ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ផ្សព្វ​ផ្សាយ​​​សេចក្តី​​​ស្រឡាញ់​​​ចំពោះ​​​​ប្រាសាទ​​ព្រះ​វិហារ​​​មរតក​កម្ពុជា

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​បណ្ឌិតសភាចារ្យ​​​​សុខ អាន​ ឧបនាយករដ្ឋមន្ត្រី​​ ​រដ្ឋមន្ត្រី​​​ទទួល​បន្ទុក​ទីស្តី​​ការគណៈ​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​​សេចក្តី​ស្រឡាញ់​​ចំពោះ​​ប្រាសាទ​ព្រះវិហារ​​នា​រសៀល​ថ្ងៃទី​​១៦ មិថុនា ឆ្នាំ២០១១​ ​នៅ​​សាសន្និសីទ​​ចតុមុខ​ មាន​​ចំណុច​៣ ដែល​​​ពាក់​ព័ន្ធ​​នឹង​ប្រាសាទ​ព្រះវិហារ​​

រាជធានីភ្នំពេញ​ ៖ លោក​បណ្ឌិតសភាចារ្យ​​​​សុខ អាន​ ឧបនាយករដ្ឋមន្ត្រី​​ ​រដ្ឋមន្ត្រី​​​ទទួល​បន្ទុក​ទីស្តី​​ការគណៈ​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​​សេចក្តី​ស្រឡាញ់​​ចំពោះ​​ប្រាសាទ​ព្រះវិហារ​​នា​រសៀល​ថ្ងៃទី​​១៦ មិថុនា ឆ្នាំ២០១១​ ​នៅ​​សាសន្និសីទ​​ចតុមុខ​ មាន​​ចំណុច​៣ ដែល​​​ពាក់​ព័ន្ធ​​នឹង​ប្រាសាទ​ព្រះវិហារ​​ ។​

​ចំណុច​ទី១-​​ខ្ញុំ​សូម​រំលឹក​ឡើង​​វិញ​អំពី​ប្រវត្តិ​ខ្លះៗ​ដែលពាក់ព័ន្ធ​​នឹង​ប្រាសាទ​ព្រះ​វិហារ​​ ។​

​ចំណុច​ទី២-​​អ្វីទៅ​​ដែល​​ថា ភាព​ស្រប​ច្បាប់​ និង​ការ​កាន់​កាប់​ជាក់​ស្តែង​របស់​កម្ពុជា​ទៅលើ​​ប្រាសាទ​-​លើទឹកដី​របស់​កម្ពុជា​ នៅជុំ​វិញ​​ប្រាសាទ​ ហើយ​នឹង​ការ​ពាក់​ព័ន្ធ​​​របស់​​តុលាការ​អន្តរជាតិ ។​

ចំណុច​ទី៣-​អំពី​ដំណើរ​ការ​​ដ៏ស្មុគស្មាញ​​​នៃការ​ចុះ​ឈ្មោះ​ប្រាសាទ​ព្រះ​វិហារ​ជាបេតិក​ភណ្ឌពិភព​លោក​​​ ហើយ​​​នឹ​ង​រឿង​រ៉ាវ​ផ្សេងៗ​​រហូត​​​មក​ដល់​សព្វ​ថ្ងៃ​នេះ ។

លោក​បណ្ឌិត​សភាចារ្យ​មាន​ប្រសាសន៍​បន្ត​ថា ​ចំណុច​ទី១-​​នៅ​ពេល​ការ​ប្រជុំ​​នៅយូណេស្កូ​​​ គណៈកម្មការ​បេតិកភណ្ឌ​ពិភព​លោក​ឱ្យ​យើង​បាន​ផ្សព្វ​ផ្សាយ​​ ​យើង​​ផលិត​បាន​​ វីដេអូ​ ឌីវីឌី​ បញ្ចេញ​​ភស្តុ​តាង​ទាំងអស់​​​នូវ​រូប​ភាព​ដែល​​​សេនា​នុព័ន្ធ​​យោធា​ដែល​បាន​ទៅ​ពិនិត្យ​ការខូចខាត​​នៅ​​លើ​ប្រាសាទ​ព្រះ​វិហារ​ ចំនួន​​១៣ប្រទេស ដើម្បី​​បង្ហាញ​​​ឱ្យ​ឃើញ​​អំពី​ការ​បាញ់​​​​ផ្លោង​មក​លើ​ប្រាសាទ ​​ការខូចខាត​​ប្រាសាទ ។ ​នៅ​ពេល​​ប្រជុំ​ភាគី​ថៃ​​បាន​ឆ្លើយ​​ថា ប្រាសាទ​អត់​មាន​​ខូចផង​​។​

-ពេល​នោះ​​​​បើ​កម្ពុជា​អត់​មាន​រូប​ភស្តុតាង​​​ជាក់​ស្តែង​បង្ហាញ​គេ ​ធ្វើ​ឱ្យ​អ្នក​ស្តាប់​មាន​ការ​​​ច្របូក​ច្របល់​​ កម្ពុជា​ថាខូច ថៃថាអត់ខូច​។ បញ្ហា​​​នេះ​​នាំឱ្យ​មាន​​ភាព​ច្របូក​ច្របល់​ ។​

​-កម្ពុជា​​បាន​ផលិត​​មាន​ឧបករណ៍​ ព័ត៌​មាន​​​ច្បាស់​លាស់​ បង្ហាញ​ភស្តុង​តាង​​ ធ្វើ​បទសំភាសន៍​ ​ដូច្នេះ​​ហើយ​បាន​ជា​ថៃ​ជំទាស់​​ខ្លាំងណាស់​ ប្រតិកម្ម​​​​ហាម​ឃាត់​​​សេនា​នុព័ន្ធ​យោធា​មិន​ឱ្យ​ទៅ​ប្រាសាទ​ព្រះ​វិហារ​ ។ ប៉ុន្តែ​​ក្រសួង​ការពារ​ជាតិ​​កម្ពុជា​បាន​រៀបចំ​​ល្អ​ត្រឹម​ត្រូវ គឺ​សេនានុព័ន្ធ​​យោធា​ត្រូវ​​សម្រេច​ចិត្ត​ទៅ​ហើយ ។​ នេះ​បង្ហាញ​​​ឱ្យ​ឃើញ​ថា កម្ពុជា​​បាន​ធ្វើ​​ទៅ​ត្រឹម​ត្រូវ​ មាន​សារសំខាន់​​ខ្លាំង​ណាស់ ដោយ​យើងបាន​​​ផ្សាយ​មាន​ភាសាខ្មែរ បារាំង​ អង់​គ្លេស​ ជូន​ទៅ​​​បណ្តា​ឯកអគ្គ​រដ្ឋទូត​ រាជទូត ជូន​រូប​ថត​​ឱ្យ​គេ​ អត្ថាធិប្បាយ​​​​ពន្យល់​គេ​​ឱ្យយល់​ច្បាស់​។​

-នោះ​ហើយ​គឺជាការ​ភូត​​កុហក​​របស់​ថៃ​ បាញ់​មក​លើ​​ប្រាសាទ​ជាង​​​៤០០​​គ្រាប់​​ ហើយ​​​ថា​​អត់​​មាន​បាញ់ ។ ដល់​​ភស្តុតាង​​​ជាក់​ស្តែង​តាម​​រយៈ​​ការ​ផ្សព្វ​ផ្សាយ​​​​របស់​កម្ពុជា​​ គឺ​មាន​​ភាព​ត្រឹម​ត្រូវ​​ណាស់ ។ តាំងពី​​ដើម​ទីមក ថៃ​គំរាម​​សំឡុត​​កំហែង​ សូម្បី​អ្នក​ជំនាញ​ការ​អន្តរជាតិ​​ថៃ​ហាម​គេ​មិន​ឱ្យ​មក​ដែរ ។​

ចំណុចទី២-​​កល​​ល្បិច​​​ភូត​កុហក​របស់​ថៃ​​ក្រឡិច​ក្រឡុច​ ដើរ​ភូត​កុហក​មតិ​អន្តរជាតិ ។ បើ​​​សិន​​ជា​យើង​​អត់​ទៅ​ ប្រើ​​រូប​​ផ្សព្វ​ផ្សាយ​​​​ព័ត៌​មាន​​​​ពិត​ប្រាកដ​នោះ​ទេ គឺ​មតិអន្តរជាតិ​ដែលស្តាប់​​ថៃ គេ​ជឿទាំងស្រុង​នូវ​ការ​ភូក​កុហក​​​របស់​ថៃ ហើយ​​គណៈ​កម្មការ​​ដ៏ធំ​ត្រូវ​បាន​ថៃភូត​​កុហក​ដោយ​ធូរ។​ នៅ​​ពេល​ថ្មីៗ​​នេះ បើ​ក្រឡេក​មើល​គណៈ​ប្រតិភូ​​ថៃ​នៅ​​តុលាការ​អន្តរជាតិ​​ឃើញ​ថា ថៃ​ភូត​កុហក​​ជាង​ពាក់​កណ្តាល​ ។ ដូច្នេះ​​​កម្ពុជា​ធ្វើ​ឯក​សារ​​​មួយ​បក​ស្រាយ​​ទៅ​វិញ​ អំពី​ថៃភូត​កន្លែង​ណា​​ខ្លះ ។​

ដូចជា​​​ថៃ​ធ្វើ​​ផែនទី​ឯកតោ​ភាគី យក​ដី​៤,៦​គីឡូ​​ម៉ែត្រ​ការ៉េ​ ថា​របស់​ថៃ ដែល​មិន​​មាន​​​​អន្តរ​ជាតិ​​ណាទទួល​​ស្គាល់​​ទេ ។ ​នៅពេល​​ទៅ​ដល់​​​តុលាការ​​ថៃ​​ឆ្លើយ​ថា​ អត់​មាន​ផែន​ទី​ ឯកតោ​ភាគី​ផង  គឺ​គោរព​តាម​​ការ​សម្រេច​ចិត្ត​​​របស់​តុលាការ​​អន្តរជាតិ​ ។

លោក​បណ្ឌិត​​សភា​ចារ្យ​មាន​ប្រសាសន៍​​ថា ​នៅ​ក្នុង​​សាល​ដីកា​របស់​តុលាការ​​ដែល​ត្រូវ​បាន​អាន​នាពេល​​ធ្វើ​សវនាការ​​ថ្ងៃទី​​៥ ខែមីនា ឆ្នាំ​១៩៦២ ៖

១-​​វិនិច្ឆ័យ​​សេចក្តី​​ និង​ប្រកាស​ថា ខ្សែ​ព្រំដែន​រវាង​កម្ពុជា​​-​ថៃ​នៅតំបន់​​ដងរែក​ គឺជា​​ខ្សែ​​ដែល​បាន​​​គូស​នៅលើ​​ផែន​ទី​របស់​គណៈ​កម្ម​ការ​​កំណត់​​ព្រំដែន​រវាង​ឥណ្ឌូចិន​ និង​សៀម​ (ឧបសម្ព័ន្ធ​១ ដែល​​មាន​ភ្ជាប់​​នឹង​​ដំណើរ​ការ​​ផែនទី​​របស់​ភាគី​កម្ពុជា​) ។
២-​​វិនិច្ឆ័យ​​និង​ប្រកាស​​ថា ប្រាសាទ​ព្រះ​វិហារ​​​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ដែន​ដី​​ក្រោម​អធិបតេយ្យ​​​របស់​ព្រះរាជាណាចក្រកម្ពុជា​ ។​
៣-​​​​វិនិច្ឆ័យ​​​​សេចក្តី​​​និង​​ប្រកាស​​ថា រាជា​ណា​​​ចក្រ​ថៃ​​​មាន​កាតព្វ​កិច្ច​ត្រូវ​ដក​ចេញ​នូវ​​កង​​កម្លាំង​​ប្រដាប់​អាវុធ​ដែល​ខ្លួន​បាន​បោះ​​ទីតាំង​នៅ​​វិកិណ្ណដ្ឋាន​ នៃប្រាសាទ​ព្រះ​វិហារ​ក្នុង​ដែន​ដី​​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​១៩៥៤មក ។
៤-វិនិច្ឆ័យ​​សេចក្តី​​និង​ប្រកាស​​ថា រាល់​​រូប​ចម្លាក់​​ សិលា​ចារឹក បំណែក​នៃប្រាសាទ​​ គំរូ​ថ្ម​ភក់​ និង​កុលាលភាជន៍​បុរាណ​​ដែល​​ត្រូវ​យក​ចេញ​​ពីប្រាសាទ​​ដោយ​អាជ្ញាធរ​ថៃ តាំងពីឆ្នាំ​១៩៥៤ រដ្ឋា​ភិបាល​​​ថៃ​ត្រូវ​​ប្រគល់​មក​ឱ្យ​រដ្ឋា​ភិបាល​​នៃ​ព្រះរាជាណាចក្រកម្ពុជា​​វិញ ។

លោក​បណ្ឌិត​សភាចារ្យ​បញ្ជាក់​ថា តុលាការ​​​បាន​ចេញ​​ដីកា​ ហើយ​​ដែល​ថ្ងៃនេះ​គឺ​យើង​ធ្វើ​រំលឹក​ខួប​លើក​​ទី៤៩ឆ្នាំ​ ។ ដូច្នេះ​​តាម​​តុលាការ​ ក្រុងឡាអេ​​សម្រេច​​ ពីឆ្នាំ១៩៦២ តាម​រយៈ​​ដីកា​​​ដ៏​រឹង​មាំ​របស់​ខ្លួន​  ហើយ​​ទទួល​ស្គាល់​​ផែនទី​​ដែល​ត្រូវ​យក​ ប្រើ​ប្រាស់​ គូស​ដោយ​គណៈ​កម្មការ​​កំណត់​ ព្រំ​ដែន​រវាង​ឥណ្ឌូ​ចិន និង​សៀម​(ឧបសម្ព័ន្ធ១)​។​

អាជ្ញាធរ​​សៀម​តាម​រយៈ​ឥរិយា​បថ​របស់​​ខ្លួន​បានបញ្ជាក់​​ថា បាន​ទទួល​ផែន​ទី​ទាំង​នោះ​និង​ទទួល​ស្គាល់​នូវ​លក្ខណៈ​​នៃផែនទី​ទាំង​នោះ​​និង​​អ្វី​ដែល​​ផែនទីនោះ​​តំណាង​ឱ្យ​​ គឺត្រូវ​បាន​បង្ហាញ​​​​តាម​រយៈ​​សកម្ម​ភាព​របស់​រដ្ឋ​មន្ត្រី​​ក្រសួង​​​មហា​ផ្ទៃ​​​ ព្រះ​​អង្គ​ម្ចាស់​​ដាម​រ៉ុង ក្នុង​ការ​​​ថ្លែង​​អំណរគុណ​​ចំពោះ​​​ឯកអគ្គ​​​រដ្ឋទូត​​បារាំង​នៅ​ទីក្រុង​​​បាង​កក​ ចំពោះ​ផែន​ទីទាំង​នេះ និង​​ស្នើ​ឱ្យ​លោក​​​​ឯក​អគ្គ​​​រដ្ឋទូត​ផ្តល់​បន្ថែម​​ទៀត​​នៃ​ផែន​ទី​​​​នីមួយៗ​​​ដើម្បី​​បញ្ជូន​​ទៅ​ឱ្យ​អភិបាល​​​​ខេត្ត​របស់​សៀម​​ជា​ច្រើន​​ទៀត​ផង ។​ ផ្ទុយ​​​ទៅ​វិញ​​​វា​មិន​​អាច​ធ្វើ​បាន​​ទាល់​តែសោះ​​ ដែល​ថា អភិបាល​​ខេត្ត​ខូកខាន់​ ដែល​ជា​ខេត្ត​​បង្កើត​ឡើង​ជាប់​ជាមួយ​ព្រះ​វិហារ​ រហូត​ដល់​មាន​ដំណោះ​ស្រាយ​​​នៅឆ្នាំ​១៩០៤ មិន​ដឹង​ពី​​អត្ថិភាព​របស់​​ប្រាសាទ​ព្រះ​វិហារ​​នោះ​ទេ ។

​លោក​បណ្ឌិត​​សភាចារ្យ​ មាន​​ប្រសាសន៍​​ថា ​នៅ​ឆ្នាំ​១៩៦២​ គឺ​មិ​ន​ទាន់​​មាន​​អនុសញ្ញា​​១៩៧២ ទេ ។ ​ អនុសញ្ញា​​បេតិកភណ្ឌ​ពិភព​លោក​​កើត​​នៅ​ឆ្នាំ​១៩៧២ នៅ​ក្នុង​អនុញ្ញា​​​គឺ​មាន​អភិវឌ្ឍន៍​ ទស្សនា​តំបន់​​​របស់​ប្រាសាទ​ ។ ធម្មតា​​បេតិក​ភណ្ឌ​​មួយគឺ​មាន​តំបន់​​៣​ត្រួត​ គឺ​​តំបន់​ស្នូល ទី១​តំបន់​ទ្រនាប់ ទី២​អាច​​មាន​តំបន់​​ ទី៣និង​ទី៤​​​ទៀត។  ​តំបន់​​ទាំង​នោះ​​​គឺ​ជា​តំបន់​​របស់​​ប្រាសាទ​​ ​ដូច្នេះ​​នៅ​​ពេល​នោះ​ថៃ​​ត្រូវ​សង​វិញ​​​នូវ​​វត្ថុ​បុរាណ​ទាំង​​អស់​​ ដែល​ថៃ​​យក​​ទៅ​នៅ​ក្នុង​ប្រាសាទ​ឬនៅ​​​ក្នុង​តំបន់​របស់​ប្រាសាទ​ ។ អ្វី​ដែល​​​សំខាន់​ជាង​គេ​​គឺ​ពាក់​ព័ន្ធ​ជាមួយ​នឹង​​ខ្សែព្រំ​ដែន ។​

លោក​បណ្ឌិត​សភាចារ្យ​​បញ្ជាក់​ថា តុលាការ​​ក្រុង​ឡាអេ​​ គឺជា​អង្គការ​​សហប្រជាជាតិ​ ។ នៅ​កម្ពុជា​អង្គការ​សហប្រជាជាតិ​នោះ​គឺ​មាន​​​យន្ត​ការ​៥ អត់​មាន​អង្គការណាតូច-ណាធំទេ ​​គឺ​មាន​​ស្វ័យ​ភាព​នៅ​ក្នុង​អាណត្តិ​​របស់​ខ្លួន ។

ចំណុច​ទី៣-​ពាក់​ព័ន្ធ​​ទៅ​នឹង​ការ​ចុះ​ឈ្មោះ​ប្រាសាទ​​ព្រះ​វិហារ​​ទៅក្នុង​បេតិកភណ្ឌ​ពិភព​លោក​ លោក​បណ្ឌិត​សភាចារ្យ​មាន​ប្រសាសន៍​​​ថា តាម​ការ​​ពិត​កម្ពុជា​បាន​​ស្នើ​​​សុំ​ចុះ​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក​ តាំងពី​ឆ្នាំ​២០០១​ ។ ប៉ុន្តែ​វាស្ទះ​ដំណើរ​ការ​​​នៅ​ក្បាល​ម៉ាស៊ីន រហូត​ដល់​​ឆ្នាំ២០០៧ បាន​យក​​បញ្ហា​​នោះ​​​​មក​ពិនិត្យ​ ។ តាម​​ធម្មតា​​ គេដាក់​​ត្រឹម​តែ​​មួយ​ឆ្នាំ​​ គេ​​ចាប់ពិនិត្យ​​ហើយ… ។

​ចំពោះ​​កម្ពុជា​ នៅ​ឆ្នាំ​​២០០៧​ គេ​​យក​ទៅ​​​ពិនិត្យ​នៅទីក្រុង​​ក្រែឆើច​  នៅពេល​​នោះ​​យើង​​​ជា​ម្ចាស់​​​ប្រាសាទ​​​មាន​ប្រតិភូ​១២​រូប ចំណែក​​​ប្រតិភូ​​​ថៃទៅ​២៦​រូប​ ។​ ភាគី​ថៃ​ គេ​បាន​​ដើរ​តួ​យ៉ាង​សកម្មភាព​​​បំផុត​ជំទាស់​​ក្នុង​​ការ​ចុះ​បញ្ជី​​​​​ប្រាសាទ​ព្រះ​វិហារ​​ក្នុង​បេតិកភណ្ឌ​ពិភព​លោក​ ។​ តាម​ការពិត​តើ​​ហេតុ​អ្វី​ ថៃ​ចេះ​តែ​ជំទាស់​​ បើ​​តុលាការ​​​ឡាអេ សម្រេច​ថា ប្រាសាទ​ព្រះ​វិហារ​​​របស់​​​កម្ពុជា​ទៅ​ហើយ ។ ទាក់​ទិន​បញ្ហា​​ភាគី​ថៃ​ បាន​​លើក​​ថា ទាល់​តែ​ធ្វើ​​សំណើ​​រួម​ទើប​ថៃ​ព្រម​ កម្ពុជា​-ថៃ​ រួម​គ្នា​ស្នើ​​ទៅ​បេតិកភណ្ឌ​ពិភព​លោក​ចុះ​បញ្ជី​ ។
កម្ពុជា​លើក​ថា ហេតុអ្វី​​បាន​ចាំរួម​ បើ​ប្រា​សាទ​ព្រះ​វិហារ​ជា​របស់​​កម្ពុជា​ ពេល​នោះ​ កម្ពុជា​​ក៏ទាត់​ចោល​ការ​លើក​​របស់​ថៃ ។ សមាជិក​​ ផ្សេងៗ​​គេគាំទ្រ​កម្ពុជា គេអត់​គាំទ្រ​ថៃទេ ។

-​មិន​តែប៉ុណ្ណោះ​ ភាគីថៃក៏​បាន​ស្នើ​ទៀត​ គឺ​ការ​ចុះ​បញ្ជី​ឆ្លង​ដែន​ គឺខាង​កម្ពុជា​ដាក់​ប្រាសាទ​​ ឯខាង​ថៃ​ដាក់​​កូន​ស្រះមួយ ហៅ​ស្រះ​ត្រាវ​ រួច​ចុះបញ្ជី​​​ឆ្លង​ដែន ។​
-​កម្ពុជា​បាន​​ច្រាន​ចោល​ អត់​ព្រម ចំណែក​សមាជិក​​ផ្សេងៗ​គេក៏​​គាំទ្រ​ខាង​កម្ពុជា​។​

ភាគីថៃ​ក៏​មាន​មហិច្ឆតា​ទៀត ទាមទារ​​ឱ្យ​គ្រប់​គ្រង​​រួម ​បាន​សេចក្តី​ថា កម្ពុជា​-​ថៃ គ្រប់​គ្រង​​​រួម​ប្រាសាទ​ព្រះវិហារ ។ កម្ពុជា​បាន​ទាត់ចោល​​​ទៀត​​​មិនព្រម​​​គេ​គាំទ្រ​កម្ពុជា ។ ​ដូច្នេះ​​​​ការ​ជជែកនៅក្រៃឆើច​ (ញូវ​ហ្សេ​ឡែន) នោះមាន​​ការលំបាក​​​ណាស់​ព្រោះ​​​​ភាគីថៃ​​ប៉ិន​ប្រសប់​​ដើ​​របំផុស​​​ឃោសនា ​​ប៉ុន្តែ​​គេ​​ជឿ​​​​​កម្ពុជាវិញ ។ ​​

នេះជា​ចំណុច​ទី​១ ដែលបេតិកភណ្ឌ​​ពិភពលោ​ក​មិន​ដែលធ្វើដូច្នេះ​​​ទេ មិន​ដែល​​​អ្នកណា​​​សម្រេច​​មុន​១​ឆ្នាំ​​ទេ តែ គេត្រួតពិនិត្យ​​​​ឃើញ​ថា មាន​​​លក្ខណៈពិសេស​​​វិសាល​​​ណាស់ ត្រូវ​តែ​បញ្ចូល​។ ​ប៉ុន្តែ​​​គេ​ដាក់​ថា ការប្រកាស​ជា​ផ្លូវការ​​នឹង​ត្រូវ​​ប្រកាស​នៅ​ឆ្នាំក្រោយ​។​

កម្ពុជាក៏​​យល់ព្រម​​​​ទទួលយកដែរ ​​ប៉ុន្តែ ដាក់​​​លក្ខខណ្ឌ​​​ឱ្យ​​យើង​​​៣ គឺទី​១-​កម្ពុជាត្រូវ​​តែ​ចរចា​​​ជា​មួយថៃ ដើម្បីឈាន​ទៅដល់​ការ​​ឯកភាពគ្នា​ពី​​អ្វី​​មួយ ។​ ទី​២-​កម្ពុជាត្រូវ​​​ពង្រឹង​​ការ​​អភិរក្ស​​​ប្រា​សាទព្រះវិហារ និងទី​​៣-​​កម្ពុជាត្រូវ​​​​ធ្វើ​ផែនការ​​គ្រប់គ្រង​​​​ប្រាសាទ​​​ឱ្យទាន់​ឆ្នាំក្រោយ​។​

នៅពេលនោះ​គណៈ​កម្មការ​បេតិកភណ្ឌ​​ក៏មាន​​ការជួយកម្ពុជា​​​ផងដែរ ​​​​មក​ចលនា​​ ចុះមក​សុទ្ធតែ​​​អ្នកជំនាញ​​​​ការ​កំពូលៗ ​ពីប្រទេស​ជាមិត្ត​​​មួយ​ចំនួន​មកជួយ​ធ្វើភ្លាម ។ ​ប៉ុន្តែ​​​ចំណុច​ទី​៣ គឺ​បាន​​​កែសម្រួល​​​ថា ផ្តល់​នូវ​របាយការណ៍​​មួយ​ដែល​​​និយាយអំពី​​ជំហាន​​ឈានទៅដល់​​ផែនការ​​​គ្រប់គ្រង​។ លុះទៅដល់​​​កេបិច ​​គណៈ​កម្មការ​​​គេចែក​​​​សិន​នូវ​​លក្ខខណ្ឌ​​​​ទាំង​​៣​​ ពេលនោះថៃ​​សន្យា​គាំទ្រ​​​កាលពីបានចូល​​​ទៅ​ក្រៃឆើច​ គេ​​គាំទ្រ​​​ចាំ​ឆ្នាំ​​ក្រោយ​​​ទៅ ។ ​​លុះទៅដល់​កេបិច ​​​ថៃ​ក្រឡាស់​​រហូត​ជំទាស់ទៀត​​ថា មិនអាច​​ចូលបានទេ ​​ចាំ​លើកក្រោយ​​ទៀត​ទៅ​។​

ប៉ុន្តែកម្ពុជា​យើង​បាន​​ធ្វើវិធានការ​គ្រប់គ្រាន់​​​ ទី​១-​​យើង​បង្កើត​​​អាជ្ញាធរ​​​ប្រាសាទព្រះវិហារ ​​ដើម្បី​ពង្រឹង​​​ការ​អភិរក្ស​​ប្រាសាទ ។ ​លក្ខខណ្ឌ​​ទី​២ កម្ពុជា​​យើងបំពេញ​ជាក់ស្តែង ​ទៅដល់​យើង​​ព្យួរ​ចំការងារ​​​​អាចធ្វើបាន​​ របាយការណ៍​​​​ជាក់​ស្តែង​​ផែនការ​​ជំហាន​​​​ឈានទៅដល់​ផែនការ​​គ្រប់​គ្រង សហការ​​​ជាមួយផ្នែក​​​បច្ចេកទេស​​​សហ​ការ​​ដំណើរការ​។​
ចំណុចទី​​​១ បាន​​​​​ធ្វើ​ល្អ ដោយបាន​​​​អញ្ជើញ​​ឯក​អគ្គរដ្ឋទូត​​​មួយចំនួននៅ​ភ្នំពេញ និង​​ឯកអគ្គ​រដ្ឋ​ទូត​​មក​ពីក្រៅ​​​​ទៅប្រាសាទព្រះវិហារ​ មើល​​​​​​គ្រប់​ទិដ្ឋ​ភាព​​។

ចំណុច​ជាក់ស្តែង​​​​កម្ពុជាយើងបាន​​​បបួល​រដ្ឋ​មន្ត្រី​​​​ការបរទេសថៃ​​​ឯក​ភាព​ជាមួយ​យើង​ធ្វើ​​ឱ្យ​ភ្ញៀវ​យូណេស្កូ​​​រៀបចំការ​​​ប្រជុំ​មួយ​នៅស្នាក់​​ការ​យូណេស្កូ​​ ក្រោម​ការ​​ជួយ​ឧបត្ថម្ភ​​របស់​អគ្គ​នាយក​​​យូណេស្កូ​​ ដើម្បី​​​​ឱ្យ​កម្ពុជា​​​ និងថៃ​ចរចា​គ្នា​​ឱ្យមានការ​​ឯកភាព ។ ​១ខែកន្លះ​​​មុនការប្រជុំ​​នៅ​​កេបិច ​​កម្ពុជា​​​-ថៃ​ប្រជុំនៅប៉ារីស គណៈប្រតិភូ​​​​ថៃ​ដឹកនាំ​​​ដោយ​រដ្ឋ​មន្ត្រី​​​ការបរទេស ​គណៈ​ប្រតិភូ​​កម្ពុជា ដឹកនាំ​ដោយ​ខ្លួន​ខ្ញុំ​ និង​គណៈប្រតិភូ​​​ដែល​ធ្លាប់​​ចូលរួមនៅ​ក្រៃឆើច​ ។​

យូណេស្កូ​​មានអ្នកជំនាញ​​គ្រប់​ធ្វើជា​អាជ្ញា​កណ្តាល​ និង​គណៈ​ប្រតិភូថៃ​-​កម្ពុជា ​ម្ខាង​ម្នាក់ ចរចា​​​ចាប់តាំងពី​ម៉ោង​​៣​រសៀល​​​​រហូត​ដល់​​​​ម៉ោង​​១យប់​។​ កម្ពុជា​​យើង​​ចេញ​បានសេចក្តី​​ថ្លែង​ការណ៍​​រួម​មួយ ដែល​បញ្ជាក់​​អំពីការ​​ចុះឈ្មោះ​​​ប្រាសាទព្រះ​វិហារ​​ដោយមិន​បាច់​​​មាន​តំបន់​​​ទ្រនាប់​។ នៅ​ពេល​​​នៅប៉ារីស ​​​បានចេញប្រកាស​រួម​មួយ​ដែល​ថៃ​​​គេ​ថា គាំទ្រ​​​​ឱ្យចុះ​​ឈ្មោះ​​ប្រាសាទព្រះវិហារ​​​ជា​បេតិកភណ្ឌពិភពលោក​នៅ​​​កេបិច​​ក្នុង​ពេល​​ខាង​មុខ​។​

ដូច្នេះ​ការ​ចុះឈ្មោះ​​ប្រាសាទព្រះវិហារ​​​គឺជា​ផ្នែក​​​​វប្បធម៌ គឺជាការ​​ងារ​​​សហ​ប្រតិបត្តិការ​​​អន្តរ​ជាតិ រវាងប្រទេ​ស​ និង​ប្រទេស ក្នុង​​ការងារ​​​​អភិ​រក្ស​​​ និងអភិវឌ្ឍន៍​ប្រកបដោយ​​​ចីរភាព ។ ​​ដូច្នេះ​​ខ្ញុំ​ចុះ​​ហត្ថលេខា​​ក្នុងនាម​រាជរដ្ឋាភិបាល​​​កម្ពុជា​​​ក្រោមការ​ណែនាំ​​​ដ៏ខ្ពង់ខ្ពស់​​​​ពីសម្តេច​​​អគ្គមហា​សេនាបតីតេជោហ៊ុន សែន ​។ កម្ពុជា​​​ចុះហត្ថ​លេខា​​​ភ្លាម​មាន​ប្រសិទ្ធ​ភាព​​​ភ្លាម ​​​ចំណែកថៃ​​​គាត់​ចុះ​ហត្ថលេខា​​​សិនទេ ​ចាំ​គាត់​​ទៅដល់​ស្រុកវិញ គណៈរដ្ឋមន្ត្រី​​​របស់គាត់​​​​​អនុម័ត ទើបយក​​ជា​ការ​បាន ។​ ដូច្នេះ​​យើង​ត្រូវ​​រង់ចាំ​​​១ខែ​ជាង​ទំរាំ​គណៈ​រដ្ឋ​មន្ត្រី​​​គាត់សម្រេច​​​នៅបាង​កក ​បានហត្ថលេខា​​​នោះ​ចូលជាធរមាន​។​

ដូច្នេះ​រឿង​ដែល​​បានចុះក្នុង​បញ្ជី​​​មានការ​​លំបាក​ណាស់ ​​ទំរាំ​ចុះ​ហត្ថលេខា​​​​បាន ។ ប៉ុន្តែ​​​ប្រហែល​​​មួយអាទិត្យ​​​មុនប្រជុំ​នៅ​​កេបិច ​​រដ្ឋាភិ​បាល​​ថៃ​គាត់ប្រកាស​ថា ការចុះ​​ហត្ថលេខា​​​នោះ​ត្រូវ​​​លុប​ចោល ។​ វា​ដូចជា​​​​ពិបាក​​ដែរ ចុះហត្ថ​លេខា​​​​​៣ភាគី មាន​យូណេស្កូ​​​ជាសាក្សី ​​ហើយដូច​ម្តេច​​​បានជាថៃ​​​លុប​ចោលតែ​ឯង​បាន ។ ​ទាល់តែ​​​ភាគី​២​​ឯកភាពគ្នា​​​លុប ប៉ុន្តែ​​ថៃ​គាត់​​លុប​តែ​គាត់​កម្ពុជា​អត់លុប បញ្ជាក់​ឱ្យ​ឃើញ​ថា ​កម្ពុជា​​​បាន​​​ស្វះស្វែង​​​រក​​ការចរចារ​​​ទ្វេភាគី​​រួចហើយ ។ ​​នេះ​បញ្ជាក់​​​​ឱ្យឃើញ​​​ថា កម្ពុជា​ខិតខំ​​ប្រឹងប្រែង​កុំ​ឱ្យ​មាន​ទំនាស់​រឿង​ហ្នឹង ​​ប៉ុន្តែ​ទាំង​អស់គ្នា​​​មិន​អាច​​ចាំ​​ថៃ​​បានទេ​។​

ទាក់ទង​ទៅ​​នឹង​ការអភិរក្ស​​ប្រាសាទព្រះ​វិហារ​​កម្ពុជា​​អនុវត្ត​បាន ។ ​របាយ​ការណ៍​​​​ពី​ជំហាន​​ដើម្បី​​ឈានទៅ​​​​ផែនការ​គ្រប់គ្រង​ កម្ពុជា​​បានធ្វើ​រួចហើយ​។ ​​យូណេស្កូ​​​​មាន​នីតិវិធី​​ច្បាស់​លាស់​ណាស់ ​១៨៦ប្រទេស​ជា​សមាជិក ក្នុង​នោះ​​២ប្រទេស​​ជា​គណៈ​ក​ម្មការ​​​បេតិកភណ្ឌ​។ ឆ្នាំ​២០០៩ ​កម្ពុជា​បោះ​ឆ្នោត​​ជាប់​លេខ​​​២ ចូល​​ជា​សមាជិក​បេតិកភណ្ឌ​​​​​​។ ឆ្នាំ​២០១០ ​​ថៃ​ត្រូវ​ចេញ​ កម្ពុជា​​​ចូលជំនួស​ជា​អនុប្រធាន​​​ឆ្នាំនេះ​​នៅប៉ារីស៕​