ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំសាលាក្តី​ខ្មែរក្រហម​ជួបជាមួយ​សមាជិក​-សមាជិកាព្រឹទ្ធសភា

13 ឆ្នាំ មុន

ថ្នាក់ដឹកនាំនៃសាលាក្តីខ្មែរក្រហម ដែលដឹក​នាំ​ដោយលោកក្រាញ់ តូនី ប្រធានស្តីទីនៃ​ការិយា​ល័យរដ្ឋបាល កាលពីថ្ងៃទី១១ ​វិច្ឆិកា​បានជួប​សំណេះសំណាលជាមួយ​សមាជិក-សមាជិកានិង​បុគ្គលិកនៃព្រឹទ្ធសភា​ កម្ពុជា នៅក្នុងសិក្ខាសាលា​ស្តី​អំពី«ការវិវឌ្ឍន៍​ ថ្មីៗនៃដំណើរការអង្គជំនុំ​ជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា»។ អញ្ជើញ​ជាអធិបតីក្នុងសិក្ខា​សាលានោះដែរ មានលោក​អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្មនិង​យុត្តិធម៌នៃព្រឹទ្ធ​សភា

ថ្នាក់ដឹកនាំនៃសាលាក្តីខ្មែរក្រហម ដែលដឹក​នាំ​ដោយលោកក្រាញ់ តូនី ប្រធានស្តីទីនៃ​ការិយា​ល័យរដ្ឋបាល កាលពីថ្ងៃទី១១ ​វិច្ឆិកា​បានជួប​សំណេះសំណាលជាមួយ​សមាជិក-សមាជិកានិង​បុគ្គលិកនៃព្រឹទ្ធសភា​កម្ពុជា នៅក្នុងសិក្ខាសាលា​ស្តី​អំពី«ការវិវឌ្ឍន៍​ ថ្មីៗនៃដំណើរការអង្គជំនុំ​ជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា»។ អញ្ជើញ​ជាអធិបតីក្នុងសិក្ខា​សាលានោះដែរ មានលោក​អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្មនិង​យុត្តិធម៌នៃព្រឹទ្ធ​សភា និងលោក​អ៊ុំ សារិទ្ធ អគ្គ​លេខាធិការព្រឹទ្ធ​សភា។ ជាមួយគ្នានេះដែរ ក៏មាន​កម្មវិធីប្រគល់​និងទទួលសៀវភៅសាលក្រម ឌុច រវាងថ្នាក់ដឹក​នាំ​នៃ អ.វ.ត.ក. និងតំណាងព្រឹទ្ធ​សភា។ ការជួប​សំណេះសំណាលនៅពេលនោះមាន​អត្ថន័យជ្រាលជ្រៅណាស់ ដោយសារព្រឹទ្ធសភា ដែលជាស្ថាប័នកំពូលនៃស្ថាប័ននីតិប្ប​ញ្ញតិកម្ពុជា គឺជាអ្នកពិនិត្យនិងអនុម័តច្បាប់បង្កើតអង្គជំនុំ​ជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា បន្ទាប់ពីមាន​ការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា និងបន្ទាប់ពី មានការអនុម័តិរបស់រដ្ឋសភាជាតិ មុនពេល​ដែលអង្គតុលាការនេះត្រូវបានបង្កើតឡើងស្រប​ទៅតាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល​កម្ពុជា និងអង្គការសហប្រជាជាតិ។

មានប្រសាសន៍បើកកម្មវិធីសិក្ខាសាលា លោក​ អ៊ុំ សារិទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បាន​ស្វាគមន៍អង្គសិក្ខាសាលា និងរំឮកឡើងវិញអំពី​អតីតកាលដ៏ខ្មៅងងឹតដែលគ្របដណ្តប់លើ​ប្រទេសកម្ពុជាកាលពី៣០ឆ្នាំមុន និងការខិតខំ​របស់កម្ពុជានៅពេលនេះដើម្បីស្វែងរកយុត្តិធម៌​ជូនជនរងគ្រោះ។ លោក​មានប្រសាសន៍ថា៖ «ពេលនេះយើងទាំងអស់គ្នាកំពុងស្វះស្វែងរួមគ្នាដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះទាំងឡាយដែលបានទទួលទារុណកម្ម និងការបាត់បង់​អាយុ​ជីវិតនៅក្នុង​របបប្រល័យពូជសាសន៍ពីអតីត​កាល។ខ្ញុំយល់ឃើញថា សាលក្រមនេះជា​ជំហាន​មួយ​ដ៏ល្អក្នុងការផ្សះផ្សារដំបៅដែលបានដិត​ដាម​ក្នុងក្រអៅបេះដូងរបស់ពលរដ្ឋកម្ពុជាគ្រប់រូប​នាពេលកន្លងមក ឱ្យបានធូរស្បើយអំពីទុក្ខ សោកសង្រេងដែលខ្លួនបានបាត់បង់នូវសាច់​ញាតិជាទី​ស្រឡាញ់របស់ខ្លួន តាមរយៈការយក​ចិត្ត​ទុក​​ដាក់ពុះពារជំនះគ្រប់ឧបសគ្គរបស់អង្គ​ជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា ។ ម្យ៉ាង​វិញទៀត នេះក៏ជាបទពិសោធន៍ដ៏មានគុណតម្លៃ​សម្រាប់​ធ្វើការជំនុំជម្រះបន្តលើសំណុំរឿង០០២​ផង​ដែរ»។

ថ្លែងទៅកាន់សមាជិក-សមាជិកានិងបុគ្គលិក​នៃព្រឹទ្ធសភា លោកក្រាញ់ តូនី ប្រធានស្តីទី ការិយាល័យរដ្ឋបាលនៃ អ.វ.ត.ក. បានជម្រាប​ជូនអំពីដំណើរការអភិវឌ្ឍន៍​ថ្មីៗនៅ អ.វ.ត.ក.និងភាពសុក្រឹតរបស់អង្គតុលាការនេះ ដែលធ្វើ​ឱ្យវាមានលក្ខណៈពិសេស ខុសប្លែកពីតុលាការ​អន្តរជាតិផ្សេងៗទៀត ។ លោក​លើកឡើងថា អ.វ.ត.ក. គឺជាតុលាការអន្តរជាតិជំនាន់ទី៣ ដែល​មានលក្ខណៈសុក្រឹត​ជាងតុលាការអន្តរ​ជាតិ​មុនៗ ដែលក្នុងនោះជំនាន់ទី១ មានតុលា​ការ​អន្តរ​​ជាតិនៅទីក្រុងនូរឹមប៊ឺក និងទីក្រុងតូក្យូ ដែលជាតុលាការរបស់អ្នកឈ្នះវិនិច្ឆ័យអ្នក ចាញ់។ ជំនាន់ទី២ មានតុលាការអន្តរជាតិនៅ​ប្រទេសរ្វាន់ដានិងអតីតយូហ្គោស្លាវី ដែលនៅ​ឆ្ងាយ​ពីជនរងគ្រោះ ចំណាយពេលវេលាយូរនិង​ចំណាយថវិកាច្រើន។ ដោយឡែក អ.វ.ត.ក. មានឧត្តមភាពជាតិ ចំណាយពេលវេលានិងថវិកា​តិច និងមានការចូលរួមរបស់ជនរងគ្រោះក្នុង​ចំនួនដ៏ច្រើនលើសលប់ ដែលមិនធ្លាប់មានក្នុង​ប្រវត្តិសាស្រ្តនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។

លោកបន្ថែមថា ៖«យោងតាមរយៈបទ​ពិសោធន៍​នៃសំណុំរឿង០០១នេះ ខ្ញុំមានជំន​ឿ​ជឿ​ជាក់ថា​ ប្រជាជនកម្ពុជាក៏ដូចជាពិភពលោក​ទាំង​មូលនឹងមានចំណាប់អារម្មណ៍រឹតតែខ្លាំង​ទៅលើ​ដំណើរការនិងបេសកកម្មរបស់ អ.វ.ត.ក.។ កិច្ចការ និងជោគជ័យរបស់សាលាក្តីខ្មែរក្រហម ក៏បញ្ជាក់ផងដែរអំពីភាពចាស់ទុំរបស់កម្ពុជា​ដែលមានលទ្ធភាពក្នុងការដោះស្រាយជាមួយ​អតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួន ក្នុងការស្វែងរក​យុត្តិធម៌និងការពិត។ ការងារនេះរួមចំណែក​ដោយផ្ទាល់ដល់ការងារពង្រឹងប្រព័ន្ធយុត្តិធម៌​ជាតិ ក្នុងក្របខណ្ឌសន្តិភាពនិងការបង្រួប​បង្រួម​ជាតិ ដើម្បីឈានដល់ការអភិវឌ្ឍន៍ប្រទេស​កម្ពុជា»។ លោកអ៊ុក ប៊ុនឈឿន ប្រធានគណៈ​កម្ម​ការ​នីតិកម្មនិងយុត្តិធម៌នៃព្រឹទ្ធសភា បានថ្លែងកោត​សរសើរសមិទ្ធផលជាផ្លែផ្កានៃអ.វ.ត.ក. និង​អំពី​​សៀវភៅសាលក្រមឌុច ព្រមទាំងការចែក​រំលែក​បទពិសាធន៍របស់ថ្នាក់ដឹកនាំនៃ អ.វ.ត.ក. ដែល​​លោកជឿជាក់ថា សមាជិក​-សមាជិកានៃ​ព្រឹទ្ធសភានឹងបានស្វែងយល់កាន់តែ​ច្បាស់​និង​ស៊ីជម្រៅអំពីបេសកកម្មរបស់ អ.វ.ត.ក. នាពេល​កន្លងមកនិងទៅអនាគត។

លោកបានសង្កត់ធ្ងន់ថា៖«ជាមោទនភាព អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបាន​បំពេញការងារនេះទទួលបានជោគជ័យមួយ​ជំហានហើយ ទាក់ទងទៅនឹងដំណើរការនីតិវិធី​ជំនុំជម្រះក្តីសំណុំរឿង០០១ ហើយកំពុងតែ​ចាប់​ផ្តើមដំណើរការសវនាការរឿងក្តី ០០២ ជាបន្ត​ទៀត។ នេះជាសក្ខីភាពបញ្ជាក់ថា យុត្តិ​ធម៌​​កំពុង​តែទទួលបានសន្សឹមៗ ហើយសម្រាប់​ជនរង​គ្រោះ​ទាំងនោះ»។ លោកក៏បានបន្ថែមថា៖«បើទោះបីជាយុត្តិធម៌នេះយឺតពេលបន្តិចក្តី តែវាជាយុត្តិធម៌ដែលធ្វើ​ឱ្យមេដឹកនាំជំនាន់​ក្រោយៗចងចាំនិងរួមចំណែកទប់ស្កាត់មិនឱ្យ​មានអំពើនេះកើតមានម្តងទៀតឡើយ»។ ជាមួយនឹងការជួបសំណេះសំណាលនេះ ថ្នាក់ដឹកនាំនៃ អ.វ.ត.ក. ក៏បាននាំយកសៀវភៅ​សាលក្រម ឌុច ជាភាសាខ្មែរពេញលេញចំនួន​១៤០ច្បាប់ សង្ខេបចំនួន២៥០ច្បាប់ ភាសាអង់​គ្លេស​១០ច្បាប់ និងភាសាបារាំង១០ច្បាប់ ទៅ​ប្រគល់ជូនតាមសំណូមពររបស់សមាជិក-សមា​ជិកានិងបុគ្គលិកនៃព្រឹទ្ធសភា ដែលមានបំណង​ស្វែងយល់កាន់តែច្បាស់អំពីដំណើរការរបស់ អ.វ.ត.ក.។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅចុងបញ្ចប់នៃ​កម្មវិធី លោក ក្រាញ់ តូនី បានសម្តែងអារម្មណ៍​ថា៖«ខ្ញុំមានសេចក្តីសោមនស្សរីករាយដែល​មាន​ឱកាសមកជួបមន្ត្រីនៃព្រឹទ្ធសភា ព្រោះនេះជា​ស្ថាប័ន​ដែលបានត្រួតពិនិត្យ និងអនុម័តច្បាប់​បង្កើតអង្គជំនុំជម្រះវិសាមញ្ញនេះដោយផ្ទាល់។ សាលក្រមសំណុំរឿងលេខ០០១ បានទទួល​ការ​អបអរ​សាទរនិងគាំទ្រពីសំណាក់សាធារណជន​ទាំងក្នុងនិងក្រៅប្រទេស ជាពិសេសពេលនេះ​យើងក៏ទទួលបានការគាំទ្រពីស្ថាប័នព្រឹទ្ធសភា​ថែមទៀត។ សាលក្រមនេះ មិនត្រឹមតែមាន​ឥទ្ធិពលជាវិជ្ជមានតែចំពោះប្រព័ន្ធយុត្តិធម៌ជាតិ​ប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលជាវិជ្ជមាន ចំពោះ​ប្រព័ន្ធយុត្តិធម៌អន្តរជាតិផងដែរ ដោយវា​បានចូលរួមចំណែកក្នុងការលុបបំបាត់វប្បធម៌​និរទណ្ឌភាពសម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជា ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្ម​ប្រឆាំងនឹងមនុស្សជាតិជាដើម»។​ «អ្វីដែលថ្មីបំផុតរបស់ អ.វ.ត.ក. នៅពេល​នេះគឺថា ទាំងមជ្ឈដ្ឋានជាតិ ទាំងមជ្ឈដ្ឋានអន្តរ​ជាតិកំពុងតែរង់ចាំតាមដានមើលដំណើរការនៃ​រឿងក្តីលេខ០០២ ដែលគ្រោងនឹងបើកសវនា​ការ​ជាសាធារណៈនៅឆ្នាំក្រោយ»។ លោក​បន្ថែម​ដោយភាពជឿជាក់៕