រាជធានីភ្នំពេញ ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មិថុនា ២០១១ នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីព្យុះមួយឈ្មោះហៃម៉ា ដែលបានកើតឡើងនៅសមុទ្រចិនខាងត្បូង ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមរបស់ប្រទេសកម្ពុជា ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២១ មិថុនា នេះ។
សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា ដោយសារទទួលរងពីឥទ្ធិពលព្យុះឈ្មោះហៃម៉ា នេះ បង្កឱ្យប្រទេសកម្ពុជាមានភ្លៀងធ្លាក់ច្រើន និងអាចបង្កឱ្យមានជំនន់ទឹកភ្លៀងនៅក្នុងខេត្តមួយចំនួនដូចជា ខេត្តព្រះវិហារ ឧត្តរមានជ័យ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ។ តំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់ច្រើន និងមានខ្យល់បក់បោកខ្លាំងនៅខេត្តកោះកុង ខេត្តព្រះសីហនុ កែប និងខេត្តកំពត រីឯរលកសមុទ្រមានកម្ពស់ពី១ម៉ែត្រទៅ២ម៉ែត្រ ។ ចំណែកតំបន់ទំនាបកណ្តាលមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យម។
ឥទ្ធិពលព្យុះហៃម៉ានេះនឹងធ្វើឱ្យមានកម្ពស់ទឹកទន្លេមេគង្គហក់ឡើងផងដែរ ។ សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមក៏បានស្នើឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋនៅតាមដងទន្លេមេគង្គ និងនៅតាមបណ្តាខេត្តដូចខាងលើបង្កើនការយកចិត្តទុកកដាក់ និងប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ៕
ចែករំលែកព័តមាននេះ