ខេត្តបន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនយុវជន២នាក់ ដែលជាប់ចោទពីបទរំលោភស្ត្រី២នាក់ បានសម្រេចក្នុងបន្ទប់ផ្ទះសំណាក់ ។ ការចាប់ខ្លួននេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៧ កុម្ភៈ នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ។ នេះជាប្រការគួរឱ្យចម្លែកដែលការចាប់រំលោភក្នុងបន្ទប់ផ្ទះសំណាក់ ដូច្នេះបញ្ហាបែបនេះគួរនារីទាំងឡាយឈប់បណ្តោយខ្លួន ព្រោះទោះចង់ ឬមិនចង់ក៏ជាការលំបាកមួយដោយសារថា ការព្រមព្រៀងចូលបន្ទប់ផ្ទះសំណាក់វាហាក់បីដូចជាព្រមព្រៀងគ្នាមួយកំណាត់ទៅហើយ ។
លោកអនុសេនីយ៍ឯក ព្រហ្ម ផេង នាយការិយាល័យស្រាវជ្រាវប្រឆាំងការជួញដូរ និងការពារអនីតិជននៃកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា យុវជនដែលត្រូវចាប់ខ្លួននេះម្នាក់ឈ្មោះឆែប រាប អាយុ១៩ឆ្នាំ មុខរបរគួកជេម៉ូតូ និងម្នាក់ទៀតឈ្មោះពិត ចាន់ឌីណា អាយុ២៥ឆ្នាំ មុខរបរគួកជេម៉ូតូដែរ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឯស្ត្រីដែលអះអាងថា ជាជនរងគ្រោះ ម្នាក់អាយុ១៦ឆ្នាំ និងម្នាក់ទៀតអាយុ១៧ឆ្នាំ ។
លោកអនុសេនីយ៍ឯក ព្រហ្ម ផេង បានឱ្យដឹងទៀតថា យោងតាមពាក្យបណ្តឹងបានចោទប្រកាន់ថា យុវជនទាំងពីរនាក់នេះបានបបួលនាងទៅលេងនៅរមណីយដ្ឋានល្ងាចជួបគ្នា ហើយបង្អកស្រានាងអស់៩ដប រហូតដល់ស្រវឹងយ៉ាងខ្លាំង។ បន្ទាប់មកឈ្មោះឆែប រាប បានយកម៉ូតូឌុបនាងម្នាក់ និងឈ្មោះពិត ចាន់ឌីណា ឌុបនាងម្នាក់ទៀតជិះក្រឡឹងជុំវិញវេទិកាសាលាខេត្ត ២ជុំរួចទើបនាំនាងចូលផ្ទះសំណាក់បញ្ញានៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយឈ្មោះឆែប រាប ចូលបន្ទប់លេខ២៨ ចំណែកឈ្មោះពិត ចាន់ឌីណា ចូលបន្ទប់លេខ២៩ ។
តាមការចោទប្រកាន់ថា ពួកគេបានចាប់នាងរំលោភរហូតបានសម្រេចប្រហែលជាម៉ោង១០យប់ ថ្ងៃទី២៦ កុម្ភៈ ហើយក្រោយពេលពួកនាងស្វាងពីស្រវឹងស្រា ក៏បានឌុបនាងទៅផ្ទះ។ តាមសំដីស្ត្រីរងគ្រោះទាំង២នាក់បានបញ្ជាក់ថា លុះព្រឹកឡើងនាងបានមកប្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ហើយបានឃាត់ខ្លួនយុវជនទាំង២នាក់ នៅថ្ងៃទី២៧ កុម្ភៈ ឆ្នាំ២០១១ វេលាម៉ោង៩ព្រឹកនៅនឹងផ្ទះក្នុងភូមិកំពង់សា្វយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកអនុសេនីយ៍ឯក ព្រហ្ម ផេង បានបញ្ជាក់ថា យោងតាមចម្លើយរបស់យុវជនជាប់ចោទទាំង២នាក់បានសារភាពថា ពួកគពិតជាបាននាំនាងទៅផឹកស្រា ហើយនាំទៅចាប់រំលោភនៅផ្ទះសំណាក់បានសម្រេចមែនព្រោះថា ពេលទៅផឹកនិងឡើងផ្ទះសំណាក់ គឺនាងយល់ព្រមដោយខ្លួនឯង គឺមិនបានបង្ខំ និងអូសទាញ ឬគំរាមឡើយ។ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្លែងថា យោងតាមពាក្យបណ្តឹងរបស់ស្រ្តីទាំង២នាក់ និងចម្លើយសារភាពរបស់ជនជាប់ចោទ ក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕


ចែករំលែកព័តមាននេះ