ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បសុព្យាបាល​ឆ្មក់​ត្រួត​ពិនិត្យ​វេលា​ទៀបភ្លឺ ​អ្នកលក់​សាច់ជ្រូក​ខ្លះយំ​ដោយសារ​ចាប់ទុក​យូរពេក

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ដ្រី​ការិយាល័យ​ផលិត​កម្ម​និង​បសុ​ព្យាបាល​រាជធានី ​បាន​ចុះ​ត្រួតពិនិត្យ ​និង​ចាប់​​ខ្លួន​អ្នកលក់​សាច់​ជ្រូក​​ដែល​អត់​បាន​ត្រួត​ពិនិត្យ​សុខ​ភាព​ត្រឹមត្រូវ អត់​ឆ្លងកាត់​ការ​បោះត្រា ​ហើយ​ការ​​ដឹក​ជញ្ជូន​ខ្វះ​អនាម័យ​ និង​​ដឹក​យក​ទៅ​លក់​ខុ​ស​ពី​​សំបុត្រ​អនុញ្ញាត​ចេញពី​ទីសត្ដឃាត​

រាជធានីភ្នំពេញ ៖ មន្ដ្រី​ការិយាល័យ​ផលិត​កម្ម​និង​បសុ​ព្យាបាល​រាជធានី ​បាន​ចុះ​ត្រួតពិនិត្យ ​និង​ចាប់​​ខ្លួន​អ្នកលក់​សាច់​ជ្រូក​​ដែល​អត់​បាន​ត្រួត​ពិនិត្យ​សុខ​ភាព​ត្រឹមត្រូវ អត់​ឆ្លងកាត់​ការ​បោះត្រា ​ហើយ​ការ​​ដឹក​ជញ្ជូន​ខ្វះ​អនាម័យ​ និង​​ដឹក​យក​ទៅ​លក់​ខុ​ស​ពី​​សំបុត្រ​អនុញ្ញាត​ចេញពី​ទីសត្ដឃាត​។

យុទ្ធនា​ការ​នេះ​​បាន​ធ្វើ​ឡើង​​នៅ​​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ មិថុនា នៅ​ផ្សារ​ដើម​គ​ប៉ែក​ខាងត្បូង​ជាប់​របង​​អតីត​រោង​ភាព​យន្ត​​ចេ​ន​ឡា តាម​បណ្ដោយ​វិថី​ព្រះ​មុនី​រ៉េ​ត ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួល​គោក ដឹកនាំ​ដោយ​លោក​មុត ពលី អនុប្រធាន​ក្រុម​អន្ដរាគមន៍ និង​មន្ដ្រី​ជំនាញ​ជា​ច្រើន​​រូប​​ទៀត។ ការ​ចាប់​នេះ ត្រូវ​បាន​មន្ត្រី​បសុ​​ព្យា​បាល​អះ​អាង​ថា មិន​បាន​ចាប់​ឱ្យ​បង់​ផាក​ពិន័យ​​ជា​ប្រាក់​ទេ គ្រាន់​តែ​ចាប់​យក​ទៅ​ដាក់​នៅ​ការិយាល័យ​ ហើយ​ធ្វើការ​ណែនាំ​ឱ្យ​គោរព​ច្បាប់ រួច​ប្រគល់​សាច់​ជ្រូក​​ឱ្យវិញ ។

ក្នុង​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​និង​ចាប់​អ្នកលក់​សាច់​ជ្រូក​នៅ​ផ្សារ​ដើម​គ​នេះ ក្រុម​មន្ដ្រី​​បសុ​ព្យា​បាល​បាន​ចោទប្រកាន់​ទៅ​លើ​អាជីវករ​ដែល​ដឹក​​សាច់​ជ្រូក​យក​មក​លក់​ ​ដោយ​យោង​តាម​ច្បាប់​ដែល​បាន​ចែង​ និង​ធ្លាប់​ចុះ​ចាប់​យក​ទៅ​ណែនាំ​ច្រើន​លើក​ច្រើន​សា​មក​ហើយ នៅ​តែ​មិន​គោរព​ច្បាប់ ទើប​លប​ឆ្មក់​ចុះ​ទៅ​ទាំង​យប់​តែ​ម្ដង។ ក្នុង​​ការ​ត្រួត​ពិនិត្យ​នេះ​គឺ ៖
ទី​១-​ត្រួតពិនិត្យ​សាច់​ជ្រូក​អត់​មាន​បោះត្រា​ពី​គ្រូពេទ្យ​ប្រចាំ​នៅ​តាម​​ទី​សត្ដ​ឃាត​។
​ទី២-​អត់​មាន​សំបុត្រ​អនុញ្ញាត​ខ្លាច​ជ្រូក​មាន​ជំងឺ​មិន​បាន​ឆ្លងកាត់​ការ​ពិនិត្យ​។
ទី៣-​ត្រួត​ពិនិត្យ​ការ​វេច​ខ្ចប់ និង​ដឹក​ជញ្ជូន​ចេញពី​ទី​សត្ដ​ឃាត​ខ្វះ​អនាម័យ ​និង​គ្មាន​សីលធម៌ ដូច​ជា​មិន​ឱ្យ​ដឹក​សាច់​ជ្រូក​តាម​ម៉ូតូ ព្រោះ​​ហូរ​ឈាម​ប្រឡាក់​ថ្នល់ ហើយ​មិន​ឱ្យ​មាន​អ្នក​អង្គុយ​ពីលើ​សាច់​ជ្រូក និង​មិន​ត្រូវ​យក​ក្រណាត់​កខ្វក់​ទៅ​រុំ​សាច់​ជ្រូក​។
​៤-​ដឹក​សាច់​ជ្រូក​យក​ទៅ​លក់​ខុសពី​​សំបុត្រ​អនុ​ញ្ញាត​​ចេញពី​ទី​សត្ដឃាត ​ដែល​​ក្នុង​សំបុត្រ​យក​សាច់​ជ្រូក​ទៅ​លក់​​នៅ​ផ្សារ​អូរឫ​ស្សី តែ​អាជីវករ​បែរជា​យក​មក​លក់​​នៅ​ផ្សារ​ដើម​គ​ក៏​ត្រូវ​ចាប់​​ដែរ។

មន្ដ្រី​ការិយាល័យ​ផលិតកម្ម​និង​បសុ​ព្យាបាល​បានឱ្យ​ដឹង​ដែរ​ថា ទី​សត្ដឃាត​មាន​ពន្ធ​អាករ​ត្រូវ​បង់​ជូន​រដ្ឋ​ក្នុង​ជ្រូក​មួយ​ក្បាល​១.៥០០​រៀល ប៉ុន្ដែ​គ្រាន់តែ​តម្លៃ​ពន្ធ​អាករ​ប៉ុណ្ណឹង​ក៏​នៅ​មាន​កន្លែង​សត្ដឃាត​ខ្លះ​ លួច​បន្លំ​យក​ជ្រូក​ដែល​មិន​បាន​បង់ពន្ធ​ជូន​រដ្ឋ​​មក​កាប់​លាយឡំ​ជា​មួយ​គ្នា​ដែរ។ ​ផ្ទុយ​ទៅ​វិញ​ បើ​យើង​ក្រឡេក​មើល​ពី​ទិដ្ឋភាព​របស់​អាជីវករ​ដែល​ត្រូវ​ក្រុម​មន្ដ្រី​ការិយាល័យ​ផលិតកម្ម​ និង​បុស​ព្យាបាល​ចាប់​យក​សាច់​ជ្រូក​ទៅ​ទុក​នៅ​ការិយាល័យ​វិញ​នោះ មាន​អ្នក​ខ្លះ​​ស្រឡាំងកាំង និង​ខ្លះ​ទៀត​ស្រែកយំ​តែ​ម្ដង ព្រោះ​ពួក​គាត់​និយាយ​ថា គាត់​រកស៊ី​ស្រប​ច្បាប់​ត្រឹមត្រូវ​ហេតុ​អី​ក៏​នៅ​តែ​មក​ចាប់​គាត់​ទៀត។

ស្ដ្រី​​ជា​អាជីវករ​ម្នាក់​ឈ្មោះ​ប៉ុក សុខ អាយុ​៤៨​ឆ្នាំ មានកូន​៣​នាក់ ស្នាក់​នៅ​​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ បាន​ស្រែកយំ​​​និង​លើក​ដៃ​​សំពះ​អង្វរ​ថា រូប​គាត់​គ្រាន់តែ​ជា​ឈ្មួញ​ទិញ​សាច់​ជ្រូក​ពី​កុង​ស៊ី​កាប់​ជ្រូក​ដែល​មានច្បាប់​អនុ​ញ្ញាត​ និង​បោះ​ត្រា​​ពី​ពេទ្យសត្វ​ប្រចាំ​នៅ​ទី​សត្ដ​ឃាត​​ត្រឹមត្រូវ​។ លុះ​ពេល​ដឹក​ចេញពី​ទី​សត្ដឃាត​មេឃ​ភ្លៀង​ធ្វើ​ឱ្យ​រលុប​ត្រា​​ខ្លះ​របស់​ពេទ្យសត្វ​ ហេតុ​អី​ក៏​ចាប់​សាច់​ជ្រូក​របស់​គាត់។ មូលហេតុ​ដែល​គាត់​យំ​ស្រែក​នេះ ​ដោយសារ​ថា ​ការ​ចាប់​សាច់​ជ្រូកគាត់​តាំងពី​ទើបយក​មក​ដល់​ផ្សារ​នៅ​​ម៉ោង​៣​ទៀប​ភ្លឺ ​រហូត​ដល់​ម៉ោង​៦​ព្រឹក​ហើយ​នៅ​តែ​មិន​ទាន់​ដោះ​ស្រាយ​ឱ្យ​គាត់​បាន​​យក​​សាច់​ជ្រូក​ទៅ​លក់​ទៀត។ ព្រោះថា​សាច់​ជ្រូក​ទាំងអស់​២៧០​គីឡូក្រាម​ជា​រៀង​រាល់ថ្ងៃ​បើ​លក់​ទាន់​ពេលវេលា​នោះ ត្រូវ​បោះ​ឱ្យ​ម៉ូយ​អស់​២៥០​គីឡូក្រាម​ ហើយ​នៅ​សល់​តែ​២០​គីឡូ​ក្រាម​​ទេ សម្រាប់​​លក់​រាយ​បន្ដ។ ម្យ៉ាងទៀត​ កាល​ដែល​​គាត់​ទិញ​សាច់​ជ្រូក​មកនេះ​ជំពាក់​គេ​​សិន មិន​ទាន់​ឱ្យប្រាក់​ទេ ទាល់តែ​លក់​អស់​ទើប​យក​ប្រាក់​ទៅ ឱ្យ​គេ បើ​មិន​ទាន់​ទាំង​បាន​លក់​បន្ដិច​ផង តើបាន​ប្រាក់​ឯណា​យក​ទៅ​សង​គេ។ គាត់​​​បន្ត​ថា ការ​លក់​​បាន​ប្រាក់​ចំណេញ​តិច​ណាស់ ដូច​​ជា​សាច់​ភ្លៅ​ទិញ​មក​មួយ​គីឡូក្រាម​ថ្លៃ​១៤.៨០០​រៀល យក​មក​​លក់​១​​គីឡូ​​ក្រាម បាន​តែ​១៦.០០០​រៀល​ប៉ុណ្ណោះ។

អាជីវករ​បាន​សំណូមពរ​ផង​ដែរ​ថា បើ​មន្ដ្រី​ការិយាល័យ​ផលិតកម្ម​ និង​បុស​ព្យាបាល​ចាប់​ក៏​ចាប់​ចុះ តែ​សូម​ឱ្យ​ដោះ​ស្រាយ​ភ្លាម​ៗ​បើ​ត្រូវ​ផាក​ពិន័យ ព្រោះ​អាជីវករ​ត្រូវការ​លក់ដូរ​ទាន់​ពេល​វេលា។ ម្យ៉ាងទៀត​ បើ​ចាប់ឬ​ក៏​ធ្វើការ​ត្រួតពិនិត្យ សូម​ឱ្យ​មន្ដ្រី​ទាំងនោះ​ធ្វើ​ឱ្យ​បាន​គ្រប់​ជ្រុង​​ជ្រោយ​ផង។ ជាក់ស្ដែង​រាល់ថ្ងៃ​សាច់​ជ្រូក​ដែល​កាប់​តាម​ផ្ទះ​​គ្មាន​ពេទ្យសត្វ​ត្រួតពិនិត្យ និង​ច្បាប់​អនុញ្ញាត​ផង គេដឹក​យក​មក​លក់​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​​រាល់ថ្ងៃ មិនឃើញ​​មន្ដ្រី​ការិយាល័យ​ផលិត​កម្ម និង​បុស​ព្យាបាល​រូប​ណា​ចុះ​ចាប់​និង​ត្រួត​ពិនិត្យ​​ឡើយ។ ​ទោះ​បីជា​យ៉ាងណា គាត់​មិន​បាន​បង្ហាញ​ថា​ ​តើ​កន្លែង​ណា​លួចកាប់​ជ្រូក​​ពាស​វាល​ពាស​កាល​នោះ​ទេ ។ 

​ចំណែក​​ប្រជាពលរដ្ឋ​មាន​​ការ​ត្រេកអរ​ណាស់​​ ចំពោះ​សកម្មភាព​ដែល​មន្ដ្រី​ការិយាល័យ​ផលិតកម្ម​ និង​បសុ​ព្យាបាល​​​ចុះ​ត្រួតពិនិត្យ​និង​​ចាប់​សាច់​ជ្រូក​ដែល​អត់​បោះត្រា​សម្គាល់ និង​ពិនិត្យ​សុខភាព​ជ្រូក​មុន​នឹង​ធ្វើការ​កាប់​​យក​សាច់​លក់​។ នេះ​ស​ឱ្យ​ឃើញ​ថា មន្ដ្រី​​បសុ​ព្យាបាល​យក​ចិត្ដទុកដាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​ប្រជា​ពលរដ្ឋ​សង្ឃឹមថានឹង​បាន​បរិភោគ​សាច់​ជ្រូក​​ដែល​លក់​នៅ​​តាម​ផ្សារ​ជា​សាច់​ជ្រូក​គ្មាន​ជំងឺ និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ៕