស្ស ​​ជួយផ្សព្វ​ផ្សាយ​​​ទប់ស្កាត់​​ការប្រើប្រាស់​​​ថ្នាំពុល ​គីមី ​ទៅ​លើ​​ស្រែ​​​​ចម្ការជុំវិញកន្លែង​​អភិរក្ស ​និង​មិន​ត្រូវ​​ចាប់​ត្រី​​ក្នុងចម្ងាយ​​៣០០​ម៉ែត្រជុំវិញកន្លែង​អភិរក្ស​ ​នៅពេល​ទឹកឆួល​ចូល​ដំបូង ព្រោះ​ជា​ពេលត្រី​មេពូជ​​​ចេញទៅ​​រក​សំបុក​ពងកូន ។

លោក​នាយខណ្ឌ​​បានរំលឹកថា ​​ត្រីនិង​ស្រូវ​ជា​ដៃគូ​​ចម្បង​​ក្នុងរបប​​អាហារ​​ប្រចាំថ្ងៃ​​របស់ប្រជា​ពល​រដ្ឋ​​​ ។ ខ្មែរ​ជា​សង្គម​​បរិភោគត្រី​ ជាពិសេស ​ប្រហុក​​បានបង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ ។ ​តាម​ការ​សិក្សា ​​ប្រជាពលរ​ដ្ឋ​​​ខ្មែរបរិ​ភោគ​​ត្រី​៥២,៤ គីឡូ​ក្រាម ​ម្នាក់​ក្នុងមួយឆ្នាំ ។ ​ប្រូតេអីុន​​មាន​ប្រភព​​ពីសាច់​​សត្វប្រមាណ​៨០% ​មាន​ប្រភព​​ពីត្រី​ ។ ដោយគំនិត​​ដ៏​ឈ្លាស​វៃ​​របស់សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​​មន្ត្រី ​នៃព្រះ​រា​ជាណាចក្រកម្ពុជា ​ក្នុងការ​កែទម្រង់​​​វិស័យ​​​ជល​ផល​​ សហគមន៍​​នេសាទ​​​ចំនួន​៤០​​បាន​បង្កើត​ឡើង​​ និងបានចុះ​បញ្ជី​​​ត្រឹមត្រូវ​​​នៅ​ក្រសួង កសិកម្ម​​​ រុក្ខាប្រមាញ់ ​និង​នេសាទ ​ដើម្បីរួម​ចំណែក​​ក្នុង​ការ​​ថែរក្សា​​​​ ការពារ​​ធនធាន​ជល​ផល ​នៅតាមមូល​​ដ្ឋាននីមួយៗ​​។ នេះ​បង្ហាញ​​ពីការ​យក​ចិត្ត​ទុកដាក់​​​របស់​រាជ​រដ្ឋាភិបាលក្នុងការ​ផ្តល់​ឱកាស​​​ដល់ប្រជាពលរដ្ឋ ធ្វើការ​សម្រេច​ចិត្ត​ក្នុង​​ការគ្រប់គ្រង​​ និងប្រើប្រាស់​ធន​ធាន​នៅ​តាម​​មូល​ដ្ឋានប្រកប​ដោយ​ចីរភាព រួមចំណែក​ក្នុង​យុទ្ធ​​សាស្ត្រ​​​កាត់បន្ថយ​​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។ ​​យើង​​​ត្រូវ​​នាំគ្នា​ចូលរួម​ធ្វើ​​​យ៉ាងណា​ឱ្យ​«​មាន​ទឹក មានត្រី» ​ស្របតាម​​អនុសាសន៍​​ដ៏ថ្លៃថ្លា​របស់​សម្តេចអគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជាណាចក្រ​កម្ពុជា៕