ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​ពិភាក្សា​ជាមួយឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ

20 ម៉ោង មុន

រដ្ឋធានី​អង់កា​រ៉ា ៖ នៅ​ព្រឹកថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រដ្ឋធានី​អង់កា​រ៉ា ៖ នៅ​ព្រឹកថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​ពិភាក្សា​ជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួ​ក​គី​យេ នៅ​វិមាន​រដ្ឋសភា រដ្ឋធានី​អង់កា​រ៉ា ​។

ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម ប្រធាន​សភា បាន​សម្តែង​ក្តី​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ សម្ដេច​តេ​ជោ និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​តួ​ក​គី​យេ​ ។

ឯកឧត្តម បាន​ចាត់​ទុក សម្តេច​តេ​ជោ គឺជា​ឥស្សរជន​នយោបាយ​ដ៏​សំខាន់​បំផុត និង​ស្ថាបនិក​ នៃ​កម្ពុជា​ទំនើប​បច្ចុប្បន្ន ហើយ បាន​គូសបញ្ជាក់​ថា ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ មាន​សារៈសំខាន់​ពិសេស ខណៈ​ពេល​ដែល​ប្រទេស​យើង​ទាំង​ពីរ ប្រារព្ធ​ខួប​លើក​ទី​៦៥​នៃ​ទំនាក់ទំនង​កា​ទូត ​។

ឯកឧត្តម បាន​បន្ត​ថា សកលលោក កំពុង​ចូល​ក្នុង​យុគសម័យ​ថ្មី ដែល​គេ​សំគាល់ថា​មានការ​ផ្លាស់​ប្តូរ​លឿន និង​បង្កើត​តុល្យភាព​ថ្មី​។ ក្នុង​បរិបទនេះ តួ​ក​គី​យេ ផ្តល់​សារៈសំខាន់​ពិសេស ដល់​ទ្វីបអាស៊ី ដែល​ក្នុង​នោះ មាន​កម្ពុជា​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​ប្រធាន​សភា បាន​លើក​ឡើង​ថា តួ​ក​គី​យេ​ នឹង​បន្ត​កសាង​ស្ពាន​សហប្រតិបត្តិការ​ថ្មី​ៗ​ទៀត​ជាមួយ​កម្ពុជា​។ តួ​ក​គី​យេ​បាន​បើក​មជ្ឈមណ្ឌល​វប្បធម៌​នៅ​ទីក្រុង​ភ្នំពេញហើយ ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​ជំនួយ​អភិវឌ្ឍន៍​តួ​ក​គី​យេ (TIKA) បាន​ចុះហត្ថលេខា​ខាង​វិស័យ​អប់រំ សិក្សាធិការ​។ ជាក់ស្តែង និស្សិត​កម្ពុជា ២៥នាក់​ កំពុង​សិក្សា​នៅ​តួ​ក​គី​យេ ហើយ​សង្ឃឹមថា នឹង​មាន​ច្រើន​ទៀត​នៅ​ពេល​អនាគត​ ។

ឯកឧត្តម បាន​បន្ថែម​ថា កម្ពុជា​មាន​សក្តានុពល​ធំធេង​ខាង​វិស័យ​ពាណិជ្ជកម្ម ក៏​ប៉ុន្តែទំហំ ​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ សម្រេច​បានប្រមាណ​៣៥០​លាន​ដុល្លារ នៅ​ឆ្នាំ​២០២៤ លើ ផែនការ​សម្រេច​ឱ្យ​បាន ១​ពាន់​លាន​ដុល្លារ​។ ឯកឧត្តម បាន​បន្ត​ថា ទស្សនកិច្ច​របស់សម្តេច​តេ​ជោ នា​ពេល​នេះ សំខាន់​ណាស់​សម្រាប់​កសាង​ទំនាក់ទំនង​អន្តរ​សភា​ទ្វេភាគី និង​ពហុភាគី ដែល​ក្នុង​នោះ មានសន្និបាត​អន្តរ​សភា​អាស៊ាន (IPA) ផង​ដែរ ​។

នា​ឱកាស​នោះ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ ឯកឧត្តម ប្រធាន​សភា​តួ​ក​គី​យេ ចំពោះ​ការ​អញ្ជើញ និងស្វា​គម៍​យ៉ាង​កក់ក្តៅ ព្រមទាំង ការ​លើក​ឡើង​យ៉ាង​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង រវាង​ប្រទេស​យើង​ទាំង​ពីរ​។ សម្តេច បាន​លើក​ឡើង​ថា ទស្សនកិច្ច​របស់ សម្តេច នា​ពេល​នេះ ចំ​ពេល​នៃ​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ នៃ​ប្រទេស​យើង​ទាំង​ពីរ និង​បន្ទាប់​ពី តួ​ក​គី​យេ និង​កម្ពុជា បាន​ដាក់​ស្ថានទូត​ទៅ​វិញ​ទៅ​មក ។

សម្តេច​តេ​ជោ បាន​អរគុណ ឯកឧត្តម​ប្រធាន​សភា ដែល​បាន​លើក​សរសើរគុណ​សម្បត្តិ​ដឹកនាំ​របស់​សម្តេច​យ៉ាង​ខ្លាំង​។ ក្នុង​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា​ថ្មី សម្តេច​នឹង​បន្ត​ធ្វើ​អ្វី​ៗ​ទាំងអស់ ដើម្បី​កម្ពុជា​បន្ត​រក្សា​បាន នូវ​សន្តិភាព និងស្ថិរភាព​យូរអង្វែង​ ។

សម្តេច​តេ​ជោ បាន​អរគុណ​តួ​ក​គី​យេ ​ផង​ដែរ ដែល​បាន​បញ្ជូន អនុប្រធាន​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​តួ​ក​គី​យេ ទទួល​បន្ទុក​កិច្ចការបរទេស (AKP) ទៅ​ចូលរួម មហាសន្និបាត ICAPP លើក​ទី​១២ នៅ​ទីក្រុង​ភ្នំពេញ កាលពី​ខែវិច្ឆិកា កន្លង​ទៅ​នេះ ​។

សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា សម្តេច ជា​អ្នក​ផ្តល់​សន្ទុះ​ដល់​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​តួ​ក​គី​យេ​។ នៅ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​តួ​ក​គី​យេ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ និង​ប្រធានាធិបតី Erdoğan បាន​ដាក់​ផែនការ​សម្រេច​ឱ្យ​បាន​១​ពាន់​លាន​ដុល្លារ ក្នុង​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មក​ ។

សន្ទុះ​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ នៅ​មិន​ទាន់​ខិត​ជិត​ដល់​គោលដៅ​នៅឡើយ​។ អាស្រ័យ​ហេតុនេះ ទស្សនកិច្ច​របស់​សម្តេច និង កិច្ច​ប្រឹងប្រែង​រួម របស់​គណបក្ស​ដឹកនាំ​ប្រទេស​ទាំង​ពីរ នឹង​ជំរុញ ផែនការ​នេះ​ឱ្យ​បាន​សម្រេច ដោយ​ផ្តល់​អាទិភាព​លើ​កាលានុវត្តន៍​ភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ ។

សម្តេច​តេ​ជោ និង​ឯកឧត្តម​ប្រធានរដ្ឋសភា ក៏​បាន​ប្តូរ​យោបល់ និង​ទស្សនៈ​វិភាគ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​។ ភាគី​ទាំង​ពីរ បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​នៃ​ការ​គោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​នានា​ក្នុង​សកលលោក ​។

សម្តេច​តេ​ជោ គាំទ្រ​តួនាទី​សំខាន់​របស់​តួ​ក​គី​យេ ជា​អ្នកសម្របសម្រួល​នៅ​ក្នុង​កិច្ចការ​អន្តរជាតិ ហើយ​សម្តេច គូសបញ្ជាក់​ថា “​មិន​អាច​យក​សង្គ្រាម បញ្ចប់សង្គ្រាម​បាន​ទេ មាន​តែ​កិច្ច​សន្ទនា និង​ការ​ចរចា​”​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា មិន​គាំទ្រ​ទណ្ឌកម្ម​ជា​ឯកតោភាគី​។ សម្តេច​បាន​លើកទឹកចិត្ត​ឱ្យ​តួ​ក​គី​យេ សម្លឹង​បែរ​ទៅ​ទិស​ខាងកើត ពោល​គឺ ទ្វីបអាស៊ី ហើយ​កម្ពុជា នឹង​សម្របសម្រួល​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ឱ្យ​តួ​ក​គី​យេ ក្លាយជា​ដៃគូ​សន្ទនា​ពេញ​សិទ្ធិ​របស់​អាស៊ាន​។ ឆ្លៀត​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ បាន​អញ្ជើញ ឯកឧត្តម​ប្រធានរដ្ឋសភា​តួ​ក​គី​យេ មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ពេល​ខាង​មុខ ​។

ឯកឧត្តម​ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ខាងលើ និង សូម​អរគុណ និង​ទទួល​ដោយ​ក្តី​រីករាយ នូវ​ការ​អញ្ជើញ​របស់​សម្តេច​តេ​ជោ និង​រក​ពេលវេលា​ជាក់ស្តែង ក្នុង​ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​។

កិច្ច​សន្ទនា​បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ និង​ផ្លែផ្កា​ក្នុង​បរិយាកាស​រីករាយ​ក្រៃ​លែង​។ បន្ទាប់​ពី​ជំនួប ឯកឧត្តម​ប្រធានរដ្ឋសភា បាន​អញ្ជើញសម្តេច​តេ​ជោ និង​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​របស់​រដ្ឋសភា​តួ​ក​គី​យេ ហើយ អង្គ​សភា​តួ​ក​គី​យេ បាន​ក្រោកឈរ​ស្វាគមន៍​សម្តេច​យ៉ាង​កក់ក្តៅ​បំផុត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ