ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេតនា​​ដ៏​​ពិសពុល​ ក្រុម​​នាយក​​រដ្ឋមន្ត្រី​សៀម​​បោះ​​ជំហាន​​ពី​ការ​​បំភាន់​​ភូត​​កុហក​​ទាំង​ស្រុង​​មក​​ការ​​គំរាម​កំហែង​ដោយ​ត្រង់ៗ

12 ឆ្នាំ មុន

អង្គ​ភាព​ព័ត៌មាន​​ និង​​ប្រតិកម្ម​​រហ័ស​​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​នៃព្រះ​រា​ជា​ណាចក្រ​កម្ពុជា បាន​កត់សម្គាល់​​លើ​ការ​ចែកចាយ​ព័ត៌​មាន​របស់​បណ្តាញ​ឃោស​នា​ថៃ​នា​​ពេល​ថ្មីៗ​នេះ ជា​ពិសេស ​​នៅលើបណ្តាញ​ឃោស​នា​​ Bangkok Post ​​ដែល​​បាន​​ចេញ​​ផ្សាយ​​​​ព្រមៗគ្នា​ជាមួយ​​សេចក្តី ថ្លែង​​ការណ៍​​របស់មេដឹក​នាំ​ជាន់ខ្ពស់​​របស់​រដ្ឋាភិ​បាល​ថៃ

អង្គ​ភាព​ព័ត៌មាន​​ និង​​ប្រតិកម្ម​​រហ័ស​​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​​នៃព្រះ​រា​ជា​ណាចក្រ​កម្ពុជា បាន​កត់សម្គាល់​​លើ​ការ​ចែកចាយ​ព័ត៌​មាន​របស់​បណ្តាញ​ឃោស​នា​ថៃ​នា​​ពេល​ថ្មីៗ​នេះ ជា​ពិសេស ​​នៅលើបណ្តាញ​ឃោស​នា​​ Bangkok Post ​​ដែល​​បាន​​ចេញ​​ផ្សាយ​​​​ព្រមៗគ្នា​ជាមួយ​​សេចក្តី ថ្លែង​​ការណ៍​​របស់មេដឹក​នាំ​ជាន់ខ្ពស់​​របស់​រដ្ឋាភិ​បាល​ថៃ​​ ជុំ​វិញ​​រឿង​ប្រាសាទ​ព្រះវិហារ​នៅក្នុង​​​បរិ​បទ​​​នៃ​​​កិច្ច​ប្រជុំ​លើក​ទី៣៥ របស់​គណៈ​​កម្មា​ធិ​ការ​​​​បេតិ​ក​ភណ្ឌ​ពិភព​លោក ​ដែល​មិន​​ត្រឹម​តែ​​​បាន​លើក​ឡើង​ជា​ការ​សង្ស័យ​​​ពីភាព​ជា​ម្ចាស់​​​ទ្រព្យ​​​របស់​កម្ពុជា​ និង​ផែន​ការ​ជួ​ស​ជុល​ និង​ការ​ពារ​​ប្រាសាទ​ព្រះវិហារ​​ប៉ុណ្ណោះទេ ​​តែ​ថែម​ទាំង​​​បាន​វាយ​ប្រហារ​​ទៅ​លើគណៈ​​កម្មា​ធិការ​​បេតិ​ក​ភណ្ឌ​​​ពិភព​លោក​​ និងអង្គ​ការ​យូណេ​ស្កូ​​ទៀត​​ផង។

​នៅក្នុង​ការ​បោះ​​​ពុម្ពផ្សាយ​​នា​ថ្ងៃទី២០ ​​មិថុនា ​ឆ្នាំ២០១១ ​បណ្តាញ​​ឃោស​នា Bangkok Post ​បាន​ផ្សព្វ​​ផ្សាយ​​នូវព័ត៌​មាន​មិនពិត​ និងក្រអឺត​ក្រទម​​ដែល​មាន​ចំណង​ជើង​ថា «​លោក​ស៊ុវីទ ​ដែល​ជា​​រដ្ឋ​មន្ត្រី​​​ធនធាន​ធម្ម​ជាតិ​ និងបរិ​ស្ថាន​​ ជួប​​ប្រធាន​អង្គ​ការ​យូណេ​ស្កូ​​នៅទី​ក្រុង​ប៉ារីស» ​​ដោយ​និយាយថា ៖

១-​«លោក​ស៊ុវីទ ឃុន​គិទិ ​ដែល​ជា​រដ្ឋ​មន្ត្រី​​ធនធាន​ធម្ម​ជាតិ និងបរិស្ថាន ​បាន​ជួប​​លោក​ជំទាវ​ Irina Bokova អគ្គ​នាយិកា​​នៃ​អង្គ​ការ​យូណេស្កូ ​កាលពីម្សិល​មិញ ​ក្នុងគោល​បំណង​ ដើម្បី​ពន្យារ​ការពិចារណា​​លើ​ផែនការ​គ្រប់គ្រង​​តំបន់ប្រាសាទ​ព្រះវិហារ​​របស់​កម្ពុជា» ។

២-​«លោកស៊ុវីទ ​នឹង​ស្នើឱ្យ​​អង្គ​ការ​យូណេស្កូ​ពិនិត្យ​​មើល​ពី​ការប្រើប្រាស់​​ថវិកា​​របស់កម្ពុជា​ចំនួន ៥០.០០០ដុល្លារ ដែល​ជា​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុរ​បស់​​ស្ថាប័ន​អន្តរ​ជាតិ» ។
នៅ​ថ្ងៃទី២១ មិថុនា ឆ្នាំ២០១១ ​កាសែត Bangkok Post ​​បាន​ផ្សព្វ​ផ្សាយ​​​នូវអត្ថបទ​​មួយ​ពីរឿង​ប្រាសាទ​ព្រះវិហារ​​ដែល​លោក​អាប់​ភីស៊ីត ​​បាន​និយាយ​ថា ​«បើ​មិនពន្យា​រ​ផែនការ​រៀបចំ​ប្រាសាទ​ទេ យើង (ថៃ) ​នឹង​ដើរចេញ» ។

៣-​លោក​នាយក​រដ្ឋ​មន្ត្រី​អាប់ភីស៊ីត ​មាន​ជំនឿ​​យ៉ាង​មោះមុត​ថា «​អង្គ​ការ​យូណេ​ស្កូនឹង​ពន្យារ​ការ​ពិចារណា​លើ​ផែន​​​ការគ្រប់គ្រង​​តំបន់​ព្រំ​ដែន​​​​មានជម្លោះ​​​ជុំវិញ​​ប្រាសាទ​ព្រះវិហារ» ។ ​​អត្ថបទ​​នេះ​ ក៏​បាន​ដកស្រង់​​​សម្តី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​អាប់ភីស៊ីត ដែល​ថា «យើង​នៅ​​តែ​បន្ត​​ពិភាក្សា​ជាមួយ​​អង្គ​ការ​យូណេស្កូ​ ។ ​ប្រសិន​បើ​ពួកគេ​មិន​ពន្យារនូវ​អ្វី​ដែល​ពួក​យើង ​​ស្នើសុំ ពួកគេ​គួរ​តែ​​ដឹង​ថា ​យើង​នឹង​មិន​បន្ត​ធ្វើ​​​កិច្ច​​ការ​ជាមួយ​ពួកគេទៀត​ទេ» ។

៤-​សម្តី​របស់​រដ្ឋ​មន្ត្រី​​ការ​បរទេស​​​ថៃ​ ក៏​​ត្រូវ​​​បានដក​ស្រង់​ពីការ​​និយាយគំរាម​កំហែង​​​ដ៏​អា​ក្រក់​នេះ​ផង​ដែរថា ​​«​ប្រសិន​បើ​កិច្ច​ប្រជុំ​របស់​​គណៈ​កម្មា​ធិការ​បេតិក​ភណ្ឌ​​ពិភព​លោក ​មិន​ព្រម​​ពន្យា​រលើ​ការពិចារណា​ផែនការ​គ្រប់គ្រង​​របស់​កម្ពុជា នោះ​ថៃ​ខ្លួន​ឯង​​​ផ្ទាល់​នឹង​ស្នើ​​ទៅ​គណៈ​​រដ្ឋ​មន្ត្រី​របស់​ខ្លួន​ឱ្យ​ប្រទេស​​ថៃ​​ដក​ខ្លួន​ពីសមាជិក​​ភាព​របស់​​​គណៈ​​កម្មា​ធិការ​បេតិ​ក​ភណ្ឌ​​​ ដោយ​​ឈរ​លើ​មូលហេតុ​ថា ​ស្ថាប័ន​អន្តរ​ជាតិ​នេះ​បាន​បរា​ជ័យ​ក្នុង​ការ​លើក​កម្ពស់​​សន្តិភាព​​ និងស្ថិរភាព​​​ដែលផ្ទុយ​ពីគោល​ការណ៍​​​ដើម​របស់​ខ្លួន» ។

អង្គ​ភាព​ព័ត៌មាន​ និងប្រតិ​កម្ម​រ​ហ័ស​ មាន​តួ​នាទី​ដើម្បីជម្រាប​​​​ជូន​សា​ធារ​ណមតិ​ថា ការ​លើក​ឡើង​ដែល​ចេញ​ផ្សាយ​ដោយ​កាសែត Bangkok  Post ​និងបណ្តាញ​​ឃោសនា​ដទៃ​ទៀត​​​ដែល​ឈរ​​​លើមូលដ្ឋាន​គ្មាន​ភាព​​ពិត​​ និងជាក់ស្តែង​​នោះ ​គ្រាន់​តែ​ជា​បណ្តាញ​​ផ្សព្វ​ផ្សាយ​​​​ព័ត៌​មាន​ដែលមាន​ចេតនា​​​បំពុល​នូវ​សាធារណៈមតិ​​ និងគំរាម​កំហែង​​ដល់​កេរិ៍្តឈ្មោះ​​ជាសាកល​របស់អង្គ​ការ​យូណេ​ស្កូ​​​ និងគណៈ​​កម្មា​ធិការ​​បេតិកភណ្ឌ​​ពិភព​លោក​តែ​ប៉ុណ្ណោះ ។

​ទីមួយ​​ រដ្ឋាភិបាល​ថៃ​​​ និងបណ្តាញ​ឃោស​នា​​​ថៃគួរ​ដឹង​ថា ​ក្នុងអំឡុង​​ពេល​នៃ​​កិច្ច​ប្រជុំ​របស់​គណៈ​កម្មាធិ​ការ​បេតិ​ក​ភណ្ឌ​ពិភព​លោកថ្មីៗ​នេះ ​​កាលវិភាគ​​កម្ម​វិធី​​របស់​​អគ្គ​នាយិកា​​អង្គ​ការ​យូ​ណេ​ស្កូ​​ ត្រូវ​បានធ្វើឡើង​​ ហើយ​របៀប​វារៈ​​​ផ្លូវ​​ការ​នៃកិច្ច​ប្រជុំ​​​​ក៏ត្រូវ​បាន​​កំណត់​​តាមនីតិ​វិធី​ដែល​​មានស្រាប់ ​ឬ​តាំង​ពី​យូរមកហើយ ។ ​ថៃ​មិន​អាច​ដាក់ទម្ងន់​ឆន្ទៈគឃ្លើន​​​របស់ខ្លួន​លើកម្ម​វិធី​​របស់អគ្គ​នាយិកា​​ ក៏​ដូច​​ជា​របៀបវារៈ​របស់​គណៈ​កម្មា​ធិការ​​បេតិក​ភណ្ឌ​​ពិភព​លោក ដោយ​​រំលោភ​​លើ​ការ​អនុវត្ត​ជា​អន្តរ​ជាតិ​​ និង​សេចក្តី​​គោរព​ផ្នែក​​ការទូត​នោះទេ ។

​ទីពីរ ​លោក​រដ្ឋ​មន្ត្រី​​ស៊ុវីទ ​មានចេនា​​​ដាក់​កំហុស​​​អង្គ​ការយូ​ណេស្កូ​​ ពាក់ព័ន្ធ​​នឹង​ចំណាយ​​​លើ​ថវិកា​ចំនួន​៥០.០០០ដុល្លារ​ ​ដែលផ្តល់​​ដោយស្ថា​ប័ន​​ពិភព​លោក​​ទៅ​ដល់​​អង្គ​ភាព​បំពេញ​ការ​ងារ​ថ្នាក់​ជាតិសម្រាប់​ការ​​អភិវឌ្ឍ​​តំបន់ប្រា​សាទ​​​ព្រះ​វិហារ​សម្រាប់​គោលបំណង​​​មនុស្សធម៌ ​​ដើម្បី​កាត់​​បន្ថយ​នូវ​ការ​រងទុក្ខ​ ​និង​ឈឺ​ចាប់​របស់​អ្នក​ភូមិ​កម្ពុជា​​ចំនួន​៣១៩គ្រួសារ ​និងសមាជិក​គ្រួសារ​​របស់​ពួកគាត់​​ រួម​ទាំង​​ស្ត្រី​​ កុមារ ​និងមនុស្ស​ចាស់​ដែល​បានរត់​​គេចពី​ការបាញ់​​ផ្លោង​​ដោយកាំភ្លើងធំ ​​និង​​ការឆេះ​ភូមិ​របស់​​​គាត់​ដែល​ស្ថិត​​​នៅ​ជិត​ជណ្តើរ​​​​ខាង​ជើង​​​នៃ​ប្រាសាទ​ព្រះវិហារ​ ពី​​​សំណាក់​​​ការ​វាយ​ប្រហារ​​​របស់​ទាហាន​​ថៃ​កាល​ពីថ្ងៃទី៣ ​និង​៤ ​មេសា ឆ្នាំ​២០០៩ ​។

ថវិកា​នោះត្រូវ​បាន​ប្រើ​​​យ៉ាង​​​ត្រឹមត្រូវ​​ដើម្បី១-​ជួស​ជុល​​បា​រាយ​​ណ៍​ទឹក​នៅ​ជិត​​​ជណ្តើរ​​ខាង​ជើង​ប្រា​សាទ​​ដែល​​រង​ការ​ខូច​ខាត​​​អំឡុង​ពេល​ការ​វាយប្រហារ​​ដោយយោធា​ថៃ ២- សា​ង​សង់​​​ឡើង​វិញ​​នូវ​ការិយា​ល័យ​រដ្ឋ​បាល​​​ដែល​ត្រូវ​បាន​បំផ្លាញ ​និង៣-​​សាង​សង់​ឡើង​វិញ​នូវ​​សួន​សម្រាប់​​ក្មេង​​​លេង និងបណ្ណាល័យ​សម្រាប់​ក្មេង​ៗ ដែល​ក្រោយ​មក​ត្រូវ​​បានផ្លាស់​​​​ទី​តាំង​​​ទៅ​ដាក់​នៅ​ភូមិធម្ម​ជាតិ​សម្តេច​តេជោ ​ដែល​ស្ថិត​នៅ​​ចម្ងាយ​២០គីឡូ​​ម៉ែត្រ​ភាគ​​ខាង​ត្បូង​ប្រា​សាទ​​ព្រះវិហារ ។

​ការចោទប្រកាន់​​​ដ៏ឆ្កួត​​​លេលា ​របស់​លោក​រដ្ឋ​មន្ត្រី​ស៊ុវីទ ​គឺជា​ការ​រំខាន​ដល់​​ស្ថាប័ន​​​ពិភព​លោក ដែល​ជា​ចំណែក​​​មួយ​នៃ​យុទ្ធ​នា​ការ​បំភិត​បំភ័យ​​​​ទាំងមូល​​របស់ថៃ ​ដែល​លោក​​​ស៊ុវីទ ផ្ទាល់​បានធ្វើ​ខ្លួន​ឱ្យ​ល្បីល្បាញ​​​ក្នុង​​​ការបំភ័ន្ត ​ការភូត​​កុហក​​​ និង​ការជំទាស់​​​នឹង​​កិច្ច​ព្រមព្រៀង​​​ និង​កាតព្វ​កិច្ច ​កាលពី​​កិច្ច​ប្រជុំ​​​លើក​ទី៣៤ ​នាទីក្រុង​​ប្រេស៊ីលីយ៉ា​របស់គណៈ​កម្មា​ធិការ​​​បេតិ​កភណ្ឌ​ពិភព​លោក​ក្នុងឆ្នាំ២០១០ ។

​ទី៣-​លោក​នាយករដ្ឋ​​​មន្ត្រី​ចាំ​ផ្ទះ អាប់ភី​ស៊ីត ​កំពុង​គិតកេង​​យក​ចំណេញ​​ពីលទ្ធផល​ដែល​គិត​ថា​ សមស្រប​​ចិត្តរបស់ខ្លួន​ក្នុង​ការ​ជំទាស់​​​នឹង​ផែនការ​គ្រប់គ្រង​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ដែលគ្មាន​បំណង​ល្អ ក្រៅ​ពីបំពុល​សា​ធារណ​មតិឱ្យ​គាំទ្រ​ថៃ ​​ដែល​នេះ​គឺជា​យុទ្ធនា​ការ​បំពុល​​ និងបំភិត​​បំភ័យ​​​នាំ​​មុខ​​ការ​គំរាម​កំហែង​​​របស់ថៃ​​ក្នុង​ការ​​ធ្វើពហិការ​​​ចំពោះ​​​យូណេស្កូ ។

​​ចរិត​កំរោល​​ទទឹង​​ទិស​របស់​នាយករដ្ឋ​មន្ត្រី​ថៃ គឺ​មិន​អាច​គេចផុត​ពី​ការមើល​ឃើញ​របស់​សហ​គមន៍​​​អន្តរ​ជាតិ​ដែល​ធ្វើ​​ជាសាក្សីឆ្លុះ​បញ្ចាំង​​​ឱ្យ​ឃើញ​​ពីភាព​ក្រអឺតក្រទម​​​ និង​ការ​ខ្វះ​សីលធម៌ ​​​របស់​ប្រទេស​ថៃ​ចំពោះ​​ស្ថាប័ន​​​នៃ​អង្គ​ការ​​សហ​ប្រជា​ជាតិ ។ ​ការគំរាម​កំហែង​​របស់ថៃ​​​ដែល​ចង់​​ដើរ​ចេញ​ពីយូណេស្កូ​​​​ និង​គណៈ​​កម្មាធិការ​​​បេតិ​ក​ភណ្ឌ​ពិភព​លោក​​គឺជា​ការសម្រេច​ចិត្ត​​​​ និង​ជម្រើស​ផ្ទាល់​ខ្លួន​របស់ថៃ​ដែលថា ​​តើ​ខ្លួន​នឹង​អនុវត្ត​​​​តាម​សេចក្តី​សម្រេច​​របស់គណៈ​កម្មា​ធិការ​​​​បេតិ​ក​ភណ្ឌ​ពិភព​លោក​​ ឬក៏​ដើរ​ចេញ​​ពីស្ថាប័ន​​ពិភព​លោកនេះ ។ ប្រសិនបើ​លោក​នាយក​រដ្ឋ​​ មន្ត្រី​​ចាំផ្ទះ អាប់ភីស៊ីត ​​សម្រេច​ចិត្ត​​​ដើរ​ចេញ​ពី អង្គ​​ការ​យូណេស្កូ ​និងគណៈ​កម្មា​ធិការ​​បេតិ​​​ក​ភណ្ឌ​​ពិភព​លោក​ដូច​ការ​គំរាម​​កំហែង​​មែន​នោះ ​នោះ​វា​សម​នឹង​អ្វី​ដែល​ឥស្ស​រជន​​​អន្តរ​ជាតិនៅទី​ក្រុងប៉ារីស​​បាន​និយាយ​​លេង​សើច​​ចំអក​ថា «យើង​គប្បី​រក​ទិញ​ស្បែក​ជើង​រត់ប្រណាំង​​ថ្មី​សន្លាង​​មួយគូ​ឱ្យ​អាប់​ភីស៊ីត​​ពាក់​រត់ចេញទៅ»។

​គួររំលឹក​ថា ក្នុងគោលបំណង​​ពង្រីក​មហិច្ឆ​​តា​របស់ខ្លួន​​ ថៃ​មិន​ត្រឹ​ម​តែ​ពូកែ​ក្នុង​​ការ​បំភ្លៃ​​វោ​ហា​​ស័ព្ទ​​តែ​ប៉ុណ្ណោះ​ទេ ថៃ​ក៏​បានប្រើ​ប្រាស់​​​កម្លាំង​​​យោធា​​វាយ​ប្រហារ​​មក​លើ​កម្ពុជា​ក្នុង​​ឆ្នាំ ១៩៥៣-១៩៥៤ និង​ជាថ្មី​ម្តង​ទៀត​​ក្នុង​ឆ្នាំ​១៩៦៦ គឺ​យ៉ាង​យូរ​អង្វែង​​មុន​ឆ្នាំ ២០០៨ ដែល​ជា​ឆ្នាំ​នៃការ​ដាក់​ប្រាសាទ​ព្រះវិហារ​​ក្នុង​បញ្ជី​​​​បេតិ​ក​ភណ្ឌ​ពិភព​លោក​ ​​ហើយ​ដែល​ជាសាក្សី​នៃ​ភាព​​ពិត​ជា​​ក់​ស្តែង​​​ទាត់​ចោល​ការ​ចោទ​ប្រកាន់​​ប្រកប​ដោយ​ចេតនា​ដ៏ឆ្កួត​លេលា​ និងគ្មាន​ហេតុ​ផល​ប្រឆាំង​​របស់ថៃ​​ទៅ​នឹង​គណៈ​កម្មា​ធិការ​​បេតិ​ក​ភណ្ឌ​ពិភព​លោក​ថា ​​«គណៈ​​កម្មាធិការ​​បេតិ​ក​ភណ្ឌ​​ពិភព​លោក ដែលបាន​ដាក់​ប្រាសាទព្រះ​វិហារ​​ក្នុងបញ្ជី​បេតិ​កភណ្ឌពិភព​លោក​​ក្នុ្ង​​ង​ឆ្នាំ​​២០០៨នោះ ​គឺជា​មូលហេតុ​ដែលនាំឱ្យ​មាន​ការ​ប៉ះ​​ទង្គិច​នៅ​តាម​​ព្រំ​ដែន​រវា​ងកម្ពុជា-ថៃ»​​ដូច​ដែល​ចេញ​ផ្សាយ​​លើ​កាសែត​​ Bangkok Post ថ្ងៃ​ទី២០ ​មិថុនា ឆ្នាំ២០១១ ។

ក្នុងរយៈ​ពេល​៣ឆ្នាំ ចាប់​តាំង​ពីការ​ដាក់​​ប្រា​សាទ​ព្រះវិហារ​​​ជាបេតិ​ក​ភណ្ឌ​ពិភព​លោក​​មក ថៃ​បាន​​ឈ្លានពាន​វាយប្រហារ​​ទឹកដី​កម្ពុជា​​ជុំ​វិញ​ប្រា​សាទ​​​ព្រះវិហារ​​ចំនួន​៥​លើក ដោយប្រើ​កាំភ្លើង​​​ធំ និង​​ប្រើគ្រាប់​បែក​ចង្កោម​ដែល​អន្តរ​ជាតិ​ហាម​ឃាត់ ។ ចាប់​​ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ​កុម្ភៈ ​ថៃ​​បាន ​បាញ់គ្រាប់កាំភ្លើង​​ធំ​ជាង​​៣.០០០​គ្រាប់ ចូលក្នុង​តំបន់​ជុំវិញ​​​ប្រាសាទព្រះវិហារ ​ដែល​ក្នុង​នោះ ​គ្រាប់កាំភ្លើង​​​ធំ​ចំនួន​៤១៤គ្រាប់​​បានប៉ះចំ​លើ​ប្រា​សាទ​ និង​បរិវេណ​​របស់ប្រា​សាទ ​ដែល​បណ្តាល​ឱ្យ​មានការ​ខូ​ច​ខាត​យ៉ាងដំណំ​​ទៅ​លើ​សំណង់​ប្រា​សាទ ។

​ទី៤-​ភាពឆ្កួត​លេលា​របស់​ថៃ​​ និង​ការ​ចោទ​ប្រកាន់​​​ឥត​មូលហេតុ​​មកលើ​គណៈ​កម្មាធិការ​បេតិ​​ក​ភណ្ឌ​​ពិភព​លោក​ ដោយសំអាង​​ហេតុផល​ថា ​«​ស្ថាប័ន​​អន្ត​រ​ជាតិ​បរា​ជ័យ​ក្នុង​​ការ​​លើក​តម្កើង​​​សន្តិ​ភាព និងស្ថិរភាព ​​​ដែលផ្ទុយ​ពី​គោល​ការណ៍​​ដើម​របស់ខ្លួន» ​​គឺជា​បុព្វ​ហេតុ​​ធ្វើ​ឱ្យ​​​អន្តរាយ​​មុខ​មាត់​របស់ថៃ​​ខ្លួន​ឯង​នៅលើ​សង្វៀន និង​វេទិកា​​អន្តរ​ជាតិ ។ បន្ថែម​ពីលើនេះ ​កា​រគំរាម​ដើរ​ចេញ​ពីស្ថាប័ន​ពិភព​លោក​របស់ថៃ​ កាន់​តែ​​មាន​ន័យ​ជាការបន្ថែម​​អំបិល​​ម្ទេស​ឱ្យ​ថៃ​រឹត​​តែ​ឈឺ​ចាប់​ដល់​​ថ្នាក់​អង្គុយ​យំ​ដោយ​ខ្មាស​អៀន​​យ៉ាង​ខ្លាំង​ចំពោះមុខ​ពិភពលោក ។ ជា​ក់​ស្តែង គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​​ចាំ​ផ្ទះ អាប់ភី​ស៊ីត​​​ វេ​ចាជីវ៉ា ​​គឺ​រដ្ឋ​​មន្ត្រី​​ការ​បរទេស​​កាស៊ីត ​ភិរម្យ ​និងរដ្ឋ​មន្ត្រីស៊ុ​វីទ ​​ឃុន​គិទិ ដោយ​គ្រាន់​តែ​រាយ​នាម​ឈ្មោះ​​​ជន​មួយ​​ចំនួន​តែប៉ុណ្ណោះ ​​ដែល​សុទ្ធ​តែជា​អ្នក​​បាន​បរា​ជ័យក្នុង​ការលើក​តម្កើង​​​សន្តិភាព ​និងស្ថិរភាព ​​ដែលខុសស្រឡះ​​​ពីឥរិយា​បថ​​ផ្សះ​ផ្សារបស់ថ្នាក់​ដឹកនាំកម្ពុជា ។
អង្គ​ភាពព័ត៌​មាន​​​ និងប្រតិ​កម្មរហ័ស​សូម​ឆ្លៀត​ឱកាស​​នោះ​​ដើម្បី​រំលឹក​​ឡើង​វិញថា ​គណៈ កម្មាធិការ​ជាតិ​បេតិ​​ក​​ភណ្ឌ​ពិភព​លោក​​នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​បានចេញ​នូវ​​ «​សេចក្តី​​ថ្លែ​ង​ការណ៍»​ កាល​ពី​ថ្ងៃទី១៩ ​មិថុនា ​​ឆ្នាំ២០១១ ​ដោយ​បញ្ជាក់​ម្តង​ទៀត​​​ថា ប្រាសាទ​ព្រះ​វិហារ ​ត្រូវ​បានចុះ​ក្នុងបញ្ជី​​បេតិ​​ក​ភណ្ឌ​ពិភព​លោក​ក្នុង​ឆ្នាំ​២០០៨​​​ស្របទៅ​នឹង​នីតិវិធី​ដែល​ចែង​ក្នុង​​អនុសញ្ញា​​ឆ្នាំ១៩៧២ ​និងគោល​ការណ៍​ណែនាំ​​​សម្រាប់​​អនុវត្ត​​​​អនុសញ្ញា​ និង​ទទួល​បាន​​ការ​យល់​ព្រម​​​ជាឯ​ក​ច្ឆន្ទ​​​ដោយ​សមាជិក​ទាំង២១​​រូប​នៃ​គណៈ​​កម្មាធិការ​​បេតិ​ក​ភណ្ឌ​ពិភព​លោក ។

​សេចក្តី​ថ្លែ​ងការណ៍​​នេះ​ក៏បង្ហាញ​ផង​ដែរ​នូវ ១-​សុច្ឆន្ទៈ​​ដ៏​ល្អ​របស់​​កម្ពុជា​ក្នុងការ​ធ្វើ​​​ការ​ជា​មួយ​ប្រទេស​ថៃ​​ឱ្យ​បានល្អ​​ដើម្បីចៀស​វាង​នូវ​​ការ​ពាក់ព័ន្ធ​រឿង​​​រ៉ាវ​​​វប្បធម៌ជាមួយ​​​​បញ្ហា​ព្រំ​ដែន ២-​ការ​បង្ហាញ​​យ៉ាង​ជាក់​ច្បាស់​​នូវការពិត​ និង​ភាព​ជាក់​ស្តែង​​ដែលកម្ពុជា​បានលើក​ឡើង​​​ដើម្បីច្រាន​​ចោល​នូវការ​ទាម​ទារ​របស់ថៃ​​ដែល​ថា​ ការ​ចុះ​បញ្ជី​​ប្រាសាទ​​​ជារមណីយ​ដ្ឋាន​​​​​បេតិ​​កភណ្ឌ​​ពិភព​លោក​​នេះ ​បានបង្កឱ្យ​មានការ​ប៉ះ​ទង្គិច​​​អាវុធ​​​​គ្នា​នៅ​តាមតំបន់ព្រំ​ដែន​​រវាង​កម្ពុជា​​ និង​ថៃ ៣-​ការ​​​ខំ​ប្រឹង​ប្រែង​របស់កម្ពុជា​ក្នុង​ការ​ដោះ​ស្រាយ​​​បញ្ហា​ដោយ​សន្តិវិធី​​ជាមួយ​នឹង​ការ​ចូលរួម​របស់សហគមន៍​​​អន្តរ​ជាតិ ​មានសហ​គមន៍​​អា​ស៊ាន​ ក្រុមប្រឹក្សា​​សន្តិសុខអង្គ​ការ​សហ​ប្រ​ជា​ជាតិ ​ក្នុង​នាម​ជា​ភាគី​ទីបី​ ដើម្បី​ឱ្យ​មានការ​​ចរចា​រវាង​កម្ពុជា​ និងថៃ ។

ជារួម​​ ភាពរំជើបរំជួល​​យ៉ាង​រន្ថើន​​របស់សារ​ព័ត៌​មាន​ និង​រដ្ឋាភិបាល​ថៃ​​ ប្រាកដ​​ជា​នឹង​មិន​បាន​ផ្តល់​ផលអ្វី​​ដល់​គំនិត​​អាក្រក់​របស់ថៃ​​​ដែលមាន​បំណង​​​រា​រាំង​​សហគមន៍​​អន្តរ​ជាតិ​ក្នុង​ការ​​​អនុវត្ត​​​​ភារកិច្ច​របស់ខ្លួន​​​ដូច​មានចែង​ក្នុង​ធម្មនុញ្ញ​​របស់​​អង្គ​ការ​​សហប្រជា​ជាតិ និង​ដើម្បី​រារាំង​កម្ពុជា ​មិនឱ្យ​ទទួល​បាន​សិទ្ធិ​សម​ស្រប​​​ និង​ពេញ​លេញ​​ដើម្បី​ការពារ និងអភិ​រក្ស​ប្រា​សាទ​ព្រះវិហារ​​ឱ្យ​ស័ក្តិ​សម​ជា​សម្បត្តិ​​បេតិ​ក​ភណ្ឌ​​ពិភពលោក ​​ដែល​​បម្រើ​ប្រយោជន៍​​សម្រាប់​មនុស្ស​ជាតិ​ និង​​មនុស្ស​​​ជំនាន់​ក្រោយ ។

​ដូច្នេះ​វា​ប្រាកដ​ជា​មានសារសំខាន់​​ខ្លាំង​ណាស់​​ក្នុង​ការរំលឹក​​ឡើងវិញ​ថា ​ប្រសិន​​បើ​នាយក​​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​អាប់​ភី​ស៊ីត ​​វេ​ចាជីវ៉ា ​​សម្រេច​​បន្ត​ការ​គំរាម​កំហែង​​​ និងដើរ​​ចេញពី​​អង្គ​ការ​យូណេ​ស្កូ ​និងគណៈ​​កម្មា​​ធិការ​​បេតិ​ក​ភណ្ឌ​​ពិភព​លោក​​នោះ​ វា​ស័ក្តិ​សម​​​នឹងអ្វី​ដែល​ឥស្សរ​ជន​​អន្តរ​ជាតិ​នៅ​ទីក្រុង​ប៉ារីស​​បាន​និយាយ​​លេង​សើច​​ចំអកថា «យើងគប្បី​​រក​ទិញ​​ស្បែក​ជើង​​រត់​ប្រណាំង​​ថ្មីសន្លាង​​មួយគូ​ឱ្យអាប់​ភីស៊ីត​​ពាក់​រត់​​ចេញទៅ…» ៕            
  អង្គ​ភាព​ព័ត៌​មាន​និង​ប្រតិកម្ម​រហ័ស