ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​​ក្រី​ក្រ​​​រក​ព្រឹក​​ខ្វះ​ល្ងាច​​​រង​ទុក្ខ​​​រស់​នៅ​​ក្នុង​ភាព​​ស្រេក​ឃ្លាន​​ឈឺ​រង់​ចាំ​​ស្លា.ប់​

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ទឹកហូររេញៗប្រៀបដូច​ជា​ញើស បានហូរជ្រាបចេញពីជើងបុរស​ម្នាក់​ដែលដេកនៅតែលើអង្រឹងដោយមាន​ពោះ​ប៉ោ​ង​ធំ​ និង​ជើងហើម​​ប្រៀប​បី​ដូចជាស្រ្តី​មាន​ផ្ទៃពោះ​ហៀប​នឹងសម្រាល​កូន ដោយសារកើតជំងឺ​ទាច​ទឹក។ អ្នកស្រី ភូ មុំ អាយុ​៥២​ឆ្នាំ មានទីលំនៅ​ក្រុម​ទី​៤៨ (ខាងកើតស្ពានទឹកសាប) ភូមិស្មាច់​ដែង ឃុំរាម ស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ ទឹកហូររេញៗប្រៀបដូច​ជា​ញើស បានហូរជ្រាបចេញពីជើងបុរស​ម្នាក់​ដែលដេកនៅតែលើអង្រឹងដោយមាន​ពោះ​ប៉ោ​ង​ធំ​ និង​ជើងហើម​​ប្រៀប​បី​ដូចជាស្រ្តី​មាន​ផ្ទៃពោះ​ហៀប​នឹងសម្រាល​កូន ដោយសារកើតជំងឺ​ទាច​ទឹក។

អ្នកស្រី ភូ មុំ អាយុ​៥២​ឆ្នាំ មានទីលំនៅ​ក្រុម​ទី​៤៨ (ខាងកើតស្ពានទឹកសាប) ភូមិស្មាច់​ដែង ឃុំរាម ស្រុកព្រៃនប់ ប្តី​ឈ្មោះ​ឃី ឈុច អាយុ​៥៥​ឆ្នាំ មុខរបរដើរកាប់អុសលក់ ដែល​ត្រូវ​ជា​ឪពុក​​ម្តាយ​បុរស​កើត​​ទាច​ទឹក​នេះ បាន​និយាយ​រៀប​រាប់ទាំងទឹកមុខក្រៀមក្រំថា ​គាត់​មាន​កូន​ចំនួន​១០នាក់ (ស្រី​៥​នាក់ ប្រុស​៥​នាក់) ​ហើយ​កូនប្រុសដែល​កើតជំងឺ​ទាចទឹកនេះ​ឈ្មោះ​ឃី ណែត អាយុ៣៤ឆ្នាំ ជា​កូន​ទី២ ។ ​កូន​ប្រុស​នេះ​មាន​​ប្រពន្ធ​ឈ្មោះ​ដាំ យ៉េន អាយុ​២៦ឆ្នាំ មាន​កូន​ស្រី​ម្នាក់​​ឈ្មោះ​ឃី ស្រីលឹម អាយុ២ឆ្នាំ តែបច្ចុ​ប្បន្ន​បែក​បាក់​​គ្នា​ហើយ ព្រោះតែកូនប្រុសគាត់​មាន​ជំងឺមិន​អាច​ព្យាបាលបាន។

អង្គុយលើគ្រែក្រោមម្លប់​​ខ្នុរក្បែរកូនផ្ទះ​ដ៏​​កំសត់​ដែលសព្វថ្ងៃសុំដីគេ​ស្នាក់​នៅ អ្នកស្រីភូ មុំ​បាន​បន្ត​ទាំង​ទឹកភ្នែករលីងរលោង​ថា មួយ​ជីវិត​របស់គាត់នេះពុំដែលបាន​ស្គាល់ពាក្យ​ថា មាន​ទេ គឺ​ស្គាល់តែពាក្យថាក្រ ​និង​លំបាក ហើយ​ឥឡូវ​នេះ​មិន​ត្រឹមតែក្រទេ វា​ថែម​ទាំង​​ទាល់​ច្រក​ទៀត​ផង​ ព្រោះតែកូនប្រុសទី២ កើតជំងឺទាច​ទឹក​អស់​រយៈពេល៨​ខែមកហើយ ដោយមានអាការ​ពោះ​ឡើងធំ​ ជើង​ហើមដើរលែងរួច រហូតឥឡូវនេះ​ហើម​​ឡើង​ចេញទឹកទៀតផង។ អ្នកស្រីចង់ព្យា​បាល​​កូន​ប្រុស​​ណាស់ តែគ្មានលទ្ធភាព ព្រោះ​សព្វ​ថ្ងៃ​នេះ គឺសង្ឃឹមតែលើប្តី​រកស៊ីកាប់អុស​បន្តិច​​បន្តួច​លក់យកប្រាក់​​មក​ចឹញ្ចឹម​គ្រួសារ​ដែល​មាន​សមា​ជិក​ រហូត​​ដល់​១៣​នាក់។

ឆ្លៀតឱកាសបានជួបអ្នកសារព័ត៌​មាន អ្នក​ស្រី​បាន​លើកម្រាមដៃ​ដប់ សូមក្តីសន្តោសពីអស់​លោក លោកស្រី ​ជា​សប្បុរសជនដែលមានចិត្ត​​មេត្តាករុណា​ ជាពិសេសសម្តច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង​លោក​ជំទាវ​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​​ជានិច្ច​​កាលសម្តេចនិងលោកជំទាវ​តែង​តែ​យក​ចិត្តទុកដាក់ជួយដល់ប្រជាពល​រដ្ឋ​​ក្រីក្រនៅ​ពេល​ជួប​ទុក្ខលំបាក។ ហេតុនេះហើយ ​អ្នក​ស្រី​សូមក្តី​មេត្តា​សន្តោសពីសម្តេច និងលោកជំទាវ និង​អស់​លោក លោកស្រី​ មេត្តាជួយដល់ក្រុម​គ្រួសារ​​គាត់​ផង ជាពិសេសដល់ជីវិតចុងក្រោយ​របស់​កូន​​ប្រុស​​ដ៏​អភ័ព្វ​ម្នាក់​នេះ​។

លោកហោ ជីនហ៊ី ជំទប់ទី១ឃុំរាម ​មាន​ប្រសាសន៍​ថា ក្រុមគ្រួសារមួយនេះពិតជាក្រីក្រ​លំបាក រកព្រឹកខ្វះល្ងាច​រក​ល្ងាច​ខ្វះ​ព្រឹក​ពិត​ប្រាកដ​មែន ដោយ​សារនៅក្នុង​បន្ទុកគ្រួសារ​មាន​សមា​ជិកច្រើន​រហូតដល់១៣នាក់។ នៅ​ក្នុង​ក្រុម​គ្រួសារ នេះ ពុំមានមុខរបរ​អ្វី​ជាដុំកំភួនទេ គឺប្រកប​របរតែ កាប់អុសបន្តិចបន្តួចសម្រាប់​ចិញ្ចឹម​ជីវិតប៉ុណ្ណោះ ហើយក្នុងនាម​រូបគាត់ជា​អាជ្ញាធរ​ដែន​ដីកំពុងស្វះ ស្វែងរកការជួយឧបត្ថម្ភ​ពីគ្រប់​មជ្ឈ​ដ្ឋានដើម្បីជួយ ដល់ក្រុមគ្រួសាររបស់​អ្នក​ស្រី ភូ មុំ នេះដែរ ។

ដោយឡែក​លោក​ហែម ឃឿន អាយុ​៤០​ឆ្នាំ ជាអ្នកជិតខាង​បាន​និយាយ​ថា សព្វថ្ងៃនេះ រូប​គាត់​ក៏មានការអាណិត​អាសូរក្រុម​គ្រួសារ នេះដែរ តែ​ដោយ​សារ​ជីវភាពគ្រួសាររបស់ គាត់ក៏ខ្វះខាត ទើប​បា​នត្រឹមតែ​អាណិត និងសូមចូលរួមអំពាវ​នាវ​ដល់អស់​លោក លោកស្រី និង​អង្គការនានា ដែលមាន​ធម៌សប្បុរស​ទាំងក្នុង​និង​ក្រៅប្រទេស​ មេត្តា​ជួយ​ដល់ក្រុមគ្រួសារមួយនេះដែល​កំពុង​ជួប​ការ​លំបាករកព្រឹកខ្វះល្ងាច​រក​ល្ងាច​ខ្វះ​ព្រឹក​នេះឱ្យចាកផុត​​ពី​ទុក្ខ​លំបាកនេះផង៕