ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ចង.ក​ធ្វើ​អត្ត​ឃាត​២ឆ្នាំ​មុន ពេល​នេះ​ប្តី​លង់​ទឹក​ព្រែក​ស្លាប់

15 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ បុរស​ម្នាក់​បាន​លង់​ទឹក​ព្រែក​ស្លាប់ ហើយ​ត្រូវ​​គេ​ប្រទះ​ឃើញ​​សព​កាល​ពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២០ មីនា នៅ​​ភូមិ​ព្រែក​តាមេម ឃុំ​ព្រែក​ស្តី ស្រុក​កោះ​ធំ។ មូល​ហេតុ​​នៃ​ការ​លង់​ទឹក​​នោះ​គេ​អះ​អាង​ថា មក​ពី​​បុរស​នោះ​ស្រវឹង​ស្រា។ ​អ្នក​​ស្លាប់​ឈ្មោះ​​សន ខុម អាយុ​៤១​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​តាមេម ​ជា​កសិ​ករ មាន​កូន​៤​នាក់។ ប្រពន្ធ​គាត់​បាន​ចង.ក​សម្លាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០៩។ បើ​តាម​ការ​អះ​អាង​របស់​អ្នក​ភូមិ​​ថា ​ស្ត្រី​រូប​នោះ​ចង.ក​ធ្វើ​អត្ត​ឃាត​ដោយ​សារ​តែ​តូច​ចិត្ត​ជំពាក់​លុយ​ធនា​គារ​ឯក​ជន​ច្រើន​​រក​​សង​​មិន​បាន។ ​បន្ទាប់​ពី​ប្រពន្ធ​ស្លាប់​បាត់​ទៅ បុរស​ជា​ប្តី​​ខូច​ចិត្ត​ផឹក​ស្រា​ស្រវឹង​រាល់​ថ្ងៃ។

អ្នក​ភូមិ​និយាយ​ថា នៅ​​ថ្ងៃ​ទី​១៩ មីនា ​បុរស​ឈ្មោះ​សន ខុម បាន​ផឹក​ស្រា​​រហូត​ស្រវឹង ហើយ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ​គាត់​ជិះ​កង់​ទៅ​ងូត​ទឹក​នៅ​ក្នុង​ព្រែក​ហម។ នៅ​ទីនោះ​គាត់​ជួប​​កូន​ម្នាក់​​ក៏​ឱ្យ​យក​​កង់​​ជិះ​ទៅ​ផ្ទះ​មុន។ នៅ​ល្ងាច​ថ្ងៃ​ដដែល ​អ្នក​ភូមិ​​ដែល​ចុះ​ទៅ​ងូត​ទឹក​ព្រែក​បាន​ប្រទះ​ឃើញ​ស្បែក​ជើង​មួយ​គូនៅ​ក្បែរ​មាត់​ទឹក តែ​មិន​ដឹង​ថា ជា​របស់​អ្នក​ណា​ទេ។ ចំណែក​កូន​ៗ​ពេល​បាត់​ឪពុក​ដើរ​​សួរ​គេ​ឯង​ ហើយ​តាម​រយៈ​ស្បែក​ជើង​នោះ​គេ​សង្ស័យ​ថា ​គាត់​​លង់​ទឹក​ស្លាប់ ប៉ុន្តែ​ដោយ​ពេល​យប់​គ្មាន​អ្នក​ចុះ​រាវ​ទេ។ លុះ​​ស្អែក​ឡើង​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២០ មីនា ទើប​សាក​សព​​បាន​អណ្តែត​ឡើង។ ប៉ូលិស​បច្ចេក​ទេស​ខេត្ត​​ទៅ​ពិនិត្យ​សាក​សព​សន្និ​ដ្ឋាន​ថា បុរស​នោះ​ស្លាប់​ដោយ​សារ​លង់​ទឹក ព្រោះ​មាន​ទឹក​នៅ​ក្នុង​ពោះ និង​គ្មាន​ស្លាក​ស្នាម​អ្វី​ផ្សេង​គួរ​ឱ្យ​កត់​សម្គាល់​ទេ៕