ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​សាល​​ក្រម​​តុលាការ​សម្រេច​​ប្រគល់​​​ឧបករណ៍ ​សម្ភារ ​សារ​ធាតុ​ និង​​ឱសថ​សត្វ​​ទៅ​​អង្គ​ភាព​​ជំនាញ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​​ថ្ងៃ​ទី​២២ មិថុនា ​តំណាងអយ្យ​ការ​សាលា​ដំបូង​រាជធានី ​សហ​ការ​ជា​មួយ​នគរបាល​​សេដ្ឋ​កិច្ច​ក្រសួងមហា​​ផ្ទៃ​​ និង​អាជ្ញាធរ​​ខេត្ត​កណ្តាល​​​ បាន​អាន​ប្រកាស​សាល​ក្រម​​ប្រគល់​ឧបករណ៍​​ សម្ភារ​ សារធាតុ​ និង​​ឱសថ​​​សត្វ​ឱ្យ​ទៅ​អង្គ​ភាពជំនាញ​​ចាត់​ការ​ ខណៈ​​សាល​ក្រម​​នេះ​បាន​ចូល​​ជា​ធរ​មាន​ហើយ​នោះ

រាជធានីភ្នំពេញ ៖ កាល​ពី​​ថ្ងៃ​ទី​២២ មិថុនា ​តំណាងអយ្យ​ការ​សាលា​ដំបូង​រាជធានី ​សហ​ការ​ជា​មួយ​នគរបាល​​សេដ្ឋ​កិច្ច​ក្រសួងមហា​​ផ្ទៃ​​ និង​អាជ្ញាធរ​​ខេត្ត​កណ្តាល​​​ បាន​អាន​ប្រកាស​សាល​ក្រម​​ប្រគល់​ឧបករណ៍​​ សម្ភារ​ សារធាតុ​ និង​​ឱសថ​​​សត្វ​ឱ្យ​ទៅ​អង្គ​ភាពជំនាញ​​ចាត់​ការ​ ខណៈ​​សាល​ក្រម​​នេះ​បាន​ចូល​​ជា​ធរ​មាន​ហើយ​នោះ ។ ​ពិធី​ប្រកាស​​សាល​ក្រម​នេះ​មាន​កា​រចូលរួម​ពី​​លោកគឺ​ ប៊ុណ្ណា​រ៉ា ព្រះរាជ​​អាជ្ញា​​រង​អមសាលា​ដំបូង​រាជធានី​ ​លោក​ឧត្តម​សេនីយ៍​ទោ ស៊ាង ​ប៊ុន​លាង ប្រធាន​នាយក​ដ្ឋាន​នគរបាល​​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ​​ ព្រម​ទាំង​​មន្ត្រីជំនាញ​ក្រោម​ឱវាទ ។ ក្នុងនោះ​ក៏​មាន​ការ​ចូលរួម​​ពី​សំណាក់​​មន្ត្រី​ក្រសួង​សុខា​ភិបាល​​ ក្រសួង​កសិ​កម្ម អាជ្ញាធរ​ខេត្ត​កណ្តាល​ផង​ដែរ ​។

លោក​ហ៊ី រ័ត្ន​ ក្រឡា​បញ្ជី​​បាន​អាន​សាល​ក្រម​​ចំពោះ​មុខគណៈ​កម្ម​ការ​​ទាំងអស់​​ប្រយោជន៍​ដើម្បី​បាន​​ជ្រាប​ពី​អត្ថន័យ​ នៃ​ការ​សម្រេច​រ​​បស់​សាលា​ដំបូង​រាជធានីទៅ​លើ​សំណុំ​​​រឿង​ព្រហ្ម​ទណ្ឌ​មួយ​នេះ ។ សំណុំ​​រឿង​ព្រហ្ម​ទណ្ឌ​​ដែល​មាន​លេខ​១០៤៧ ចុះថ្ងៃទី​៥ ឧសភា ឆ្នាំ​២០១១ មាន​ជន​ជាប់​ចោទ​ឈ្មោះ Froch Lich ភេទប្រុស អាយុ​​៥២​ឆ្នាំ​ ជន​ជាតិ​បារាំង មុខ​​របរ​ពេទ្យ​សត្វ មាន​ទីលំនៅ​ផ្ទះ​លេខ​១៧ ផ្លូវ​លេខ​៦៣ ​ស​ង្កាត់​ទន្លេ​​បាសាក់ ​ខណ្ឌចំការ​មន ត្រូវ​ជាប់​ចោទ​ពី​បទ​បើក​គ្រឹះស្ថាន​​​លក់​ និង​ផលិត​ឱសថ​សត្វ​ដោយ​គ្មាន​ច្បាប់​​អនុ​ញ្ញាត ​​​ប្រព្រឹត្ត​​នៅផ្ទះ​ខាងលើ​១​កន្លែង និង​១​កន្លែង​ទៀត​​នៅភូមិ​​ព្រែក​​ឫស្សី ​សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ។

​កាល​ពីថ្ងៃទី​២៦ មីនា ​ឆ្នាំ​២០១១ ​តំណាង​អយ្យការ​​បាន​ដឹក​នាំកម្លាំង​នគរបាល​នាយក​ដ្ឋាន​ប្រឆាំង​បទល្មើស​​សេដ្ឋ​កិច្ច​​ក្រសួង​មហា​ផ្ទៃ ​ចុះ​ទៅ​​ឆែក​ឆេរ​​លំនៅ​ឋាន​ទាំង​២​ខាងលើ ដែល​ជា​ទី​តាំង​​លក់​ និង​ផលិត​​ឱសថ​សត្វ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​​ទីតាំង​​ គឺលោក Froch Lich បញ្ចេញ​ច្បាប់​​អនុ​ញ្ញាត​ពីក្រសួង​​ពាក់​ព័ន្ធ ​ឱ្យ​លក់ និង​ផលិត​ឱសថ​នោះ ។ ​ផ្ទុយ​ទៅវិញ​ម្ចាស់​ទីតាំង​បាន​​សារ​ភាព​ត្រង់ថា ពុំ​ទាន់​មាន​ច្បាប់​ទេ ​និង​កំពុង​ឱ្យ​មនុស្ស​ម្នាក់​ជួយ​រត់​ការ​ឱ្យ ប៉ុន្តែ​​រយៈ​ពេល​ជិត​១​ឆ្នាំ​ហើយ ​មិនទាន់​បាន​​ច្បាប់​នោះ​មក​ទៀត។

ក្រោយពី​ឆែក​ឆេរ​ ​គណៈ​កម្មការ​ចម្រុះ​បាន​សម្រេច​​ប្លុំ​​បេអគារ​ ឬ​ឃ្លាំង​ដែល​ផ្ទុក​ដោយ​ឱសថ​​នោះជា​ប​ណ្តោះអាសន្ន​ លុះ​ដល់​ថ្ងៃទី​៥ ឧសភា ​សំណុំ​រឿង​​នេះត្រូវបាន​លើក​យក​ទៅបើក​សវនា​ការជំនុំ​ជំរះ​ដែល​មាន​ប្រធាន​ក្រុម​ប្រឹក្សា​​ គឺលោក​ស្រី សែម សក្តិ​កូឡា សម្រេច​១-​ផ្តន្ទា​ទោស​លើ​ឈ្មោះ Froch Lich អាយុ​៥២​ឆ្នាំ ​ជន​ជាតិ​បារាំង ពិន័យ​ជា​ប្រាក់​២​លាន​រៀល ពី​បទ​បើក​គ្រឹះស្ថាន​លក់​ឱសថ​សត្វ​ដោយ​គ្មានច្បាប់​អនុ​ញ្ញាត ២-វត្ថុ​តាង​​រួម​មាន​ថ្នាំប្រភេទ​កញ្ចប់​ចំនួន​២៩​មុខ ស្មើ​នឹង​១.៨៥០​កញ្ចប់ ​ថ្នាំ​ប្រភេទ​ដប​ចំនួ​ន១៩​មុខ ស្មើ​នឹង​២.២៦៩​ដប ថ្នាំត្រីចំនួន​៩​ធុង (ក្នុង​១​ធុង​៥០​គីឡូ​ក្រាម) ស្មើ​នឹង​១.២៥០​គីឡូក្រាម​ ថ្នាំ​មាន់​១ធុង ស្មើ​នឹង​១៣​គីឡូក្រាម​ ​វត្ថុ​ធាតុ​​ដើម​ផលិត​ថ្នាំ​​ជ្រូក​ចំនួន​២៥០​គីឡូក្រាម ​វត្ថុ​ធាតុ​ដើម​​ផលិត​ថ្នាំ​​​ត្រីចំនួន​៩​មុខ ​១​កេស​ស្មើ​នឹង​២៥​គីឡូក្រាម ​៨៩​កញ្ចប់​ស្មើ​នឹង​​​១.៤៨១​គីឡូ​ក្រាម ​២៩​បាវស្មើ​នឹង​៧៥០​គីឡូ​ក្រាម ​និង​៤ធុង ស្មើ​នឹង​១០០​គីឡូក្រាម​ ត្រូវ​រឹប​អូស​ទុក​ជា​សម្បត្តិ​រដ្ឋ ។ សរុប​មកវិញ ​​តំណាង​អយ្យការ​​ដែល​​បាន​ដឹក​នាំ​កម្លាំង​ចុះ​​​ទៅ​​បើក​ប្លុំ​បេ​ទីតាំង​ផលិត​ឱសថ​​សត្វ​រប​ស់​ជន​ជាតិ​​​បារាំង​នោះ គឺតាម​អំណាច​​សាល​ក្រម​​ដែល​ចូល​ជា​ធរ​មាន​​ហើយ​ដើម្បី​ប្រគល់​ឱសថ​ និង​សារ​ធាតុ​ដែល​តុលាការ​រឹប​អូស​ឱ្យ​ទៅ​​ក្រសួង​​សុខា​ភិបាល​ និង​ក្រសួង​កសិ​កម្ម​គ្រប់​គ្រង៕