ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​​ដំណើរ​ទស្សនកិច្ច​​​របស់​គណៈប្រតិភូ​​ក្រសួង​​ទេសចរណ៍​​​នៅរុស្ស៊ី​និង​ស្វ៊ីស

15 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ លោក​​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​​ទេសចរណ៍​​ដែល​​​ដឹកនាំ​គណៈប្រតិភូ​​​៥រូប ទៅធ្វើ​ទស្សនកិច្ច​​ផ្លូវ​ការ​​នៅ​​សហព័ន្ធ​​រុស្ស៊ី​ ​និង​​សហព័ន្ធ​​ស្វ៊ីស​​ពី​ថ្ងៃទី​​១១-១៧ ខែ​មីនា ឆ្នាំ​​២០១១ បាន​​វិល​ត្រឡប់​​​មក​ដល់​​ប្រទេស​​វិញ​ហើយ ។ ជុំ​វិញ​ការ​ធ្វើ​ទស្សនកិច្ច​​​នៅសហព័ន្ធ​រុស្ស៊ី គណៈ​ប្រតិភូ​បាន​ចុះ​ហត្ថ​លេខា​​​រួមគ្នា​លើ​ផែន​​ការ​​​​សកម្មភាព​រួម​ស្តីពី​ការងារ​ឃោសនា​ផ្សព្វ​ផ្សាយ​​​ ការបណ្តុះ​បណ្តាល​​ធនធាន​មនុស្ស​​ពិសេស​​ការ​​បណ្តុះ​បណ្តាល​ភាសា​រុស្ស៊ី​ និង​ផ្នែក​​ជំនាញ​​ទេស​ចរ ការ​​សម្រួល​ការ​ធ្វើ​ដំណើរ​​និង​ដឹកជញ្ជូន​​​ទេសចរ និង​​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​​​សិក្សា​ និង​ឯកសារ​ទេសចរណ៍​នានា ។

ភាគី​ទាំងពីរ​​បាន​ធ្វើ​ការ​ពិភាក្សា​​គ្នា​ប្រកប​ដោយ​​ភាព​ជិត​ស្និទ្ធ​ និងមិត្តភាព​​ ហើយ​ភាគី​រុស្ស៊ី​​ បាន​ចាត់ទុក​កម្ពុជា​ជាមិត្ត​ដ៏ជិត​ស្និទ្ធ​ ទោះបីជា​នៅ​​ឆ្ងាយ​​​ពីគ្នា​ក៏រុស្ស៊ី​នៅតែ​ជួយ​គាំទ្រ​​ដល់​កម្ពុជា។ ចំពោះ​​ការ​ហោះ​ហើរ​ត្រង់​​ពីរុស្ស៊ី​​មក​កម្ពុជា​ ភាគី​​រុស្ស៊ី​​​​បាន​​ឯកភាព​ថា​ត្រូវ​តែជំរុញ​​ឱ្យ​មាន​ការ​​ហោះ​​ហើរ​​​ឱ្យ​បាន​ឆាប់ ព្រោះ​ចំនួន​ទេស​ចរ​រុស្ស៊ី​មក​ទស្សនា​កម្ពុជា​​​កាន់​តែ​កើនឡើង​​ ដែល​នៅឆ្នាំ​​២០១១​នេះ នឹង​មាន​ប្រមាណ​១០ម៉ឺន​នាក់​ ដូច្នេះ​​​សក្តិសម​​ល្មម​នឹង​រៀបចំ​ឱ្យ​មានការ​​ហោះហើរ​​ត្រង់​​មក​កម្ពុជា​​បាន​ហើយ ។

គួរកត់​សម្គាល់​​ថា កាលពីឆ្នាំ​​២០១០ កម្ពុជា​ ទទួល​បាន​ទេសចរ​រុស្ស៊ី​​ប្រមាណ​ជាង​៤ម៉ឺន​នាក់ គឺកើនឡើងបើ​ធៀប​នឹងឆ្នាំ​​២០០៩ និង​នៅ​​ក្នុង​​ខែមករា ឆ្នាំ​២០១១​​ ​ទេសចររុស្ស៊ី​​​មក​ទស្សនា​កម្ពុជា​​មាន​ចំនួន​១ម៉ឺន​នាក់ ក្នុង​​កំណើន​​​១០២% (ស្ថិត​ក្នុង​​​ចំណាត់​ថ្នាក់​​ទី១០ ) ព្រោះ​​សហព័ន្ធ​​រុស្ស៊ី​​​បច្ចុប្បន្ន​​មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន​​លើ​ជីវភាព​ប្រជាជន ។ នៅសហព័ន្ធ​ស្វ៊ីស​ ភាគី​កម្ពុជា​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​​​យ៉ាង​កក់​ក្តៅ​ពីមូល​និធិ​​  The Shift 360 Foundation ​និង​រដ្ឋ​អំណាច​​គ្រប់​ជាន់​ថ្នាក់​​​នៃរដ្ឋ​ Ticino ​​សហព័ន្ធ​​ស្វ៊ីស ពិសេស​ពីក្រុង​ Lugano Bellinzona  និង​សាលា​​​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ​​ធ្វើ​ម្ហូប​​​អាហារ​​និងទេស​ចរណ៍​​ (SSAT) ។​

គណៈ​ប្រតិភូ​កម្ពុជា​បាន​ចុះ​​ហត្ថ​លេខា​ ជា មួយ​មូល​និធិ​ The Shift 360 Foundation ​ដែល​​ជា​​ដៃគូ​​សំខាន់​​របស់​សាលា​ SSAT (ដោយ​​​មាន​ការ​ទទួល​​ស្គាល់​​ពី​ផ្នែក​​អប់រំ​និង​សិក្សា​ធិការ)​ លើការ​បង្កើត​ឱ្យ​មាន​វិទ្យាស្ថាន​សិល្បៈធ្វើ​ម្ហូប​​​​អាហារ​​នៅកម្ពុជា​ (Royal Academy of Culinary Arts) ។ ​ដំណើរ​ការ​​នៃ​ការ​បើក​​វិទ្យា​ស្ថាន​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​​ក្នុង​​ជំហាន​ដំបូង​​ដោយ​​​សហការ​ជាមួយ​វិទ្យា​​ស្ថានជាតិ​ពហុបច្ចេកទេស​កម្ពុជា​ (NPIC) ផ្នែក​ធ្វើ​ម្ហូបអាហារ​ ។ ជា​បណ្តើរៗ​ មូល​និធិ​ The Shift 360 Foundation ​នឹង​ខិតខំ​​​​ស្វែង​​រក​មូល​និធិ​​ដើម្បី​​បង្កើតវិទ្យា​ស្ថាន​​សិល្បៈ ​​ធ្វើម្ហូប​អាហារ​មួយ​ដោយឡែក។ សាលា​បណ្តុះ​បណ្តាល​​​ SSAT នឹងបញ្ជូន​​ក្រុម​​គ្រូ​បង្រៀន​​​ និង​ឧបករណ៍​​សំខាន់ៗ​នៃវិជ្ជាធ្វើ​ម្ហូប​អាហារ​មក​កម្ពុជា​​នាខែមិថុនា ឆ្នាំ២០១១​ ខាង​មុខ​នេះ​ ដែល​​រួម​មាន​ទាំង​​កម្មវិធី​​សិក្សា​ផ្នែក​ធ្វើ​ម្ហូប​​​អាហារ​ និង​បទដ្ឋាន​​​គតិយុត្តិ​ទាំង​ឡាយ​ដែល​ទាក់ទង​​ទៅ​នឹង​ការ​គ្រប់គ្រង​​​ភោជនីយដ្ឋានផង។

ដោយឡែក ​នៅទីក្រុង​​ Zurich ​គណៈ​ប្រតិភូ​​​កម្ពុជា​បាន​ជួប​ប្រជុំជាមួយ​សភាពាណិជ្ជកម្ម​ ស្វ៊ីស​​ ដើម្បី​​ជម្រាប​ជូនអំពី​សភាព​ការណ៍​​រីក​ចម្រើន​​​របស់​​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដ៏ត្រឹម​ត្រូវ​​​និង​​ឈ្លាស​វៃ​របស់​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ​និង​សំណូមពរ​ឱ្យអ្នក​វិនិយោគ​ស្វ៊ីស​មក​វិនិយោគ​​នៅ​កម្ពុជា​ ពិសេស​លើ​វិស័យ​​ទេសចរណ៍​ និង​វិស័យ​ផ្សេងៗ​ទៀត ។ ក្នុង​ដំណើរ​វិល​ត្រឡប់​​ គណៈ​ប្រតិភូ​​បាន​ជួប​​ពិភាក្សា​​ជាមួយ​ទីភ្នាក់​ងារ​ CIVIPOL ​នៃ​ប្រទេស​បារាំង ស្តីពី​ការអប់រំ​​​បណ្តុះ​បណ្តាល​​ឆ្មាំសមុទ្រ​​កម្ពុជា ។ ភាគី​ CIVIPOL បាន​យ​ល់​ព្រម​​បញ្ជូន​​ក្រុម​គ្រូបង្រៀន​មក​កម្ពុជា​​ដើម្បី​បង្ហាត់​បង្រៀន​និងបណ្តុះ​បណ្តាល​​ឆ្មាំ​សមុទ្រ​កម្ពុជា​នៅ​ក្នុង​ខែ​មិថុនា​ ឆ្នាំ២០១១ ខាង​មុខ​នេះ ៕​