ខេត្តស្ទឹងត្រែង ៖ កាលពីព្រឹកថ្ងៃទី១៦ មិថុនា ប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាង បាននាំគ្នាដឹកគោក្របីរបស់ខ្លួនជាបន្តបន្ទាប់មកចាក់វ៉ាក់សាំងការពារជំងឺសាទឹកនិងជំងឺអុតក្តាមដែលកើតលើសត្វពាហនៈនាដើមរដូវវស្សា និងចុងរដូវ។
លោកសៀង ម៉េងហ័ង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបានថ្លែងថា ការចុះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹក និងជំងឺអុតក្តាមលើសត្វគោក្របីនេះ មួយឆ្នាំចាក់ពីរដង គឺដើមរដូវម្តង និងចុងរដូវម្តង ដែលការចុះអនុវត្តយុទ្ធនាការនេះធ្វើឡើងទូទាំងខេត្ត ដើម្បីបង្ការជំងឺឆ្លងកើតឡើងលើសត្វគោក្របីរបស់ប្រជាពលរដ្ឋ។ ការចុះអនុវត្តផ្ទាល់នៅតាមភូមិ-ឃុំនេះ ក៏មានមន្ត្រីពេទ្យសត្វចុះទៅប្រចាំការតាមបណ្តាភូមិ-ឃុំទូទាំងខេត្តដែរ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋមិនពិបាកដល់ពួកគាត់ដែលនៅភូមិឆ្ងាយៗ។
លោកទូច ធា ប្រធានមន្ទីរកសិកម្មខេត្តបញ្ជាក់ថា ក្នុងស្រុកសៀមប៉ាងមានគោ៦.៦៤៣ក្បាល និងក្របី៨.៨១១ក្បាលដែលយើងចាក់វ៉ាក់សាំងបង្ការជំងឺសាទឹក និងជំងឺអុតក្តាម ហើយជំងឺនេះតែងកើតនៅដើមរដូវវស្សាដែលក្តៅធ្វើឱ្យគោក្របីស្គមស្គាំង ដោយសារវាស៊ីស្មៅទើបនឹងលាស់មានមេរោគដែលបណ្តាលឲ្យកើតជំងឺសាទឹកទៅជាហើមពោះ។ ក្នុងឆមាសទីមួយនេះ យើងចាក់វ៉ាក់សាំងការពារជំងឺលើគោក្របីបានជាង១៨.០០០ក្បាលនៅទូទាំងខេត្ត ក្នុងនោះចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមបាន១.០០០កម្រិតដែលនាយកដ្ឋានបានផ្តល់មកឲ្យមន្ទីរ។
លោកទូច ធា បានលើកឡើងពីការលំបាកខ្លះៗក្នុងការចុះអនុវត្តដោយសារតែប្រជាពលរដ្ឋសព្វថ្ងៃនៅយល់ដឹងមានកម្រិត ពេលគោក្របីឈឺយើងបានពន្យល់ណែនាំពីរបៀបព្យាបាលលក្ខណៈងាយៗតែពួកគាត់នៅតែមិនយល់។ ម្យ៉ាងទៀត គោក្របីរបស់ពួកគាត់ចិញ្ចឹមខុសពីស្រុកក្រោមដែលចិញ្ចឹមដាក់ក្រោល ឯពួកគាត់វិញ លែងចោលពេញតែព្រៃតាមទំនៀមទម្លាប់របស់គាត់ លុះដល់ពេលត្រូវការប្រើប្រាស់ ទើបដើរប្រមូលតាមព្រៃមកវិញ។ ជួនកាលណែនាំឲ្យគាត់ទៅប្រមូលគោក្របីមកចាក់វ៉ាក់សាំង គាត់ឆ្លើយថា ពិបាកទៅប្រមូលណាស់ បើចង់ចាក់ទាល់តែទៅចាក់តាមព្រៃ។ នេះហើយដែលជាចំណុចលំបាកដល់មន្ត្រីពេទ្យសត្វយើង៕
ចែករំលែកព័តមាននេះ