ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាឡាវ​​មាន​​ទំនាក់​​ទំនង​​ការ​​ទូត​ជា​មួយគ្នា​៥៥​ឆ្នាំ​ហើយ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​រាជ​បណ្ឌិត្យស​ភា​កម្ពុជា បាន​សហ​ការជាមួយ​នឹង​ស្ថាន​ទូត​ នៃ​សាធា​រណរដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជា​មា​និត​ឡាវ​ប្រ​ចាំ​នៅ​កម្ពុជា​ ​រៀប​ចំ​ខួប​លើក​ទី​៥៥​ឆ្នាំ​ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ​។ ​ពិ​ធី​នោះ​បានរៀបចំ​ឡើង​នៅ​រាជ​បណ្ឌិត្យសភា​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៣​ មិ​ថុនា​

រាជធានីភ្នំពេញ ៖ វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​ នៃ​រាជ​បណ្ឌិត្យស​ភា​កម្ពុជា បាន​សហ​ការជាមួយ​នឹង​ស្ថាន​ទូត​ នៃ​សាធា​រណរដ្ឋ​ប្រ​ជា​ធិប​តេយ្យ​ប្រ​ជា​មា​និត​ឡាវ​ប្រ​ចាំ​នៅ​កម្ពុជា​ ​រៀប​ចំ​ខួប​លើក​ទី​៥៥​ឆ្នាំ​ នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ប្រទេស​ទាំងពីរ​។ ​ពិ​ធី​នោះ​បានរៀបចំ​ឡើង​នៅ​រាជ​បណ្ឌិត្យសភា​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៣​ មិ​ថុនា​ ក្រោម​អ​ធិបតី​ភាព​លោក Yaseng Lao ឯក​អគ្គ រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថ​ភាព​នៃ​សា​ធា​រណរដ្ឋ​ប្រ​ជា​ធិបតេយ្យ​ប្រ​ជា​មា​និត​ឡាវ​ប្រ​ចាំ​នៅ​កម្ពុជា។​

ថ្លែង​បាឋកថា​នៅ​ក្នុងឱ​កាស​នោះ​លោក​ Yaseng Lao បាន​ឱ្យ​ដឹង​ថា ​​កម្ពុជា​-ឡាវ​ បាន​រឹត​ចំណង​ការ​ទូត​​ជា​មួយ​គ្នា​ចាប់​ពី​ថ្ងៃ​ទី​១៥ មិ​ថុនា ឆ្នាំ១៩៥៦ ក្នុង​ដំណាក់​កាលដែល​មាន​សង្គ្រាម​ត្រ​ជាក់​ផ្ទុះ​ឡើង ​ជា​ពិសេស​គឺ​ក្នុង​ពេលដែល​មាន​ការ​ត​ស៊ូ​យ៉ាង​ប្តូរ​ផ្តាច់​រវាង​លទ្ធិ​សង្គម​និយម និង​មូល​ធន​និយម​ ក៏​ដូច​​ជា​ការ​ត​ស៊ូ​រ​វាង​បណ្តាប្រទេស​ដែល​រង​គ្រោះ​ដោយ​សារ​ការ​កាន់កាប់​របស់​ពួក​អា​ណា​និគម​​​​ និង​ប្រទេស​ចក្រ​ពត្តិ​និយម។

ប្រទេស​ទាំង​បី​ឡាវ​-កម្ពុជា-​វៀត​ណាម ​ជា​ប្រទេស​នៅ​ជ្រោយ​ឥ​ណ្ឌូ​ចិន​ ក្រោម​អា​ណា​និ​គម របស់​បារាំង ដែល​ប្រជា​ជន​ប្រទេស​ទាំងបី​ក៏​ធ្លាប់ ទទួល​​រង​គ្រោះដោយ​សារ​ការ​ជិះ​ជាន់​សង្កត់​សង្កិន​ កេង​ប្រវ័ញ្ចយ៉ាង​ធ្ងន់​ធ្ងរ​ និងយូរ​អង្វែង​ ដែល​ជាមូល​ហេតុ​​នាំ​ឱ្យ​ប្រជា​ជន​ទាំង​នោះ​មាន​ការ​ប្រ​មូល​ផ្តុំ​ម​ហា​សាម​គ្គី​ជា​ធ្លុង​​មួយ ដើម្បីធ្វើ​ចលនា​ក្រោក​ឡើង​ត​ស៊ូរើ​បំ​រះ​រំដោះ​ខ្លួន​ចេញ​ផុត​ពី​ភាព​​ជាទាស​ករ ខ្ញុំ​គេ​ឱ្យ​អាណា​និគម​បារាំង។ ហើយ​ជាទី​បំផុត​ប្រ​ទេស​ទាំង​បី ឡាវ-​កម្ពុជា-វៀត​ណាម ក៏​បាន​ចង​សម្ព័ន្ធ​ភាព​ក្នុង​ឆ្នាំ​១៩៥១ ក្នុង​គោល​ដៅ​រឹត​ចំ​ណង​​​សាមគ្គីប្រទេស​​ទាំង​បី​ដើម្បី​ទប់​ទល់​ការ​ជ្រៀត​​ជ្រែក​ឈ្លានពាន​របស់​ពួក​ចក្រ​ពត្តិ​មក​លើ​ឥណ្ឌូ​ចិន។ ជា​ពិសេស​យើង​បានស្មាកៀក​ស្មា​មោះ​មុត​តស៊ូ​បណ្តេញ​ពួក​អា​ណា​និ​គមបា​រាំង​ ឱ្យបរា​ជ័យ​នៅ​សមរភូមិដៀន​បៀន​ភូ ក្នុង​ឆ្នាំ​១៩៥៤ ដែល​ជា​មូល​ហេតុ​នាំឱ្យ​មាន​កិច្ច​ព្រ​ម​ព្រៀងក្រុង​ស៊ឺ​ណែវ ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​១៩៥៤​ អំ​ពីការទទួល​ស្គាល់​យ៉ាង​ពេញ​លេញឯក​រាជ្យ អធិប​តេយ្យ​ និង​បូរណ​ភាពទឹក​ដី​នៃ​ប្រទេស​ទាំង​បី​នៅ​ជ្រោយ​ឥណ្ឌូ​ចិន។

ទោះ​បី​ជា​ប្រទេស​ឡាវ និង​កម្ពុជាទើប​នឹង​ទទួល​ឯក​រាជ​្យ​ពី​បា​រាំង​ក្នុង​ឆ្នាំ ១៩៥៤ ក៏ពិត​មែន​ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​ក៏​បាន​គោ​រព​ឯក​រាជ្យភាព​គ្នាទៅ​វិញ​ទៅ​មក ហើយ​ក៏​សម្រេច​ចិត្តបង្កើត​ទំនាក់​ទំនង​​ការ​ទូត​ជាមួយ​គ្នានៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា​ ឆ្នាំ​១៩៥៦ ដើម្បី​ជា​ការ​បង្កើន​កិច្ច​សហ​ប្រ​តិបត្តិ​ការ​ និង​ជា​កម្លាំង​ស្នូល​សម្រាប់​ការ​បន្ត​ភារ​កិច្ច​ត​ស៊ូ​ប្រ​ឆាំង​ការ​ឈ្លាន​ពាន​ពី​ខាង​ក្រៅ។​ ព្រោះ​ថា ក្នុង​ដើម​ឆ្នាំ​១​៩៥៥ ចក្រ​ពត្តិអា​មេ​រិក និង​ពួក​អាណា​និគមថ្មី បាន​លួច​ជ្រៀត​​ចូល​ជំនួស​​កន្លែង​របស់​អាណា​និគមបារាំង​ ដើម្បី​បង្ក្រាប​​ចលនា​ត​ស៊ូ​​ស្រប​ច្បាប់របស់​ប្រជា​ជន​ឥណ្ឌូ​ចិន និយាយ​ដោយ​ឡែក​ គឺ​នៅ​ប្រទេស​ឡាវ​ និង​វៀត​ណាម រីឯ​ប្រទេស​កម្ពុជា​​រហូត​ដល់​ឆ្នាំ​១៩៧០ គឺ​មានភាព​រី​ក​ចំ​រើន​រហូត​ទទួល​​កិត្តិ​នាម​ថា​ ជា ប៉ារី​សទី​ពីរ។ ប៉ុន្តែ​គួ​រ​អនិច្ចារ​ក្រោយ​ពី​​សេនា​ប្រ​មុខ​លន់ នល់ បាន​ធ្វើ​រដ្ឋ​ប្រហា​​រផ្តួល​រំ​លំ​​ទម្លាក់​​សម្តេច​​ព្រះនរោ​ត្តម​សីហនុ ក្នុង​ឆ្នាំ១៩៧០ ប្រ​ទេស​កម្ពុជា​មាន​ការ​ប្រែ​ប្រួល​ឈាន​ចូល​ក្នុង​ដំណាក់​កាលនៃ​ភ្នក់​ភ្លើង​សង្គ្រាម​ឥណ្ឌូ​ចិន​ជា​លើក​ទី​ពីរ​យ៉ាង​ពេញ​ទី​ទៅ​វិញ។​

ចាប់​តាំង​​ពី​គ្រា​នោះ​មក​ ​​ប្រ​ជា​ជាតិ​ប្រទេស​ទាំង​​បី​បាន​ចាប់ផ្តើម​ពង្រឹង​ ពង្រីក​នូវ​ទំនាក់​ទំនង​សាមគ្គី​ភាព​ដើម្បីតស៊ូ​ប្រ​ឆាំង​ និង​ទប់​ទល់​​ការ​ឈ្លាន​ពាន​​រហូត​ទទួល​បាន​ជោគ​ជ័យ​​លើ​ពួក​អាណា​និគម​ថ្មី និង​ចក្រ​ពត្តិ​និយម​រំដោះ​​ប្រទេស​ជាតិ​​រៀងៗ​ខ្លួន​ជា​ស្ថាពរ​ក្នុងឆ្នាំ​១៩៧៥ ។ ប៉ុន្តែ​​ផ្ទុយ​ទៅ​​វិញ ​​ប្រទេស​កម្ពុជា​បាន​ធ្លាក់​​ចូល​​​ក្នុង​​របប​​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត លុះ​​ដល់​ឆ្នាំ​១៩៧៩ ទើប​មាន​ចលនា​​រណ​សិរ្យ​សាម​គ្គី​សង្គ្រោះ​ស្នេ​ហា​ជាតិ​កម្ពុជា​គាំទ្រ​ដោយ​កង​ទ័ព​ស្ម័គ្រ​​ចិត្ត​វៀត​ណាម​បាន​ធ្វើ​ការ​វាយ​​ផ្តួល​រំលំ​របប​ដ៏​ឃោរ​ឃៅ​កាច​សា​ហាវ​​ព្រៃ​ផ្សៃ​​រហូត​ទទួល​បាន​ជោគ​ជ័យ​។ ទោះ​បីក្នុង​កាលៈទេសៈ​ណាក៏ដោយ​ ប្រ​ជា​ជន​នៃ​ប្រទេស​យើង​ទាំងបី​ពុំ​អាច​កាត់​ផ្តាច់​ពី​គ្នា​បាន​ទេ​ ហើយ​ក្នុង​ស្ថានការណ៍​​ឥឡូវ​នេះ​ វាកាន់​តែ​ទាម​ទារឱ្យ​ប្រទេស​យើង​ទាំងបី​ត្រូវ​តែ​ពង្រឹង​ និង​ពង្រីក​នូវ​ទំនាក់​ទំនង​មិត្តភាព​សាម​គ្គីភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឧ​បត្ថម្ភ​គ្នា​ទៅ​វិញ​ទៅមក​ថែមទៀត៕