ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​​ពង្រឹង​​តំបន់​​អេកូ​​ទេសចរណ៍​​ភ្ជាប់​​ជា​​មួយ​​ទេស​ចរណ៍​​វប្ប​ធម៌​​ប្រវត្តិ​សាស្ត្រ

12 ឆ្នាំ មុន

ខេត្តសៀមរាប ៖ វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​មាស​បៃតង​​និង​ជា​ឆ្អឹងខ្នង​ដ៏ចំបង​នៃ​សេដ្ឋកិច្ចជាតិ បន្ទាប់​​ពី​វ​ស័​យ​កសិកម្ម និង​វាយ​ន​ភណ្ឌ ដែល​អាច​​ផ្ដល់​ចំណូ​ល​យ៉ាង​ក្រាស់ក្រែល​មក​ឱ្យ​ប្រទេស​ជាតិ គឺ​មាន​ប្រមាណ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ភ្ញៀវ​ទេសចរជាតិ​-​អន្ដរ​ជាតិ​ប្រមាណ​ជាង​ពីរ​លាន​ប្រាំ​សែន​នាក់​

ខេត្តសៀមរាប ៖ វិស័យ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​មាស​បៃតង​​និង​ជា​ឆ្អឹងខ្នង​ដ៏ចំបង​នៃ​សេដ្ឋកិច្ចជាតិ បន្ទាប់​​ពី​វ​ស័​យ​កសិកម្ម និង​វាយ​ន​ភណ្ឌ ដែល​អាច​​ផ្ដល់​ចំណូ​ល​យ៉ាង​ក្រាស់ក្រែល​មក​ឱ្យ​ប្រទេស​ជាតិ គឺ​មាន​ប្រមាណ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ភ្ញៀវ​ទេសចរជាតិ​-​អន្ដរ​ជាតិ​ប្រមាណ​ជាង​ពីរ​លាន​ប្រាំ​សែន​នាក់​ ក្នុង​កំណើន​១៦​ភាគរយ​កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ​។

សក្ដានុពល​ផ្នែក​ទេសចរណ៍​នេះ ​ដោយសា​តែ​ប្រទេស​កម្ពុជា​ មាន​ប្រាង្គ​ប្រាសាទ​បុ​រាណ​និង​រមណីយ​ដ្ឋា​ន​វប្ប​ធ​ម៌-​ធម្មជាតិ​ិ​យ៉ាង​សំបូរ​បែប​នៅ​​រាយ​ប៉ាយ​ពេញ​ផ្ទៃ​ប្រទេស​ ជា​ពិសេស​ប្រាសាទ​អង្គរវត្ដ និងប្រា​សាទ​ព្រះ​វិហារ ដែល​សុទ្ធ​សឹង​ជា​បេតិកភណ្ឌ​ពិភពលោក​ដ៏ល្បាញ​ល្បី​​បន្សល់​​ទុក​ពី​ដូន​តា​ខ្មែរ​យើង។ បន្ថែម​ពី​លើ​នេះ​ទៀត ​ក្រសួងទេស​ចរណ៍​​នៃ​ប្រទេស​កម្ពុ​ជាក៏​កំពុង​ខិតខំ​ប្រឹងប្រែង​ផង​ដែរ ​ក្នុង​ការ​ស្វះស្វែងរក​យុទ្ធវិធី ដើម្បី​ទាញ​ចំណាប់អារម្មណ៍​អ្នក​ទេស​ចរ​អន្ដរជាតិ​ឱ្យ​មានការ​ចាប់អារម្មណ៍​ទៅ​លើ​ទេស​ចរណ៍​ធម្មជាតិ​ ឬ​ហៅ​ថា ​អេកូ​ (Eco) ទេស​​ចរណ៍​ដ៏​សំបូរ​បែប​នៅ​តាម​តំបន់​ជា​ច្រើន​ទៀត​នៃ​ប្រទេស​កម្ពុជា​។ គេ​មានការ​ជឿជាក់​ថា គម្រោងការ​នោះ​​នឹង​បង្កើត​បាន​នូវ​ឱកាស​ការ​ងារ និង​ប្រាក់​ចំ​ណូល​ជូន​ប្រជា​ពល​រដ្ឋ​ដោយ​ផ្ទាល់ ឬ​ប្រយោល​តាម​រយៈ​ការ​នាំ​ចេញ​ផលិត​ផល​​នៅ​នឹង​កន្លែង​។

លោក​ថោង ខុន ​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ​កម្ពុជា​មាន​គម្រោង​រៀប​ចំ​យុទ្ធនាការ​ឃោស​នាដ៏​ធំ​មួយ​អំពី​ទេសចរណ៍​ធម្ម​ជាតិ​ឬ​ហៅ​ថា​អេកូ​ទេសចរណ៍​នៅ​អំឡុង​ខែ​តុលា ឆ្នាំ២០១១ ខាង​មុខ​នេះ ដើម្បី​ស្វែងរក​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរអន្ដរជាតិ​ឱ្យ​ចូល​មក​ទស្សនា​​នៅ​ក្នុងប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​បន្ថែម​​ទៀត តាម​រយៈ​ការ​ផ្សព្វផ្សាយ​តំបន់​​ព្រៃ​ធម្មជាតិ​ដ៏មាន​សម្រស់​ស្រស់​ត្រកាល​ប្រកប​ដោយ​​សក្ដានុពល​ផ្នែក​អេកូ​ទេសចរណ៍​របស់​យើង​​ទៅ​កាន់​ពិភព​ខាងក្រៅ បន្ថែម​ពីលើ​ប្រាង្គ​ប្រាសាទ​បុ​រាណ​និង​រមណីយដ្ឋាន​វប្ប​ធ​ម៌-​ធម្ម​ជាតិ​​ យ៉ាង​សំបូរ​បែប​ស្ថិត​នៅ​រាយ​ប៉ាយ​ពេញ​ផ្ទៃ​ប្រទេស​ដែល​កំពុង​តែ​មាន​មន្ដ​ស្នេហ៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។

លោក​​រដ្ឋមន្ដ្រី​បាន​​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ​បន្ទាប់​ពី​បាន​ចូល​រួម​បើក​សិក្ខាសាលា​អន្ដរជាតិ​អនុ​តំបន់​អាស៊ាន​​«ស្ដី​ពី​និរន្ដ​រភាព​នៃ​ការ​អភិ​វ​ឌ្ឍ​និង​អេកូ​ទេស​ចរណ៍​» ​កាលពី​ព្រឹក​ថ្ងៃ​ទី៦ ខែមិថុនា ឆ្នាំ​២០១១។ ​លោក​បាន​ថ្លែង​បន្ថែម​ថា «សម្បត្ដិ​​ធម្មជាតិ​របស់​ប្រទេស​កម្ពុជា​ មាន​​សម្រស់​ស្រស់​ត្រកាល​មិន​ចាញ់​ប្រទេស​នៅ​លើ​សាកល​​លោក​​ទេ គឺ​បច្ចុប្បន្ន​យើង​មាន​ខេត្ដ​ចំនួន​៤​នៅ​ភាគ​ឦសាន ខេត្ដ​ចំនួន​៤ នៅ​តំបន់​មាត់​​សមុទ្រ និង​ខេត្ដ​ចំនួន​៦​ទៀត​នៅ​ជុំវិញ​បឹង​ទន្លេសាប ដែល​សុទ្ធ​​សឹងតែ​ជា​តំបន់​ប្រកប​ដោយ​​សក្ដានុពល​ផ្នែក​អេកូ​ទេសចរណ៍​ដ៏​ម​ហិមា ​ដូច​ជា​មានព្រៃ​ភ្នំ និង​ព្រៃ​ព្រឹក្សា​យ៉ាង​ត្រ​ជាក់​ចិត្ដ រួម​ទាំង​ទឹកជ្រោះ​ធម្ម​ជាតិ នឹង​សត្វព្រៃ ព្រមទាំង​ជីវចម្រុះ​ច្រើន​សន្ធឹក​សន្ធាប់​។

លោក​​រដ្ឋ​ម​ន្ត្រី​បាន​បញ្ជាក់​​ទៀត​ថា អេកូ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុ​ប្បន្ន​​ពុំ​សូវ​មាន​សន្ទុះ​ខ្លាំងក្លា​ប៉ុន្មាន​ទេ បើ​ប្រៀប​ទៅ​នឹង​ទេសចរណ៍​វប្ប​ធម៌ គឺ​មាន​ប្រមាណ​តែ​១០​ភាគរយ​នៃ​ទេស​ចរណ៍​សរុប​ទាំងអស់​តែ​ប៉ុណ្ណោះ ប៉ុន្ដែ​យើង​រំពឹង​ទុក​ថា ​ចំនួន​នេះ​នឹង​កើន ២០​ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​ បើ​យើង​អាច​ធ្វើ​យ៉ាង​ដូច្នេះ​បាន​មាន​ន័យ​ថា ​យើង​បាន​នាំ​ភ្ញៀវ​ទេសចរទៅ​ដល់​សហគមន៍ គឺ​ចំណូល​នឹង​​ធ្លាក់​ទៅ​ដល់​ដៃ​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​នាំ​ចេញ​នូវ​ផលិតផល​ទាំង​កសិកម្ម​ទាំង​សិប្ប​កម្ម​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន​មួយ​ចំណែក​។

វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មាន​ភាព​រីក​ធំធាត់​យ៉ាង​ឆាប់រហ័ស​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ប្រៀប​នឹង​ប្រទេស​​នៅ​ក្នុង​តំបន់ ហើយ​បើ​យោង​ទៅ​តាម​លោក​រដ្ឋមន្ដ្រី​ថោ​ង ខុន ធ្លាប់​បាន​បញ្ជាក់​អះ​អាង​ថា ​នៅ​ក្នុង​ឆ្នាំ​២០១០ កន្លង​ទៅ​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរប្រមាណ​​ជាង​ពីរ​លាន​ប្រាំ​សែន​នាក់ ក្នុង​កំណើន​១៦​ភាគរយ។ ​ដោយ​ឡែក​ក្នុង​ខែ​មក​រា ឆ្នាំ​២០១១ កម្ពុជា​ទទួល​​បាន​ភ្ញៀវ​ទេសចរក្នុង​កំណើន​១៨​ភាគរយ​ ហើយ​យើង​ប៉ាន់​ស្មានថា​ នៅ​ក្នុង​ឆ្នាំ​២០១១​នេះ​​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចន្លោះពី​ពីរ​លាន​ប្រាំ​សែន​​នាក់​ទៅ​ពីរ​លាន​ប្រាំបី​សែន​នាក់​ និង​នៅ​ឆ្នាំ​២០១២ អាច​ទទួល​បាន​ចន្លោះ​ពី បី​លាន​មួយ​សែន​​នាក់​ទៅ​បី​លាន​ពីរ​សែន​នាក់។

​ចំណែក​នៅ​ឆ្នាំ​២០១៣ អាច​ទទួល​បាន​បី​លាន​ប្រាំពីរ​សែន​នាក់ រហូត​ដល់​ឆ្នាំ​២០១៥ យើង​អាច​នឹង​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ចំនួន​បួន​លាន​ប្រាំ​សែន​នាក់ និង​នៅ​ឆ្នាំ​២០២០ ​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រាំពីរ​លាន​នាក់ ហើយ​បើ​គិត​ជា​ប្រាក់​ចំណូល​ជូន​ជាតិ​យើង​អាច​បាន​ប្រមាណ​ជា​ប្រាំ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក។ ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ភាគច្រើន​មក​ពី​អាស៊ី ប៉ា​ស៊ី​ហ្វិ​ក ចិន កូរ៉េ​និង​ជប៉ុន។ រីឯ​នៅ​ក្នុង​តំបន់​អាស៊ាន​វិញ​ភាគច្រើន​មក​ពី​ប្រទេស​វៀត​ណាម ។

ក្រុម​អ្នកវិភាគ​សេ​ដ្ឋ​កិច្ច​បាន​ធ្វើការ​ប៉ាន់​ប្រមាណ​​ថា ​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា បាន​ចំណាយ​ជា​មធ្យម​៧០០ ដុល្លារ​ក្នុង​ម្នាក់ ដោយ​មិន​គិត​ពី​សំបុត្រ​យន្ដហោះ និង​ថ្លៃ​ទិ​ដ្ឋាការ ហើយ​បើសិនជា​គម្រោង​ការ​ជំរុញ​អេកូ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​បាន​រីក​ចម្រើន​ដូច​ការ​រំពឹង​ទុក​មែន​នោះ វា​នឹង​ទាញ​ចំណាប់​អារ​ម្មរណ៍​ភ្ញៀវ​ឱ្យ​បន្ដ​ស្នាក់​នៅ​ក្នុង​ប្រទេស​បាន​យូ​ជាង​មុន​មួយ​កម្រិត​ទៀត ដូច្នេះ​ការ​ចំណាយ​​នឹងមានការ​កើន​ឡើង​លើស​ពី​នេះទៅ​ទៀត​។

ឯកអគ្គរាជទូត​ប្រទេស​អូស្ដ្រាលី លោក​ជំទាវ ផេនី រី​ឆា​ដស៍ (Penny Richards) ដែល​បាន​អ​ញ្ចើ​ញ​ចូលរួម​នៅ​ក្នុង​សិក្ខាសាលា​អន្ដរ​ជាតិ​ «​ស្ដី​ពី​និរន្ដ​រភាព​នៃ​ការ​អភិ​វ​ឌ្ឍ​និង​អេកូ​ទេស​ចរណ៍​» ក្រោម​ការ​ជ្រោមជ្រែង​ផ្នែក​បច្ចេក​ទេស​​និង​ជំ​នា​ញ​ជា​ច្រើន​ពី​ក្រុម​សាស្ដ្រា​ចារ្យ​មក​ពី​សាកល​វិទ្យាល័យ​សាន់​សាញ ខូស (Sun Shine Coast) កាលពី​ព្រឹក​ថ្ងៃ​ទី៦ មិថុនា បាន​ថ្លែង​ថា ​ ទេសចរណ៍​បាន​ផ្ដល់​ការ​លើកតម្កើង​សេដ្ឋ​កិច្ច​ជាតិ​​ក៏ដូច​ជា​ជួយ​រក្សា​បេ​តិ​ភណ្ឌ​វប្ប​ធ​ម៌ធម្មជាតិ​​ដែរ ​ជា​ពិសេសជួយ​រក្សា​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​បន្ថែម​ថា នៅ​ពេល​អ្នក​ទេស​ចរបាន​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា​គឺ​គេ​អាច​ស្វែង​យល់​ពី​​ប្រពៃណី​ វប្ប​ធ​ម៌ អរិយ​ធ​ម៌ ​និង​សោ​ភណ្ឌ​ភាព​ដ៏​ស្រស់​ត្រកាល​នៃ​ប្រទេសនេះ​ហើយ​ភាព​រួស​រាយ​រាក់ទាក់​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ គឺជា​សម្បត្ដិ​ដ៏​អស្ចារ្យ​មួយ​ក្នុង​ការ​ទាក់​ទាញ​អ្នក​​ទេសចរ៕