ទីក្រុងតូក្យូ៖ ក្រុមហ៊ុនហុងដា និងស៊ូហ្ស៊ូគីរបស់ជប៉ុនប្រហែលជាលែងផលិតម៉ូតូខ្នាតតូចតទៅទៀតហើយនាពេលអនាគត។ ក្រុមហ៊ុនកំពុងពិចារណាទៅលើបញ្ហានេះនៅពេលអាជ្ញាធរចេញច្បាប់ថ្មីដែលមានលក្ខណៈរឹតត្បិតកាន់តែខ្លាំងជាងមុនពាក់ព័ន្ធនឹងការផលិតយានយន្តដែលបញ្ចេញឧស្ម័នកាបោនច្រើនទៅក្នុងបរិយាកាស។ ម៉្យាងទៀត បើសិនក្រុមហ៊ុនទាំង២ជ្រើសរើសយកការកែសម្រួលទៅតាមបទបញ្ញត្តិថ្មីក៏មិនប្រាកដជាអាចស្រង់ដើមបានមកវិញដែរព្រោះត្រូវចំណាយថ្លៃដើមខ្ពស់។

និយាយនេះសំដៅទៅលើប្រទេសជប៉ុនតែប៉ុណ្ណោះ។ មានន័យថាម៉ូតូរបស់ហុងដា និងស៊ូហ្ស៊ូគីដែលបើករោងចក្រដំឡើង ឬផលិតនៅប្រទេសដទៃទៀតនៅតែដំណើរការជាធម្មតា។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍អឹនអេចខេជប៉ុន (NHK)។ ប្រភពដែលដឹងរឿងនេះច្បាស់ ហើយស្នើសុំមិនឱ្យបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថាគម្រោងឈប់ផលិតម៉ូតូរបស់ក្រុមហ៊ុនទាំងពីរសំដៅលើម៉ូតូដែលមានបំពង់ស៊ីឡាំងប្រេង៥០សេសេ (50 CC) ឬតិចជាងនេះ។

នៅប្រទេសជប៉ុន មានតែក្រុមហ៊ុនហុងដា និងស៊ូហ្ស៊ូគីប៉ុណ្ណោះដែលបន្តផលិតម៉ូតូមានកម្លាំងតូចដល់ថ្នាក់នេះ។ ប្រទេសជប៉ុននឹងចាប់ផ្ដើមអនុវត្តច្បាប់ស្ដីពីការបញ្ចេញឧស្ម័នកាបូនិចរបស់ម៉ូតូក្រុមហ៊ុនទាំងពីរចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤តទៅ។ ដូច្នេះ ក្រោយពេលច្បាប់ចូលជាធរមាន ក្រុមហ៊ុនផលិតម៉ូតូត្រូវតែកែសម្រួលកម្លាំងម៉ាស៊ីនម៉ូតូរបស់ខ្លួននាពេលបច្ចុប្បន្នទៅជាម៉ាស៊ីនខ្នាតផ្សេងវិញ។

ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះដដែលបានប្រាប់បន្តទៀតថាក្រុមហ៊ុនហុងដា និងស៊ូហ្ស៊ូគីជឿជាក់ថានេះជាបញ្ហាពិបាកផ្នែកបច្ចេកទេសបើចង់ផលិតម៉ូតូខ្នាតតូចឱ្យស្របទៅតាមស្តង់ដារថ្មី។ ម៉្យាងទៀត បើក្រុមហ៊ុនសម្រេចចិត្តវិនិយោគទៅលើការផលិតម៉ូតូតាមស្តង់ដារថ្មីនេះក៏មិនប្រាកដជាអាចលក់ចំណេញរួចថ្លៃដើមវិញនោះដែរ។ ហេងស៊យអាចខាតឡុងចុងជាមិនខាន។

ការដែលក្រុមហ៊ុនទាំងពីរឈប់ផលិតម៉ូតូដូច្នេះក៏ធ្វើឱ្យប៉ះពាល់ក្រុមហ៊ុនផលិតម៉ូតូមួយទៀតរបស់ជប៉ុនផងដែរ។ ក្រុមហ៊ុនយ៉ាម៉ាហាដែលកុម្ម៉ង់ឱ្យក្រុមហ៊ុនហុងដាផលិតម៉ូតូ និងយកមកដាក់ផ្លាកយីហោម៉ាកយ៉ាម៉ាហានោះក៏ទទួលរងសម្ពាធដូចគ្នា។ យ៉ាម៉ាហាក៏កុម្ម៉ង់ទិញម៉ូតូពីកោះតៃវ៉ាន់ផងដែរដើម្បីយកមកដាក់ម៉ាកយ៉ាម៉ាហា។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនយ៉ាម៉ាហាមិនទាន់ប្រកាសជាសាធារណៈថាតើខ្លួននឹងមានវិធានការបែបណាដើម្បីសម្របសម្រួលទៅតាមបទបញ្ញត្តិថ្មីរបស់អាជ្ញាធរជប៉ុន៕


ចែករំលែកព័តមាននេះ