រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានបញ្ជាក់ថាកម្ពុជានឹងខិតខំសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគីយេ ក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគីយេ កាលពីថ្ងៃទី១២ ធ្នូ ឆ្នាំ២០១៤នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា។ នៅក្នុងជំនួបសម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានប្តូរយោបល់ និងទស្សនៈវិភាគលើបញ្ហាតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានាក្នុងសកលលោក។
សម្តេចតេជោ ហ៊ុន សែនបានគាំទ្រតួនាទីសំខាន់របស់តួកគីយេ ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិ ហើយសម្តេច គូសបញ្ជាក់ថា “មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា”។ ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។
សម្តេចបានលើកទឹកចិត្តឱ្យតួកគីយេ សម្លឹងបែរទៅទិសខាងកើត ពោលគឺ ទ្វីបអាស៊ី ហើយកម្ពុជា នឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគីយេ ក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាតួកគីយេ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។នៅក្នុងជំនួបនោះដែរឯកឧត្តមប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់សម្តេចតេជោ ខាងលើ និង សូមអរគុណ និងទទួលដោយក្តីរីករាយ នូវការអញ្ជើញរបស់សម្តេចតេជោ និងរកពេលវេលាជាក់ស្តែង ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្តម បានបន្តថា ទស្សនកិច្ចរបស់ សម្តេចតេជោ នាពេលនេះ សំខាន់ណាស់សម្រាប់កសាងទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី ដែលក្នុងនោះ មាន សន្និបាតអន្តរសភាអាស៊ាន (IPA) ផងដែរ។
នាឱកាសនោះ សម្តេចតេជោ បានលើកឡើងថា ទស្សនកិច្ចរបស់ សម្តេច នាពេលនេះ ចំពេលនៃខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ និងបន្ទាប់ពី តួកគីយេ និងកម្ពុជា បានដាក់ស្ថានទូតទៅវិញទៅមក ។ សម្តេចតេជោ បានអរគុណ ឯកឧត្តមប្រធានសភា ដែលបានលើកសរសើរគុណសម្បត្តិដឹកនាំរបស់សម្តេចយ៉ាងខ្លាំង។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាថ្មី សម្តេចនឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីកម្ពុជាបន្តរក្សាបាន នូវសន្តិភាព និង ស្ថិរភាពយូរអង្វែង។
សម្តេចតេជោ បានអរគុណតួកគីយេផងដែរ ដែលបានបញ្ជូន អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍តួកគីយេ ទទួលបន្ទុកកិច្ចការបរទេស (AKP) ទៅចូលរួម មហាសន្និបាត ICAPP លើកទី១២ នៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា កន្លងទៅនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេច ជាអ្នកផ្តល់សន្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគីយេ។ នៅក្នុងពេលបំពេញទស្សនកិច្ចការងារនៅតួកគីយេ ឆ្នាំ២០១៨ សម្តេចតេជោ និងប្រធានាធិបតី Erdoğan បានដាក់ផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារ ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក។
សន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ។ អាស្រ័យហេតុនេះ ទស្សនកិច្ចរបស់សម្តេច និង កិច្ចប្រឹងប្រែងរួម របស់គណបក្សដឹកនាំប្រទេសទាំងពីរ នឹងជំរុញ ផែនការនេះឱ្យបានសម្រេច ដោយផ្តល់អាទិភាពលើកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕
ចែករំលែកព័តមាននេះ